ខេត្តក្រចេះ ៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងក្រចេះ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចកាច់សោម៉ូតូ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុងក្រចេះ កាលពីរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី អធិការនគរបាលក្រុងក្រចេះបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ដៀង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំពង្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័ករណីអំពើលួច ដែលប្រព្រឹត្តនៅព្រឹកថ្ងៃកើតហេតុខាងលើ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី៣០ សហា វេលាម៉ោងជាង៥ទៀបភ្លឺ ឈ្មោះ ហួត ដា បានជិះម៉ូតូខាងលើ ទៅរៀបចំអីវ៉ាន់អោយប្រពន្ធលក់នៅផ្សារក្រចេះ ពេលត្រឡប់មកដល់បន្ទប់វិញ គាត់បានយកម៉ូតូទៅទុកនៅមុខបន្ទប់ និងទុកកូនសោម៉ូតូអោយប្រពន្ធសម្រាប់ជិះមកលក់ឥវ៉ាន់នៅផ្សារ ហើយគាត់ក៏ជិះម៉ូតូសណ្តោងរ៉ឺម៉កមកកន្លែងធ្វើការ រហូតដល់ម៉ោងជាង៧ព្រឹក ប្រពន្ធគាត់ក៏ចេញមកយកម៉ូតូទើបដឹងថា បាត់ម៉ូតូ។
លោកអធិការបន្តទៀតថា៖ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗកម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ ស្នងការ នគរបាលខេត្ត បានធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ
ខាងលើ ខណៈពេលដែលជនរូបនេះ ព្យាយាមរត់គេចពីសមត្ថកិច្ចមកសំងំលាក់ខ្លួន
នៅចំណុចរមណីយដ្ឋានថ្មបាំង ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។
លោកអធិការបានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចំនួន០២គ្រឿងក្នុងនោះជាមធ្យោបាយរបស់ជនសង្ស័យចំនួន០១គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង និងឧបករណ៍កាច់សោរកម៉ូតូចំនួន០១សម្រាប់។
លោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបំពេញនីតិវិធីបន្ត។
ចែករំលែកព័តមាននេះ