រាជធានីភ្នំពេញ ៖ នៅគ្រប់វីដេអូឡាយ របស់កីឡាករ វង្ស ណយ លោកតែងប្រកាសមិនទទួលយកការបញ្ចេញមតិទាំងឡាយជាភាសាអង់គ្លេសនោះទេ ។ លោកតែងតែស្នើឱ្យអ្នកចូលមើលការLiveរបស់លោកសរសេរជាអក្សរខ្មែរ ដោយលោកទទូចឱ្យចូលរួមរក្សាអក្សរខ្មែរបានគ្រប់គ្នា ដើម្បីឱ្យពិភពលោកបានស្គាល់ពីអក្សរខ្មែរ។
អ្នកគាំទ្រមិនតិចទេកោតសរសើរចំពោះកីឡាករ វង្ស ណយ ដោយសារតែលោកប្រកាសស្ទើរតែរាល់ការបង្ហោះតែម្ដងថា សុំកុំឱ្យបងប្អូនសរសេរជាភាសាគេ គឺសូមសរសេរតែជាអក្សរខ្មែរបានហើយ ហើយជួយសរសេរឱ្យត្រូវពាក្យដើម្បីឱ្យពិភពលោកបានស្គាល់អក្សរខ្មែរផង ។ ថ្វីដ្បិតតែលោកមិនត្រូវបានគេដឹងថារៀនសូត្របានជ្រៅជ្រះ តែការលើកឡើងរបស់លោកបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកភាគច្រើន ដែលខ្លះរៀនសូត្របានជ្រៅជ្រះ ហើយមិនបានគិតដល់ចំណុចនេះខ្មាសលោក ។
លោកតែងប្រតិកម្មតបអ្នកសរសេរអក្សរអង់គ្លេសនៅក្នុងម៉ោងLive របស់លោកថា «បងប្អូនយើងសូមកុំសរសេរជាអក្សរគេនៅក្នុងវីដេអូខ្ញុំ បងប្អូនយើងជួយសរសេរតែអក្សរខ្មែរបានហើយ ដើម្បីជួយអភិរក្ស និងលើកស្ទួយអក្សរសាស្ត្រជាតិយើងឱ្យពិភពលោកបានស្គាល់ ព្រោះបើយើងម្នាក់ៗសរសេរតែអក្សរជាតិគេ បរទេសគេមិនដឹងថាអក្សរខ្មែរសរសេរយ៉ាងម៉េចទេ អ៊ីចឹងជួយសរសេរតែអក្សរខ្មែរបានហើយ ទោះបរទេសគេមើលមិនដាច់ តែគេស្គាល់ថាអក្សរបែបហ្នឹងជារបស់យើង»។ ការលើកឡើងរបស់លោក មិនមែនតែម្ដងនោះទេ ហើយថ្វីដ្បិតតែក្នុងពេល Live របស់លោកម្ដងៗ គឺគ្រាន់តែជាការ Live លេងៗ មិនសូវមានការចាប់អារម្មណ៍ តែពាក្យសម្ដីដែលលោកលើកឡើងគឺអាចថា មានន័យ និងមានតម្លៃក្នុងការស្ដាប់ ។
លោកបញ្ជាក់ដដែលៗទៀតថា«បើខ្មែរមិនរួមគ្នាលើកតម្លៃអក្សរសាស្ត្រជាតិ តើឱ្យអ្នកណាមកជួយលើកស្ទួយ ដូច្នេះសូមបងប្អូន រួមគ្នាសរសេរអក្សរខ្មែរឱ្យបានច្រើន ហើយបើអាចយើងសរសេរតែអក្សរខ្មែរបានហើយ ដើម្បីឱ្យជាតិណាៗ ក៏ស្គាល់អក្សរយើង ព្រោះពេលយើងបង្ហោះអីទៅ អ្នកណាក៏មើលឃើញដែរ អ៊ីចឹងសូមសំណូមពរបងប្អូន កុំសរសេរអក្សរបរទេស»។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ លោក វង្ស ណយ ប្រកាសហើយថា លោកនឹងធ្វើឱ្យភ្ញាក់ផ្អើលក្នុងពេលខាងមុខនៅពេលមានអ្នកសួរនាំថា តើនៅប្រដាល់ទៀតទេ ។ ការលើកឡើងរបស់លោកគឺមានន័យថា លោកនៅតែប្រដាល់ ដោយគ្រាន់តែរង់ចាំឱ្យស្ងប់កូវីត១៩បន្តិច ហើយមានការប្រកួតអន្តរជាតិជាថ្មីប៉ុណ្ណោះ ។ លោកនៅតែលើកឡើងថា សម្រាប់ការប្រដាល់លោកសុំមិននិយាយថានឹងឈប់ជារៀងរហូតនោះទេ ដោយលោកស្នើឱ្យចាំអ៊ុតមើលក្នុងថ្ងៃណាមួយ និងរង់ចាំឱ្យស្ថានភាពប្រដាល់មានភាពប្រសើរសិន ។
យ៉ាងណាមិញលោកថា នៅក្នុងអំឡុងពេលនេះ គឺលោកអត់ចង់និយាយជាមួយការប្រដាល់នោះទេ ដោយសារតែលោក និងភរិយា ក៏មមាញឹកនឹងមុខរបរលក់ងៀតក្របី ដែលភរិយារបស់លោក និងដៃគូសហការធ្វើដោយផ្ទាល់ដៃនៅលើហ្វេសប៊ុក។ លោកថា មុខរបររាល់ថ្ងៃ កាក់កបមិនអន់ទេ ដោយក្នុងថ្ងៃខ្លះ ងៀតក្របីរបស់លោកត្រូវដឹកខ្លួនឯងនោះផង ដើម្បីទទួលបានថវិកាថ្លៃដឹកគ្រាន់ហូបកាហ្វេ និងដើម្បីកុំឱ្យអផ្សុក ។
ម្យ៉ាងមកពីលោកយល់ថា ស្ថានភាពប្រដាល់មិនសូវល្អប្រសើរ ព្រោះតែលោកគ្មានគូបរទេសប្រកួតផង និងយល់ថាស្ថានភាពនៅក្នុងពេលនេះ គឺមានតែមុខរបរតាមអនឡាញ ហើយលក់របស់ហូប ទើបអាចចិញ្ចឹមឆ្នាំងបានផង ទើបលោកថា លក់ងៀតក្របីល្អជាង ព្រោះលុយចូលរាល់ថ្ងៃ។ នៅក្នុងពេលនេះលោក និង ភរិយា បានជួលផ្ទះមួយកន្លែងនៅម្ដុំចម្ការដូង ដោយធ្វើងៀតក្របីផង និងឡាយផ្ទាល់មិនដែលលស់ថ្ងៃផង។ ខុសពីពេលមុនដែលបានប្រកាសថា គឺបោះបង់ហើយសម្រាប់អាជីពប្រដាល់ លោកបែរជានិយាយថា«សម្រាប់បងប្អូនដែលចង់ឃើញខ្ញុំប្រដាល់ ចាំមើលសិន ចាំរកឱកាសល្អសិន ហើយបងប្អូនគង់តែដឹងទេ ថាតើយ៉ាងម៉េចសម្រាប់ការប្រដាល់ ចាំស្ដាប់មេស៊ីសងសិន តែឥឡូវសុំលក់ងៀតក្របីសិន ព្រោះរាល់ថ្ងៃកូវីដ១៩ក៏មិនអាចឱ្យអ្នកប្រដាល់មានគូបរទេសឡើងប្រកួតបានដែរ»។
លោកបន្តទៀតថា រាល់ថ្ងៃបានមុខរបរលក់ងៀតក្របីចិញ្ចឹមឆ្នាំងមួយ លោកអត់ភ័យដូចមុនទៀតទេ ហើយលោកក៏មិនខ្មាសអ្នកណាដែរ នៅពេលអ្នកខ្លះនិយាយថា លោកគឺជាកីឡាករល្បីឈ្មោះ តែបែរជាលក់ងៀតក្របីតាមហ្វេសប៊ុក និងដឹកឱ្យភ្ញៀវដោយផ្ទាល់ បើទោះជាមុខរបរនេះ មិនចំណេញច្រើនក្ដី ។ លោកលក់ត្រឹមតែមួយគីឡូ៦៥.០០០រៀលប៉ុណ្ណោះ ខណៈដែលលោកប្រកាសថា ងៀតក្របីវង្សណយរាល់ថ្ងៃ គឺហាលមិនទាន់ ដឹកមិនទាន់ និងទទួលបានចំណូលច្រើនស្របពេលដែលកូវីដ១៩លែងសូវអំណោយផលដូចមុនសម្រាប់រកប្រាក់ ។
ជាមួយនឹងការបង្ហាញតម្រុយថា ក្រោយចប់កូវីដ១៩អ្នកគាំទ្រនឹងដឹងថា លោកនៅប្រកួត ឬឈប់ដូចសន្យា បានធ្វើឱ្យគេមើលឃើញភ្លាមៗថា លោកទំនងជាមិនឈប់ដូចអ្វីដែលបានតាំងចិត្តមួយប្រាវមុននោះទេ គឺនឹងនៅតែទទួលប្រកួត ដោយសារតែលោកប្រកាសបែបនេះរាប់ភ្លេចមកហើយ ប៉ុន្តែចុងក្រោយ នៅពេលមានគូល្អប្រកួត ហើយបានតម្លៃខ្ពស់ គឺទទួលមិនដែលប្រកែក។
គួររំលឹកផងដែរថា លោកធ្លាប់បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា លោកពិតជាសម្រេចចិត្តលាឈប់ពីអាជីពអ្នកប្រដាល់ប្រាកដមែន ដោយលោកលើកហេតុផលថា ដោយសារបញ្ហាការគាំទ្រនាពេលចុងក្រោយនៅមានកម្រិត និងទី២ គឺដោយសារតែជ្រក់ជ្រិញនឹងការជេរប្រមាថ ដែលធ្វើឲ្យលោកបាក់ទឹកចិត្ត ដែលមិនអាចប្រកបអាជីពមួយនេះបានបន្ដទៀត ។
អ្នកលេងគុនខ្មែរវ័យ៣៣ឆ្នាំរូបនេះបានពន្យល់ថា ការសម្រេចចិត្តរបស់លោកគឺជារឿងច្បាស់លាស់ ដោយសារតែលោកគិតថា ការគាំទ្រគុនខ្មែរនៅមានកម្រិត គាំទ្រតែមាត់ អត់គាំទ្របែបជួយទី១ ហើយទី២ ពេលលោកវ៉ៃឈ្នះអត់បានអីមកវិញទេបានតែតម្លៃ តែដល់ពេលវ៉ៃចាញ់ គឺរងនូវការជេរប្រមាថ ដែលលោកយល់ថា តើមានហេតុផលអ្វីដែលលោកត្រូវតស៊ូទៀត ។ លោកនិយាយថា បើលោកតស៊ូទៅមុខ ក៏មិនបានល្អជាងហ្នឹងនោះដែរ ទើបលោកយល់ថា ដល់ពេលហើយដែលត្រូវចាកចេញ ។
លោកពន្យល់ថា ដំបូងឡើយចិត្តចង់វ៉ៃទៀតដែរ តែដោយតូចចិត្តនឹងមនុស្សមួយចំនួនចូលចិត្តជាន់ពន្លិច និយាយរួមគឺលោកបាក់ទឹកចិត្ត ។ លោកនិយាយថា វ៉ៃឈ្នះគេថាយើងឈ្នះដោយសារប៉ះអ្នកអន់ ដល់យើងវ៉ៃឈ្នះអ្នកខ្លាំង… និយាយទៅសម្រាប់ប្រជាជនមួយភាគតូច គាត់ចាំតែតែជេរទេ។ កីឡាករមានប្រវត្ដិឡើងសង្វៀនរាប់រយដងរូបនេះបានបង្ហើបថា ទោះលាឈប់ពីអាជីពកីឡាករមែន តែខ្លួនក៏មិនទាន់សម្រេចចិត្តថា ត្រូវឈប់ពាក់ព័ន្ធនឹងវិស័យមួយនេះដែរ ពោលគឺលោកនឹងធ្វើការពិចារណា ប្រសិនបើមានការផ្ដល់ឱកាសឲ្យលោកធ្វើជាមន្ដ្រីបច្ចេកទេសក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ដោយឡែក ពាក់ព័ន្ធនឹងអនាគតកូនៗលើវិថីប្រដាល់គុនខ្មែរវិញ លោកបានសង្កត់ធ្ងន់ថា អាស្រ័យទៅលើជាក់ស្ដែង បើសិនថ្ងៃក្រោយទៅកីឡាកររីកចម្រើន អ្នករិះគន់គាត់មានការយល់ដឹងច្រើន បានលុយច្រើនកាន់តែសប្បាយចិត្ត តែបើបានលុយតិច លោកអត់ទេ អត់ឲ្យកូនឈឺសាច់ដូចលោកឡើយ ។
កីឡាករ វង្ស ណយ បានប្រកាសលាឈប់ពីអាជីពគុនខ្មែរនេះ នៅលើបណ្ដាញសង្គមផ្លូវការរបស់លោក ដោយលោកសរសេរថា «ខ្ញុំវ៉ៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វ៉ៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ»។ ប៉ុន្តែជំហរចុងក្រោយ លោកក៏ប្រកាសរាល់ពេល Live ផងដែរថា បើមានពេល មានឱកាស គឺការប្រកួតជាថ្មី នឹងមានជាថ្មី ខណៈក្នុងពេលLiveនោះលោកស្នើឱ្យអ្នកលេងហ្វេសប៊ុកជាមួយលោក សរសេរតែអក្សរខ្មែរ គឺជាអ្វីដែលមានតម្លៃគួរឱ្យសរសើរ និងគួរឱ្យចាប់អារម្មណ៍ក្នុងចំណោមអ្នកជ្រកនៅក្នុងវិស័យប្រដាល់ ៕
ចែករំលែកព័តមាននេះ