ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ខណៈការប្រមូលផ្តុំដើម្បីទម្លាក់រដ្ឋាភិបាលបានរីករាលដាលពាសពេញផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ប្រាយុធចានអូចា ហាក់បីដូចជាបានបន្ធូរដៃ និងថយមួយជំហានលើជំហរប្រឆាំងនឹងក្រុមបាតុករ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីបានទទួលស្គាល់សិទ្ធិក្នុងការតវ៉ា ប៉ុន្តែបាននិយាយថាការធ្វើបាតុកម្មត្រូវតែធ្វើឡើងស្របតាមច្បាប់។
អ្នកនាំពាក្យរូបនេះបានដកស្រង់សម្តីលោកថា៖ «រដ្ឋាភិបាលមានឆន្ទៈស្តាប់រាល់បញ្ហារបស់មនុស្សគ្រប់គ្នា ហើយបន្តដោះស្រាយបញ្ហានៅគ្រប់ផ្នែកទាំងអស់»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហាក់បីដូចជា ស្តាប់ទៅស្រាលជាងកាលពីថ្ងៃសៅរ៍ ដែលលោកបានព្រមានប្រជាជនមិនឱ្យចូលរួមការប្រមូលផ្តុំបាតុកម្ម។
លោកនាយករដ្ឋមន្ត្រីបានរងនូវការតវ៉ាកាន់តែខ្លាំង ក្រោយប៉ូលិសបានទប់ទល់នឹងក្រុមបាតុករដោយហិង្សា នៅផ្លូវប្រសព្វ Pathumwan កាលពីថ្ងៃសុក្រ ដោយបាញ់ទឹកទៅលើក្រុមអ្នកតវ៉ាសន្តិភាព។
ការបង្ក្រាបបាតុកររបស់រដ្ឋាភិបាល ហាក់ដូចជាធ្វើឱ្យមានការតវ៉ាកាន់តែខ្លាំងនៅទីក្រុងបាងកកនិងខេត្តដទៃទៀត។ ជាមួយនឹងមេដឹកនាំបាតុកម្មប្រមាណ ២០នាក់ត្រូវបានចាប់ខ្លួន ក្រុមអ្នករៀបចំបានប្តូរទៅជាការតវ៉ាដោយគ្មានមេដឹកនាំ ហើយក្រោកឈរឡើងកាន់តែខ្លាំងជាងមុន។
កាលពីថ្ងៃអាទិត្យការតវ៉ាបានផ្ទុះឡើងនៅទីតាំងប្រមាណ ២០កន្លែង នៅតាមខេត្តក្រៅទីក្រុងបាងកក។ នៅវិមានជ័យជំនះ និង ស្ថានីយរថភ្លើងអាសុក គឺជាទីតាំងសំខាន់នៅក្នុងរាជធានី៕ដកស្រង់ចេញពីវេបសាយ ៖ bangkokpost
ចែករំលែកព័តមាននេះ