អាមេរិក៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារកូវីដ១៩ ប្រហែលជាមិនត្រូវបានណែនាំសម្រាប់ប្រើប្រាស់លើកុមារទេ នៅពេលដែលផលិតរួចរាល់។
កុមារដែលកម្រមានរោគសញ្ញាធ្ងន់ធ្ងរនៃការឆ្លងកូវីដ១៩ មិនទាន់ត្រូវបានឱ្យធ្វើតេស្តលើការចាក់វ៉ាក់សាំងនៅឡើយទេ។ CDC បាននិយាយថា រហូតមកដល់ពេលនេះការសាកល្បងគ្លីនិកដំបូងបានធ្វើឡើងលើតែមនុស្សពេញវ័យ ដែលមិនមានផ្ទៃពោះប៉ុណ្ណោះ។
ក្រុមហ៊ុន Pfizer Inc បាននិយាយថា ខ្លួននឹងធ្វើតេស្តលើកុមារ ដែលអាចចម្លងកូវីដទៅមនុស្សផ្សេងទៀតបាននិងមានអាយុ១២ឆ្នាំ នៅក្នុងការធ្វើតេស្តសាកល្បងវ៉ាក់សាំងជាងលើកចុងក្រោយ។ ដោយឡែក ក្រុមហ៊ុន AstraZeneca បាននិយាយថា នឹងដាក់បញ្ចូលកុមារដែលមានអាយុពី៥ទៅ១២ឆ្នាំទៅក្នុងការធ្វើតេស្តវ៉ាក់សាំងនៅពេលក្រោយ។
វ៉ាក់សាំងសម្រាប់ការពារកូវីដ១៩ មិនទាន់មាននៅឡើយទេ ប៉ុន្តែក្រុមហ៊ុនមួយចំនួនតូចដូចជា Pfizer និង Moderna Inc កំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងពិសោធន៍របស់ពួកគេ។
CDC ក៏បាននិយាយផងដែរកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងហោចណាស់នឹងត្រូវប្រើក្រោមការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់របស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) ហើយអាចមានការផ្គត់ផ្គង់វ៉ាក់សាំងមានកំណត់ នៅមុនដំណាច់ឆ្នាំ២០២០។
ក្នុងករណីមានការផ្គត់ផ្គង់មានកំណត់ ក្រុមមនុស្សខ្លះអាចត្រូវបានគេណែនាំអោយចាក់វ៉ាក់សាំងការពារកូវីដមុនគេ ខណៈដែលខ្លះទៀតនៅមិនទាន់ឱ្យចាក់នោះទេ៕
ចែករំលែកព័តមាននេះ