ខេត្តប៉ៃលិន ៖ ក្រោយពីទទួលបានដំណឹងថា មានស្ត្រីវ័យចំណាស់ម្នាក់ អាយុ៧៨ឆ្នាំ កំពុងមានជំងឺប្រចាំកាយ ដេកសម្រាកនៅលើគ្រែមុខផ្ទះរបស់ខ្លួន ទើបក្រុមការងារបក្សប្រជាជន ភូមិអូរឈើក្រំ បាននាំយកស្បៀងអាហារទៅជូនដល់កន្លែង ដើម្បីឱ្យគាត់មានម្ហូបអាហារទទួលទាន គ្រប់គ្រាន់ មុននឹងអស់ជីវិតនៅលើផែនដីនេះ។ ហេតុការណ៍ក្រុមការងារនាំយកស្បៀងទៅជូន ស្ត្រីវ័យចំណាស់មានជំងឺប្រចាំកាយនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីវ័យចំណាស់ដែលមានជំងឺប្រចាំកាយមានឈ្មោះ វ៉ា ស៊ីធិន អាយុ៧៨ឆ្នាំ មានកូនចំនួន៣នាក់ មានជីវភាពខ្វះខាត អ្នកខ្លះចេញទៅធ្វើការនៅប្រទេសថៃ។ លោកយាយមានជំងឺលើសឈាម បណ្តាលឱ្យស្វិតដៃឆ្វេងកម្រើកមិនរួច និងកំពុងដេកសម្រាក នៅលើគ្រែម្នាក់ឯងខាងមុខផ្ទះ។ ប្រភពព័ត៌មានពីលោក អ៊ុក ញ៉ាន់ មេភូមិអូរឈើក្រំ បានឱ្យដឹងថា ៖ ក្រោយពេលលោកទទួលបានដំណឹងពីគ្រួសារខាងលើ ក៏បានចុះទៅត្រួតពិនិត្យ និងរាយការណ៍ជូន ក្រុមការងារ ទើបលោក ហេង សម្បត្តិ អនុប្រធានក្រុមការងារ និងជាតំណាងឱ្យលោក ទី សុខា ប្រធានក្រុមការងារចុះជួយភូមិអូរឈើក្រំ បានទិញគ្រឿងឧបភោគបរិភោគដូចជា អង្ករចំនួន៥០គីឡូក្រាម ទឹកសុទ្ធ៣យួរ ទឹកដោះគោឆៅ២យួរ មី១កេះ និងត្រីខ១យួរផងដែរ។
លោកបន្តទៀតថា ក្នុងរយ:ពេល១អាទិត្យ បើសិនជាស្ត្រីខាងលើ មានការខ្វះខាតស្បៀងអាហារ ឬត្រូវការបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ សូមរាយការណ៍ជូនក្រុមការងារផងដែរ ដើម្បីងាយស្រួល ក្នុងការឧបត្ថម្ភ។ បើតាមសម្តីរបស់ស្ត្រីម្នាក់ឈ្មោះ ហុង សុភា អាយុ៤៦ឆ្នាំ ត្រូវជាកូនបានឱ្យដឹងថា ម្តាយរបស់គាត់មានជំងឺប្រចាំកាយអស់រយ:ពេល៤ឆ្នាំមកហើយ ហើយក៏ធ្លាប់យកគាត់ទៅសម្រាកនៅ គ្លីនិកឯកជនក្នុងខេត្តបាត់ដំបងដែរ។
តែមើលទៅសភាពកាន់តែធ្ងន់ធ្ងរ ក៏យកមកមើលថែម្តាយ នៅផ្ទះរបស់ខ្លួនវិញ ដើម្បីបន្តធ្វើការងារសម្រាប់ផ្គត់ផ្គង់ជីវភាព។ គាត់ក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារបក្សប្រជាជនចុះជួយភូមិអូរឈើក្រំ ដែលបានផ្តល់ស្បៀងអាហារជូនដល់ម្តាយ របស់ខ្លួន ដែលកំពុងមានជំងឺសម្រាកនៅក្នុងផ្ទះ ហើយសូមជូនពរឱ្យលោកមេភូមិ រួមជាមួយនឹង ក្រុមការងារទទួលបាននូវសុខភាពល្អកម្លាំងមាំមួន ក្នុងការបម្រើការងារជូនប្រជាជន ក្នុងភូមិឱ្យទទួល បាននូវជោគជ័យគ្រប់ភារកិច្ច៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ