ខេត្តតាកែវ ៖ ទីបំផុតការប្រកួតបាល់ទាត់កុមារអាយុក្រោម១៣ឆ្នាំ ដែលបានដំណើរការតាំងពីថ្ងៃទី៧ កក្កដា មកនោះបានបញ្ចប់ហើយ ហើយក្រុមអធិរាជភ្នំស្វាយខេត្តបន្ទាយមានជ័យ បានក្លាយជាជើងឯកប្រចាំឆ្នាំ២០១២នេះ បន្ទាប់ពីបានយកឈ្នះលើក្រុមឆ្លាមសមុទ្រក្នុងលទ្ធផល៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកក្រុមយុវជនរតនៈ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយពីឈ្នះក្រុមភូមិន្ទអាវុធហត្ថព្រៃវែង ក្នុងលទ្ធផល ៥-១ ។
ពិធីបិទការប្រកួតបាត់ទាត់កុមារអាយុក្រោម១៣ឆ្នាំ នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ កក្កដា នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ខេត្តតាកែវ ក្រោមអធិបតីភាពលោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
លោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រកួតបាល់ទាត់ពានរង្វាន់កុមារអាយុក្រោម១៣ឆ្នាំ-២០១២ គឺជាការរៀបចំឆ្នាំទី៣ អាចឆ្លុះបញ្ចាំងបានថា ជាជំហានរីកចម្រើន មានអត្ថន័យគូសបញ្ជាក់ពីការកសាងមូលដ្ឋានគ្រឹះរឹងមាំនៃកិច្ចអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ លោករដ្ឋមន្ត្រីបន្តថា ចំពោះក្មួយៗជាកីឡាករ ពេលទំនេរក្រៅម៉ោងសិក្សាត្រូវនាំគ្នាលេងកីឡាដើម្បីរក្សាសុខភាពឱ្យបានល្អ ជាពិសេសត្រូវខិតខំអនុវត្តលំហាត់ជំនាញតាមការណែនាំរបស់លោកគ្រូ បង្ហាត់ ដើម្បីក្លាយខ្លួនជាតារាបាល់ទាត់ដ៏ល្បី និងអាចជំនួសឱ្យរៀមច្បងជំនាន់មុនបាន ពោលគឺឱ្យស្របនឹងពាក្យថា «ទំពាំងស្នងប្ញស្សី» ៕
ចែករំលែកព័តមាននេះ