រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះកំប៉ុងហ្គាសបានលាន់ឮឡើងនៅក្នុងហាងលក់ស៊ុបគោយីហោ«សមុទ្រខ្មៅ»ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៨ កក្កដា ២០១២ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវ ដែលចូលទៅផឹកស៊ីនៅក្នុងហាងនេះ ។ ទោះជាយ៉ាងណាការផ្ទុះកំប៉ុងហ្គាសនេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ តែបានខ្ទាតទឹកសៀង និងទឹកស៊ុបប្រឡាក់ភ្ញៀវដែលកំពុងអង្គុយផឹកស៊ី លើសពីនេះទៅទៀតភ្ញៀវដែលចូលទៅផឹកស៊ីក្នុងហាងនេះទាំងអស់នាំគ្នាផ្អើល ព្រោះនឹកស្មានថាជាស្នូរផ្ទុះអាវុធ។
តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ គេឃើញកំប៉ុងហ្គាសដែលផ្ទុះនោះខ្ទាតគូទកំប៉ុងចេញបាត់ ដោយសារជាកំប៉ុងចាស់ជ្រុលពេក ។ អ្នកឃើញហេតុការណ៍លាន់មាត់ថា សំណាងល្អហើយដែលបំណែកគូទកំប៉ុងដែលផ្ទុះនោះខ្ទាតទៅអត់ត្រូវមនុស្ស បើត្រូវមនុស្សវិញប្រាកដជាមានអ្នកគ្រោះថ្នាក់មិនខានឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគេសង្កេតឃើញម្ចាស់ហាងមានចរិតព្រងើយកន្តើយមិនសុំទោសភ្ញៀវដែលទៅផឹកស៊ីនោះទេ ទោះបីមានឧប្បត្តិហេតុបែបនេះកើតឡើងក៏ដោយ ។
ចំពោះកំប៉ុងហ្គាសចាស់ៗនេះ គឺតែងតែបង្កគ្រោះថ្នាក់ដល់មនុស្សញឹកញាប់ណាស់ ដូច្នេះគួរតែក្រុមហ៊ុនកំប៉ុងហ្គាសធ្វើការណែនាំដល់អ្នកប្រើប្រាស់ហ្គាសឱ្យដូរកំប៉ុងចាស់ចោលហើយជំនួសមកវិញនូវកំប៉ុងថ្មី ដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ។ ករណីខ្លះអាចបង្កជាគ្រោះអគ្គិភ័យថែមទៀត ដោយសារការផ្ទុះកំប៉ុងហ្គាសចាស់ៗនេះ ៕
ចែករំលែកព័តមាននេះ