ឡុង សាលវ័ន្ត មិនខ្វល់អ្នកសើចយំនឹងស្ថានភាពយ៉ាប់យ៉ឺនរបស់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើគិតពីស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីតកីឡាករល្បីឈ្មោះ លោក ឡុង សាលវ័ន្ត មិនគួរបន្តធ្វើការងារជាសន្តិសុខនៅពេលយប់នោះទេ…
រាជធានីភ្នំពេញ ៖ បើគិតពីស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីតកីឡាករល្បីឈ្មោះ លោក ឡុង សាលវ័ន្ត មិនគួរបន្តធ្វើការងារជាសន្តិសុខនៅពេលយប់នោះទេ…
រាជធានីភ្នំពេញ ៖ បើគិតពីស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីតកីឡាករល្បីឈ្មោះ លោក ឡុង សាលវ័ន្ត មិនគួរបន្តធ្វើការងារជាសន្តិសុខនៅពេលយប់នោះទេ ដោយសារតែការងារនោះ គឺមានមនុស្សមិនតិចនាក់ទេដែលសើចយំ និង យល់ថា គឺជាការងារមិនសក្តិសមនឹងតម្លៃរបស់លោកនៅក្នុងតួនាទីជាគ្រូបង្វឹកកីឡាករជម្រើសជាតិនាពេលបច្ចុប្បន្ន ។ ប៉ុន្តែលោកបែរជាប្រកាសថា លោកទទួលស្គាល់ពីជីវភាពលំបាករបស់ខ្លួន ដូច្នេះបើទោះជាការងារធ្វើសន្តិសុខពេលយប់ ធ្វើឱ្យលោកបាត់បង់នូវការឱ្យតម្លៃពីមនុស្សមួយចំនួន ក៏លោកនៅតែធ្វើ ដោយសារតែតម្រូវការនៅក្នុងគ្រួសារ មិនអាចឱ្យលោកបាត់ចំណូលពីការងារនេះបាន។
លោក ឡុង សាលវ័ន្ត និយាយថា រាល់ថ្ងៃដ្បិតថាក្លិបប្រដាល់របស់លោកដែលស្ថិតនៅម្ដុំភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ គឺជាដីផ្ទាល់ខ្លួន ប៉ុន្តែស្ថានភាពក្នុងការគ្រប់គ្រងចរន្តក្លិបទាំងមូល គឺមានការលំបាកខ្លាំង ជាពិសេសក្នុងការរកលុយមកផ្គត់ផ្គង់កូនសិស្សទាំង១៥នាក់ ដែលរស់នៅជាប្រចាំ បើទោះជាកូនសិស្សខ្លះបានជួយអង្ករ និងថវិកាក្នុងពេលចូលហាត់ដំបូងៗក្ដី ។
លោកថា រាល់ថ្ងៃលោកត្រូវប្រឹងប្រែងរកលុយពីការងារសន្តិសុខពេលយប់ប្រចាំនៅក្រុមហ៊ុនលក់រថយន្តមួយកន្លែងដែលបានប្រាក់ខែ២០០ដុល្លារ និងការងារធ្វើជាគណៈកម្មការផ្ដល់ពិន្ទុនៅតាមសង្វៀននានា ដើម្បីយកមកចិញ្ចឹមគ្រួសារ និង កូនសិស្សទាំង១៥នាក់ ដោយពេលខ្លះគឺមិនហ៊ានឈឺ និងមិនហ៊ានសម្រាកនោះផង ដោយសារតែខ្លាចកូនសិស្សដាច់បាយ និងខ្លាចក្លិបត្រូវបះជើង។ ប៉ុន្តែលោកមិនត្អូញត្អែរទេ បើទោះជាក្នុងពេលខ្លះ លោកចង់រត់ចោលនៅពេលមានបញ្ហាហិរញ្ញវត្ថុម្ដងៗ ។
លោកនិយាយថា«រាល់ថ្ងៃខ្ញុំមានកូន៤នាក់ប្រុស១ស្រី៣ សុទ្ធតែនៅពេញរៀន និងអត់ទាន់ធ្វើការអីកើតទេ ហើយខ្ញុំត្រូវរ៉ាប់រងកូនសិស្សក្នុងក្លិប១៥នាក់ទៀតហើយបើនិយាយពីរឿងលំបាកគឺមហាលំបាក ព្រោះយូរម្ដងៗទើបមានគេជួយអង្ករ១បេឬ២បេ និងលុយ១០០ដុល្លារជាដើម ។
អ៊ីចឹងបើខ្ញុំទោរទន់មិនប្រឹងកូនសិស្សខ្ញុំនឹងអត់បាយមិនខាន»។ លោកបន្តថា ការងារសន្តិសុខរាល់ថ្ងៃ មានមនុស្សមិនតិចមិនសូវឱ្យតម្លៃ តែលោកមិនខ្វល់ ដោយលោកប្រកាសថា បើទោះជាមានអ្នកណាមិនរាប់ អ្នកណាមិនល្អជាមួយ តែលោកពេញចិត្ត ដោយមិនឈប់ហើយសុខចិត្តបាត់ចំណូល២០០ដុល្លារ តាមសម្ដីរបស់អ្នកណានោះទេ ។ លោកបន្តថា លោកគឺជាអ្នកវេទនានិងជាអ្នកតស៊ូមួយរូបដើម្បីជម្នះភាពក្រ ព្រោះក្រៅពីលោកមិនអាចតស៊ូធ្វើជាសន្តិសុខពេលយប់បានច្រើនឆ្នាំដូចពេលនេះទេ បើធៀបនឹងអតីតកាលដែលធ្លាប់ជាកីឡាករល្បីឈ្មោះ និងក្រោយពីបានក្លាយជាប្រធានក្លិបប្រដាល់មួយរូបនោះ។
លោកយល់ឃើញថា ខ្លួនតស៊ូបុ៉នហ្នឹងហើយ នៅតែរកជោគជ័យមិនឃើញនោះផង ។ លោកបន្តថា រាល់ថ្ងៃមិនមែនលំបាកតែរឿងជីវភាពប៉ុណ្ណោះទេ លោកក៏ខ្វាយខ្វល់ណាស់ដែរពាក់ព័ន្ធនឹងការស្វះស្វែងឱ្យកូនសិស្សបានឡើងប្រដាល់គ្រាន់បានលុយនោះផង ខណៈដែលជារៀងរាល់ខែលោកថាមានតែកីឡាករ៥រូបប៉ុណ្ណោះ ដែលត្រូវបានប៉ុស្តិ៍ទូរទស្សន៍ឱ្យឡើងប្រកួត ធ្វើឱ្យលោកពិបាកលៃលកឱ្យកីឡាករមានទីផ្សារប្រកួតគ្រប់គ្នា ។
លោកនិយាយថា «រាល់ថ្ងៃអាជីវភាពវាលំបាកហើយ ប៉ុន្តែលំបាកមួយទៀតគឺកីឡាករ ព្រោះមួយខែគេឱ្យយើងដាក់កីឡាករបានតែ៥នាក់ទេឡើងវ៉ៃ ក្នុងពេលកីឡាករយើងមានដល់១៥នាក់ ។ មានអ្នកខ្លះត្រូវទៅស្រុក ដោយសាររកលុយអត់បាន ត្រង់ហ្នឹងហើយដែលខ្ញុំថាលំបាក»។
លោក ឡុង សាលវ័ន្ត បន្តទៀតថា រាល់ថ្ងៃលោកសម្រាកបានតិចណាស់ដោយសារតែត្រូវទទួលបន្ទុកធំ ។ ពេលថ្ងៃហាត់ប្រាណខ្លួនឯងផងកុំឱ្យឆាប់ហត់ពេលបង្វឹកសិស្ស ត្រូវទៅបង្ហាត់សិស្សជម្រើសជាតិផង ត្រូវបង្ហាត់សិស្សក្នុងក្លិបផង ពោលគឺសម្រាកបានតែមួយស្របក់ៗប៉ុណ្ណោះ ក៏ត្រូវទៅធ្វើសន្តិសុខនៅក្នុងក្រុមហ៊ុនលក់រថយន្តមួយដល់ភ្លឺ ដើម្បីប្រាក់ខែទៀត។
ក្នុងវ័យ៤៨ឆ្នាំនៅក្នុងពេលនេះ លោកថាខ្លួនក៏មិនសូវរឹងមាំដូចមុននោះដែរ ពិសេសគឺភ្នែកមិនសូវមើលបានឆ្ងាយ និងចាញ់ពេលយប់ ទើបទោះជាចង់ប្ដូររបរមករត់កង់បី ក៏មិនអាចនោះដែរ។
គួរបញ្ជាក់ផងដែរថា លោក ឡុង សាលវ័ន្ត កើតនៅក្នុងត្រកូលកសិករ ដែលមានស្រុកកំណើតនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកជាកូនកំព្រាឪពុក និងបានសម្រេចចិត្តមកហ្វឹកហាត់នៅភ្នំពេញ ដោយប្រើជីវិតផ្សងព្រេង ។
លោកហ្វឹកហាត់ជាមួយក្លិបប្រដាល់ក្រសួងមហាផ្ទៃជាមួយលោកគ្រូ មាស សុគ្រី និងលោកគ្រូទិត្យ ម៉ៃទី ហើយជាភ័ព្វសំណាងលោកតែងតែដណ្តើមបានជ័យលាភីពានរង្វាន់ជាបន្តបន្ទាប់ ដោយបានចំណាត់ថ្នាក់លេខ១ លេខ២ ជាហូរហែ ។ អ្វីដែលលោកចងចាំមិនភ្លេចនោះគឺការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១ជាមួយកីឡាករ អេ ភូថង នាឆ្នាំ១៩៩៧ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១ ។
លោក ឡុង សាលវ័ន្ត ពេលនោះបានរងរបួសបាក់ដៃឆ្វេង តាំងតែទឹកទី៣ ហើយតស៊ូបន្តការប្រកួត ដោយ យកដៃស្តាំលើកយួរវ៉ៃបន្តរហូតដល់ទឹកទី៥ លើកដៃលែងរួច ទើបអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។
ស្ថិតនៅក្នុងវ័យ៤៨ឆ្នាំ លោកគ្រូ ឡុង សាលវ័ន្តបានរៀបរាប់ទៀតថា ឆ្លងកាត់ការតស៊ូ២២ឆ្នាំចុងក្រោយនេះ លោកថាបានជួបអស់ហើយ មិនថាត្រជាក់ក្តី ក្តៅរងារក្តី ដោយត្រូវធ្វើជាប្រធានក្លិបផង គ្រូបង្វឹកផង កីឡាករផង ពោលគឺធ្លាប់ឆ្លងកាត់គ្រប់រសជាតិ ឈឺក៏ឈឺ សប្បាយក៏សប្បាយ ហត់ក៏ហត់ដែរ សម្រាប់ជំនាញកីឡាប្រដាល់គុនខ្មែរនេះ។
លោក ឡុង សាលវ័ន្ត បន្តថា មកទល់មកនេះ លោកកាន់តែសប្បាយចិត្តនឹងការងារជាគ្រូបង្វឹក ជាពិសេសគឺបន្ទាប់ពីត្រូវបានសហព័ន្ធ និងក្រសួងជ្រើសឱ្យលោកធ្វើជាគ្រូបង្វឹកកីឡាករជម្រើសជាតិ នៅក្នុងអាណត្តិថ្មី ដោយលោកប្រកាសថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញកីឡាករជម្រើសជាតិកម្ពុជាឱ្យមានការឈានឡើង និងបានឈ្នះមេដាយកាន់តែច្រើនបន្ថែមទៀត ។ លោកសំណូមពរឱ្យយុវជននានាចូលរួមហ្វឹកហាត់ឱ្យបានច្រើនកុះករ ដើម្បីសុខភាពផង និងដើម្បីការប្រកួតរកលុយដោះស្រាយជីវភាពផង ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមតទៅថ្ងៃអនាគត ជាពិសេសគឺគោលដៅដ៏ធំធេង ដែលប្រទេសកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ។
ជាចុងក្រោយលោកក៏បានសំណូមពរដល់មហាជននានាដែលស្រឡាញ់ប្រភេទកីឡាប្រដាល់គុនខ្មែរ សូមជួយគាំទ្រលើកទឹកចិត្តជ្រោមជ្រែងជាសម្ភារ ឬថវិកាដល់កីឡាករ ឬក្លិបដែលមានការខ្វះខាត ទោះតិចក្តី ច្រើនក្តី ដើម្បីជួយជំរុញលើកកម្ពស់វិស័យប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ចែករំលែកព័តមាននេះ