រាជធានីភ្នំពេញ ៖ ថ្ងៃទី២៣ តុលា ១៩៩១ ជាថ្ងៃប្រវត្តិសាស្ត្រដែលកូនខ្មែរមិនត្រូវភ្លេច និងត្រូវស្វែងយល់រៀនសូត្រដកបទពិសោធន៍អំពីរឿងរ៉ាងកើតឡើងកន្លងមក ដើម្បីបញ្ជៀសមហន្តរាយដែលអាចកើតឡើងជាថ្មី ។ នេះបើតាមលោក សាម អ៊ីនអ្នក នយោ បាយកណ្តាលមិនប្រើហិង្សារបស់គណបក្សប្រជាជាធិបតេយ្យមូលដ្ឋាន ។
លោកសាម អ៊ីន បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា ក្នុងកំឡុងឆ្នាំ ១៩៦០ ក្រោយទទួលបានឯករាជ្យពីបារាំងមិនដល់១០ឆ្នាំផង ខ្មែរចាប់ផ្តើមកកើត ឬរីកធំធាត់ នូវក្រុមនយោបាយផ្សេងៗដែលមានទស្សនៈនយោបាយផ្សេងៗគ្នា ។ ជម្លោះទស្សនៈន យោបាយក៏បានកកើតក្លាយទៅជាភាពជាសត្រូវរវាងខ្មែរគ្នាឯង ។
អ្នកមានទស្សនៈសេរី និងស្តាំនិយម (ខ្មែរខៀវ) ដូចជា លោក ព្រាប អ៊ិន ត្រូវបានគេចោទថា ក្បត់ជាតិ និងត្រូវបានប្រហារជីវិត ។ ក្រុមឆ្វេងនិយមជ្រុល(ខ្មែរក្រហម) មានដូចជា លោក ខៀវ សំផន ហ៊ូ យុន ហ៊ូ នឹម ជាដើមបានរត់ភាសខ្លួនចូលព្រៃតស៊ូ ។ នៅជិតខាងខ្មែរសង្គ្រាមវៀតណាមកំពុងឆាបឆេះ ហើយភាគីធ្វើសង្គ្រាមមានពួកយៀកកុង(យួនកុម្មុយនីស្ត) ដោយមានចិន និងសូវៀតនៅគាំទ្រពីក្រោយ និងពួកធៀវគី(យួនសេរី) ដែលមានអាមេរិកគាំទ្រ ។ ភាគីនីមួយៗបានព្យាយាមទាញខ្មែរឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយគេ ។ គេក៏ចាប់ផ្តើមទាញភាគីជម្លោះនយោបាយខ្មែរនីមួយៗរៀងៗខ្លួន ដោយមធ្យោបាយផ្សេងៗ ។ លោកបន្តថា នៅថ្ងៃទី១៨ មិនា ១៩៧០ សម្តេចឪ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ ត្រូវបានគេទម្លាក់ពីអំណាច ។ ចាប់ពីពេលនោះមក សង្គ្រាមវៀតណាមក៏បានឆាបឆេះរាលដាលដល់ខ្មែរ ហើយក៏បានបន្តក្លាយជាសង្គ្រាមស៊ីវិលរាំរ៉ៃក្នុងស្រុកយើងរហូតដល់ចុងទសវត្ស១៩៨០ ។
ជាលទ្ធផល ប្រជាពលរដ្ឋខ្មែរមិនតិចជាង ២លាននាក់ទេ ដែលស្លាប់បាត់បង់ជីវិតដោយខ្លោចផ្សារ និងគួរឱ្យសោកសង្រេង ។ ដោយសម្លឹងឃើញសោកនាសកម្មដ៏ព្រៃផ្សៃ និងធ្ងន់ធ្ងរដែលប្រជាពលរដ្ឋខ្មែរទទួលរងពីជម្លោះនយោបាយ និងសង្គ្រាម ហើយយល់ថា ភាគីជម្លោះនយោបាយខ្មែរមិនអាចដោះស្រាយដោយខ្លួនឯងបានសហគមន៍អន្តរជាតិក៏លូកដៃជួយអន្តរាគមន៍ ដើម្បីពន្លត់សង្គ្រាមស៊ីវិលស្តារ និងកសាងកម្ពុជាឡើងវិញ ធានាការពារអធិបតេយ្យ និងបូរណភាពដែនដីខ្មែរ និងជួយជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្សនិងប្រតិបត្តិរបបនយោបាយប្រជាធិបតេយ្យសិរីពហុបក្ស ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក៏បានចាប់កំណើតឡើង ។ លោកបញ្ជាក់ថា ៖«បច្ចុប្បន្ន យើងមានសន្តិភាពពេញផ្ទៃប្រទេសហើយយើងបានខិតខំកសាងស្រុកយើងបានល្មមគួរសមដែរ ។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ត គឺការខំប្រឹង ពង្រឹងការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ។
អ្នកដឹកនាំនយោបាយខ្មែរមិនត្រូវរុញឱ្យជម្លោះទស្សនៈនយោបាយជម្លោះគោលនយោបាយក្លាយជាជម្លោះ នៃភាពជាសត្រូវនឹងគ្នារវាងខ្មែរ និងខ្មែរទេ ។ ការនេះនឹងធ្វើឱ្យមានហានិភ័យជាថ្មី ដូចក្នុងកំឡុងឆ្នាំ១៩៦០ ដែលបញ្ហាខាងក្រៅដូចជា ជម្លោះសមុទ្រចិនខាងត្បូងអាចជ្រាបចូលស្រុកខ្មែរហើយបង្កទៅជារងើកភ្លើងសង្គ្រាមស៊ីវិលឡើងវិញ ។
អ្នកដឹកនាំនយោបាយខ្មែរត្រូវរៀនទាស់គំនិត ទាស់ទស្សនៈនយោបាយគ្នាក្នុងក្របខណ្ឌគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនត្រូវចាត់ទុកគ្នាជាសត្រូវត្រូវកម្ទេច ត្រូវបំផ្លាញ ប៉ុន្តែត្រឹមជាដៃគូរប្រកួត ប្រជែងគ្នាយកអំណាច ដើម្បីដឹកនាំជាតិ និងបម្រើប្រជាជនឱ្យល្អជាងមុន» ។
លោកបន្ថែមថា ដើម្បីធ្វើរឿងនេះបានយើងត្រូវចាប់ផ្តើមឈប់ប្រើភាសានយោបាយ ជេរ និងចោទគ្នាថា ក្បត់ជាតិ អាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ ។ យើងមិនអាចគ្រប់គ្រង និងឃាត់បរទេសមិនឱ្យលូកដៃក្នុងរឿងខ្មែរបានទេ តែយើងអាចគ្រប់គ្រងសំដីទង្វើ និងការគិតរបស់យើងបានពីព្រោះយើងជាពូជអ្នកសាងអង្គរ ៕
ចែករំលែកព័តមាននេះ