ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយសប្បុរសជនបានដល់ដៃស្ត្រីធំពោះក្រោយវះកាត់

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ក្រោយ​ពី​ទទួល​ការ​វះ​កាត់​ប្រកប​ដោយ​ជោគ​ជ័យ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ ​ពី​​សំណាក់​លោក​វេជ្ជ​បណ្ឌិត​ អ៊ុង សូវៀត ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​លោក​វេជ្ជ​បណ្ឌិត អ៊ុយ គីណា ទទួល​​បន្ទុក​ផ្នែក​វះ​កាត់​ និង​សម្ភព ​រួម​ជា​មួយ​សហ​ការី​ជា​ច្រើន​នាក់​ទៀត​នោះ ពេល​នេះ​ស្ថាន​ភាព​នៃ​អាការ​ជំងឺ​របស់​អ្នក​ស្រី​ ភឹម នួន​ស៊ី មាន​ការ​ធូរ​​ស្បើយ​ច្រើនហើយ​ តែ​ក៏​​កំពុង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​​តាម​ដាន​ពី​លោក​វេជ្ជ​ បណ្ឌិត​ និង​សហ​ការី​ក្នុង

ខេត្ត​ស្ទឹង​ត្រែង ៖ ក្រោយ​ពី​ទទួល​ការ​វះ​កាត់​ប្រកប​ដោយ​ជោគ​ជ័យ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​​សំណាក់​លោក​វេជ្ជ​បណ្ឌិត​ អ៊ុង សូវៀត ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​លោក​វេជ្ជ​បណ្ឌិត អ៊ុយ គីណា ទទួល​​បន្ទុក​ផ្នែក​វះ​កាត់​ និង​សម្ភព ​រួម​ជា​មួយ​សហ​ការី​ជា​ច្រើន​នាក់​ទៀត​នោះ ពេល​នេះ​ស្ថាន​ភាព​នៃ​អាការ​ជំងឺ​របស់​អ្នក​ស្រី​ ភឹម នួន​ស៊ី មាន​ការ​ធូរ​​ស្បើយ​ច្រើនហើយ​ តែ​ក៏​​កំពុង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​​តាម​ដាន​ពី​លោក​វេជ្ជ​បណ្ឌិត​ និង​សហ​ការី​ក្នុង​មន្ទីរ​ពេទ្យ​​នៅ​ឡើយ ។

បន្ទាប់​ពី​មាន​ការ​ឧបត្ថម្ភ​ថវិកា​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា​របស់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន​៥​លាន​រៀល​ តាម​រយៈ​​លោក​សេង ទៀង ជំនួយ​ការ​ផ្ទាល់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​ផ្តល់​មក​លោក​ម៉ៅ​ ធរ​និន អភិ​បាល​​រង​ខេត្ត​​​​ ថវិកា​នោះ​ត្រូវ​បាន​ប្រគល់​ជូន​​អ្នក​ស្រី​​ភឹម នួន​ស៊ី ដោយ​ផ្ទាល់​ដៃ​នៅ​​ក្នុង​មន្ទីរ​ពេទ្យ ។ ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​ អំណោយ​ឧបត្ថម្ភ​របស់​លោក​​ជំទាវ​ ង៉ែត ម៉ាលី ភរិយា​របស់​លោក​ម៉ៅ ច័ន្ទ​តារា ក៏​ត្រូវ​បាន​ប្រគល់​ជូន​​តាម​រយៈ​លោក​ស្រី វណ្ណា ស្នង​ការរង​នគរ​បាល​ខេត្ត ។

ពេល​នេះ​អំណោយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ដែល​ផ្តល់​តាម​រយៈ​កោះ​សន្តិ​ភាព​ ក៏​ត្រូវ​បាន​​ប្រគល់​​ដល់​ដៃ​អ្នក​ស្រី​ភឹម នួន​ស៊ី និង​ស្វាមី​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១០ ​ដោយ​មាន​ការ​ចូល​រួម​ពី​គិលា​នុ​ប្បដ្ឋាក​យិការ​ច្រើន​រូប​ផង​ដែរ ។ ទឹក​ប្រាក់​ដែល​ជា​អំណោយ​ទាន​នេះ​ គឺ​កោះ​សន្តិ​ភាព​បាន​ទទួល​ពី​សប្បុរស​ជន​គ្រប់​ទិស​​ទី ​ដូច​មាន​​រាយ​នាម​ដូច​ខាង​ក្រោម​នេះ ៖ ១-លោក​លីម ង៉ូវ, ២-លោក​លី ងួន ​និង​៣-លោក​ឧកញ៉ា​ក្រុម​ហ៊ុន LM ជួយ​ឧបត្ថម្ភ​៦០​ដុល្លារ, ៤-លោក​វ៉ាន សឿន អនុ​ប្រធាន​ក្រុម​ការ​ងារ​ស្រុក​សំរោង​ ខេត្ត​តាកែវ​ ឧបត្ថម្ភ​១០​ម៉ឺន​រៀល, ៥-លោក​ស្រី សុខ សណ្តាប់ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ឧបត្ថម្ភ​១០​ដុល្លារ, ៦-លោក​អ៊ុក កាម៉ាច ២ម៉ឺន​រៀល, ៧-​លោក​សាន សុផា ២​ម៉ឺន​រៀល, ៨-កញ្ញា​ រឿន ស៊ី​រ៉ាណេ ២​ម៉ឺន​រៀល, ៩-មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ ការិយា​ល័យ​អន្តរ​វិស័យ​ ឧបត្ថម្ភ​៨​ម៉ឺន​រៀល, ១០-អ្នក​ស្រី នុត សម្ផស្ស ព្រម​ទាំង​ក្រុម​គ្រួសារ​នៅ​ភ្នំពេញ ឧបត្ថម្ភ​១០​ដុល្លារ, ១១-លោក​ហេង ឆាយ​ និង​ភរិយា ​ម្ចាស់​ហាង​ស៊ុប​គោ​តា​ម៉ាប់​ ផ្លូវ​លេខ​១៣៦ ខាង​​កើត​ផ្សារ​តា​ប៉ាង ទល់​មុខ​សាលា E.L.T ថ្មី ឧបត្ថម្ភ​៥​ម៉ឺន​រៀល, ១២-​សេង សុខុម ម្ចាស់​ហាង​ពេជ្រ​ម្កុជ​ពេជ្រ ឧបត្ថម្ភ​២០​ដុល្លារ, ១៣-លោក​សាន់ មានិត​ ១៤-កញ្ញា ហ៊ាង លីណា​ រួម​គ្នា​ឧបត្ថម្ភ​៣០​ម៉ឺន​រៀល, ១៥-លោក​សេង គី ផ្ទះ​លក់​ទា​ខ្វៃ​ច្បារ​អំពៅ​១​ ផ្លូវ​​​ជាតិ​លេខ​១ ផ្ទះ​​លេខ​៤០Eo ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ឧបត្ថម្ភ​២​ម៉ឺន​រៀល, ១៦-លោក​លាវ​ សុខ និង​ភរិយា​ ឧបត្ថម្ភ​២​ម៉ឺន​រៀល, ១៧-លោក​ពត សារិន និង​ភរិយា​ ព្រម​ទាំង​បុត្រី សារិន សុក្រិត​សោត្តា រស់​នៅ​សង្កាត់​បឹង​កក់​ទី​២ ​ខណ្ឌ​ទួល​គោក ឧបត្ថម្ភ​២០០​ដុល្លារ, ១៨-លោក​ជំទាវ ប៉ាន់ ចំណាន និង​​លោក​គជ ចន្ថា ជា​ស្វាមី ព្រម​ទាំង​​ក្រុម​គ្រួសារ រស់​នៅ​សហ​រដ្ឋ​អាមេ​រិក ឧបត្ថម្ភ​៥០​ដុល្លារ និង​១៩-លោក​ហេង ផេង ផ្ទះ​លេខ​៣២ អូឡាំ​ពិក វេរ​ប្រាក់​តាម​បណ្តា​ខេត្ត ឧបត្ថម្ភ​១០​​ម៉ឺន​រៀល ។

បន្ទាប់​ពី​ទទួល​បាន​នូវ​កញ្ចប់​ថវិកា​ដ៏​មហា​​ថ្លៃ ថ្លា​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន និង​លោក​ជំទាវ ង៉ែត ម៉ាលី​ ព្រម​ទាំង​សប្បុរស​ជន ​ដែល​ជា​និច្ច​​កាល​តែង​តែ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​​រំលែក​ទុក្ខ​លំបាក​ដល់​ក្រុម​គ្រួសារ​ទុរគត​ជន​អ្នក​ទី​​ទ័ល​​ក្រ អ្នកស្រី​ ភឹម នួន​ស៊ី និង​ស្វាមី ព្រម​ទាំង​ក្រុម​គ្រួសារ​​បាន​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ជា​ទី​​បំផុត​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​សំពះ​ជូន​ពរ​ជ័យ​ជូន​ដល់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ស្រី​ ។ អ្នក​ស្រី​ព្រម​ទាំង​ក្រុម​គ្រួសារ​​ថ្លែង​ថា គ្មាន​អ្វី​តប​ស្នង​សង​គុណ​វិញ​ទេ មាន​តែ​ម្រាម​ដៃ​ដប់​សំពះ​​គោរព​ជូន​ពរ​ជ័យ ​ដល់​លោក​ជំទាវ និង​សប្បុរស​ជន​ទាំង​អស់​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

លោក​វេជ្ជ​បណ្ឌិត​ អ៊ុង សូវៀត ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹង​ត្រែង​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​កន្លង​មក​នេះ សភាព​អ្នក​ជំងឺ​បាន​ធូរ​ស្បើយ​ច្រើន​ ហើយក៏ ​​កំពុង​ស្ថិត​នៅ​​ក្នុង​ការ​តាម​ដាន​ ព្រោះ​ជំងឺ​នេះ​​​ទៅ​ថ្ងៃ​ក្រោយ​ក៏​​ត្រូវ​ស្ថិត​ក្នុង​ការ​តាម​ដាន​ជា​បន្ត​​ទៀត​ដែរ ។ ឯ​លោក​វេជ្ជ​បណ្ឌិត អ៊ុយ គីណា ទទួល​​បន្ទុក​​ផ្នែក​វះ​កាត់​ និង​​សម្ភព​វិញ បាន​បង្ហើប​​ឱ្យ​ដឹង​ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​ថា នេះ​ជា​ជំងឺ​ធម្ម​តា​​ តែ​វា​ជាជំងឺ​ពិសេស​​ផង​ដែរ ដែល​ជំងឺ​នេះ​អាច​បង្កើត​ជា​ល្អាង​ទឹក​មួយ ​ដែល​រក្សា​ទុក​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ដៃ​ស្បូន​​ ​ទើប​បណ្តាល​ឱ្យ​រីក​ធំ​​ឆាប់​បែប​នេះ​ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ កញ្ញា កោះ​សន្តិ​ភាព​បាន​ទទួល​​ទឹក​ប្រាក់​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​មួយ​ឈុត​ទៀត​ពី​លោក​ឧកញ៉ា​ លី​ហួរ ​ចំនួន​៥​លាន​រៀល ដើម្បី​ឧបត្ថម្ភ​ក្នុង​ការ​ទិញ​ថ្នាំ​សង្កូវ ឬ​ចំណាយ​សំរាប់​ការ​ថែទាំ​សុខ​ភាព ។ លោក​ឧកញ៉ា ធ្លាប់​បាន​អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​ថា លោក​នឹង​ជួួយ​ស្រោច​ស្រង់​ជីវិត​ស្ត្រី​រូប​នេះ ព្រោះ​លោក​យល់​ថា ការ​ជួយ​ជីវិត​មនុស្ស គឺ​មាន​តំលៃ​​ខ្លាំង​​​ណាស់ ។ កោះ​សន្តិ​ភាព​​ នឹង​បញ្ជូន​ប្រាក់​អំណោយ​ដែល​បាន​ទទួល​នៅ​ថ្ងៃ​​ដដែល​ ហើយ​ទឹក​ប្រាក់​នេះ​​នឹង​ត្រូវ​បាន​ប្រគល់​នៅ​ថ្ងៃ​ទី​២០ កញ្ញា រួម​ជា​មួយ​ប្រាក់​ពី​សប្បុរស​ជន​ច្រើន​នាក់​ទៀត​ ។

ជា​មួយ​គ្នា​នេះ ​កោះ​សន្តិ​ភាព​សូម​សំដែង​នូវ​មោទន​ភាព​ជាតិ​មួយ​ ជូន​ចំពោះ​ជន​រួម​ជាតិ​ជា​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​នាំ​គ្នា​ជួយ​ដោយ​ការ​បរិច្ចាគ​ធន​ធាន​របស់​ខ្លួន ​ដើម្បី​​ស្រោច​ស្រង់​ជីវិត​ជន​រួម​ជាតិ​ដែល​ប្រឈម​មុខ​នឹង​ការ​អស់​សង្ឃឹម​ថា​នឹង​បាន​រស់​​ ឱ្យ​​បាន​ជួប​នូវ​ទឹក​សន្សើម​ជា​ថ្មី​ បាន​រស់​ឃើញ​មុខ​កូន​ទាំង​៦​នាក់​បន្ត​ទៀត​ ។ សន្តាន​ចិត្ត​​ដ៏​ល្អ​របស់​​ជន​រួម​ជាតិ​ខ្មែរ​នេះ​ ពិត​ជា​មិន​​អាច​កាត់​ថ្លៃ​បាន​​ឡើយ ៕