រាជធានីភ្នំពេញ ៖ ព្រឹកនេះមានដំណឹងល្អ ដោយបងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជា៣០០នាក់ ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្មបានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ តែនៅមានកម្មករផ្សេងទៀតនៅធ្វើកូដកម្មនៅឡើយ ។
បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះវីដេអូ និងសារនៅព្រឹកថ្ងទី១០ ខែតុលានេះថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ចំនួនជាង៣០០នាក់ បានចូលបម្រើការងារវិញហើយ តែខណៈនៅមានអ្នកផ្សេងទៀត កំពុងតែធ្វើកូដកម្មនៅឡើយ ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែអំពាវនាវដល់កម្មករដែលនៅសេសសល់ សូមបន្តចូលបម្រើការងារវិញ តាមការបង្គាប់របស់ក្រុមបឹក្សាអាជ្ញាកណ្តាល ។
លោកបានបញ្ជាក់ថា សូមគោរព និងថ្លែងអំណរគុណដល់ពលរដ្ឋល្អដែលបានរួមសកម្មភាពសង្គម។ ឃើញរូបភាពប្រជាពលរដ្ឋយើងចូលរួមវេចខ្ចប់ ទុកដាក់សំរាមត្រឹមត្រូវ រហូតដល់ជួយលើកដាក់ចូលឡានដឹកជញ្ជូនសំរាមទៀត ពិតជារំភើបចិត្តខ្លាំង ។
លោកបានបន្តថា សង្ឃឹមថា អ្នកនៅកំពុងពិចារណា សូមឆាប់សម្រេចចិត្តដូចអ្នកដទៃ រួចចូលមកចាប់ដៃគ្នាសំអាតភ្នំពេញរបស់យើង ។ ជឿជាក់ថា ក្រោយភ្លៀង មេឃនឹងស្រឡះ! រួមគ្នាដើម្បីទីក្រុងយើងស្អាត! ៕
សូមជម្រាបថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ បានចេញលិខិតបញ្ជាឲ្យកម្មករនិយោជិតក្រុមហ៊ុន ស៊ិនទ្រី ផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបញ្ចប់សព្វគ្រប់តាមផ្លូវច្បាប់ ។ លិខិតដដែលនោះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបញ្ជាឲ្យកម្មករក្រុមហ៊ុន ស៊ិនទ្រី ត្រូវចូលធ្វើការងារវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមវេនរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ