ជប៉ុន៖ តាមប្រភពព័ត៌មាន Nikkei Asian Review បានឱ្យដឹងថា អ្នកដំណើរដែលរឹងទទឹងមិនព្រមពាក់ម៉ាស់ បានបង្កឱ្យមានការពន្យារជើងហោះហើរក្នុងស្រុកដល់ទៅពីរចេញពី ហុកកៃដូ ដែលការពាក់ម៉ាស់មិនមែនជាការបង្ខិតបង្ខំអ្វីទេ។
ជើងហោះហើរ Peach Aviation គ្រោងនឹងចាកចេញពី Kushiro ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kansai របស់ Osaka នៅថ្ងៃទី ៧ ខែកញ្ញាត្រូវបានពន្យារពេល នៅពេលអ្នកដំណើរប្រុសម្នាក់បដិសេធមិនពាក់ម៉ាស់ ដោយទាមទារឱ្យសរសេរជាលាយលក្ខណ៍អក្សរ។ អ្នកដំណើរបានបន្តស្រែកជំទាស់មិនឱ្យបុរសម្នាក់នោះមិនពាក់ម៉ាស់ដូចនេះ រហូតទាល់តែអ្នកបើកយន្តហោះសម្រេចចិត្ត បង្វែរយន្តហោះទៅអាកាសយានដ្ឋាន Niigata ដើម្បីយកបុរសនោះចេញ។ ជើងហោះហើរបានទៅដល់អូសាកាយឺតជាងពីរម៉ោង។
ការចាកចេញនៃជើងហោះហើរ Hokkaido Air System ពីអាកាសយានដ្ឋាន Okushiri ត្រូវបានពន្យាពេលស្រដៀងគ្នានេះដែរនៅថ្ងៃទី ១២ ខែកញ្ញានៅពេលអ្នកដំណើរម្នាក់ត្រូវបានគេយកចេញ ដោយសារបដិសេធមិនពាក់ម៉ាស់។
ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅសហរដ្ឋអាមេរិកនិងអ៊ឺរ៉ុប បានសម្រេចឱ្យការពាក់ម៉ាស់គឺជាការចាំបាច់សម្រាប់អ្នកដំណើរ ប៉ុន្តែខាងជប៉ុនវិញមិនបានបង្ខិតបង្ខំឱ្យអ្នកដំណើរពាក់ម៉ាស់នោះទេ។ វាគឺជាអាស្រ័យទៅលើការស្ម័គ្រចិត្តរបស់អ្នកដំណើរ។
ក្រុមតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៩ របស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្របានចេញសេចក្តីណែនាំសម្រាប់អ្នកដំណើរនៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុបែបនេះ។ បន្ថែមលើការអំពាវនាវឱ្យពាក់ម៉ាស់នៅក្នុងអាកាសយានដ្ឋាននិងនៅលើយន្ដហោះ សមាគមបានផ្តល់យោបល់ថា អ្នកដំណើរដែលមិនអាចធ្វើតាម គឺត្រូវនិយាយជាមួយនឹងបុគ្គលិក។
មន្រ្តីសមាគមបាននិយាយថា «ប្រសិនបើការពាក់ម៉ាស់គឺជាបញ្ហា យើងក៏អាចរៀបចំផ្តល់ជូនជាការរបាំងមុខ ឬ អនុវត្តតាមវិធីផ្សេងទៅតាមស្ថានការណ៍នីមួយៗ» ។
ការណែនាំតាមអ៊ីនធើណេតបានចែងថា អ្នកដែលមិនព្រមគោរពតាមការណែនាំរបស់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ អាចនឹងត្រូវគេមិនឱ្យឡើងលើយន្តហោះ៕
ចែករំលែកព័តមាននេះ