ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ក្រោយ​កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរ​មក​ពី​ប្រទេស​ចំនួន​ពីរ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​ផ្លូវការ​នូវ​ការ​ផ្អាក​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ សីហា​ខាង​មុខ​នេះ ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពី​ខាងក្រៅ និង​ការ​បង្កើន​ការ​ការពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​ផ្លូវការ​នូវ​ការ​ផ្អាក​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ សីហា​ខាង​មុខ​នេះ ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពី​ខាងក្រៅ និង​ការ​បង្កើន​ការ​ការពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។

យ៉ាងណាមិញ​ទាក់ទង និង​ការ​ផ្អាក​ជើងហោះហើរ​ទាំង​ពីរ​ប្រទេស​ខាងលើ​នេះ​បើ​តាម​លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា « កាលណា​យើង​បិទ​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​ភ្លាម​ៗ វា​នឹង​ប៉ះពាល់​ហើយ ។ វា​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​វា​ប៉ះពាល់​មក​ដល់​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក ផ្នែក​បដិសណ្ឋារកិច្ច សណ្ឋាគារ អាហារ​ដ្ឋា​ន ការ​ដឹក​ជញ្ជូន ទីភ្នាក់ងារ​ទេ​ចរណ៍​ខ្លះ​ហើយ​» ។

លោកស្រី​បាន​បន្ត​ថា «​តើ​ធ្វើ​ម៉េច បើ​មានការ​រីក​រាលដាល​បែប​នេះ រាជរដ្ឋាភិបាល​គិត​ថា ដើម្បី​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ យើង​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង ។ ក្នុង​នាម​យើង​ជា​វិស័យ​ឯកជន​យើង​នូវ​តែ​គោរព​តាម​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល ឱ្យ​មានការ​ទប់ស្កាត់​បែប​នេះ​សិន​ចុះ យើង​ចាំ​ចាប់ផ្តើម​ជា​ថ្មី​ឡើង​វិញ​នៅ​ពេល​ណា​យើង​អាច​ទប់ស្កាត់​បាន ហើយ​ចាំ​គិត​អំពី​ការ​ស្តា​អាជីវកម្ម​ឡើង​វិញ​» ។

លោក តឹក​រ៉េ​ត សំរេច ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែ​របា​ន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា ឈាន​ចូល​ដល់​ឆ្នាំ ២០២០​នេះ​ស្ថានភាព​ការ​ដឹក​ជញ្ជូន​ផ្លូវអាកាស​ត្រូវ​បាន កាត់​បន្ថយ​យ៉ាង​គំហុក​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​មេរោគ​ផ្លូវដង្ហើម COVID -19 ។

លោក​សង្កត់ធ្ងន់​ថា «​ជា​ការ​ពិត​ណាស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ យើងខ្ញុំ​ក៏​ទទួល​រង​នូវ​ការ​ប៉ះពាល់​ពី​ការ​រាតត្បាត​នេះ​ដែរ ដែល​តម្រូវ​អោយ​យើង​កាត់​បន្ថយ និង​លុប​ជើងហោះហើរ​មួយ​ចំនួន​ធំ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា​អង្គរ​អ៊ែ​រ នៅ​តែ​បន្ត​កិច្ច​ប្រត្តិបត្តិការ​របស់​ខ្លួន​ប្រកបដោយ​មោទនភាព ដោយ​គោរព​ប្រត្តិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ស្តង់ដា​អន្តរជាតិ​ដូច​ជា សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​គោលការណ៍​របស់​អាជ្ញាធរ​អាកាសចរណ៍​ជាតិ​-​អន្តរជាតិ​នានា ជា​ពិសេស​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា »​។

លោក​លើក​ឡើង​ថា ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែ​រ នៅ​តែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់ សស្រាំ​ក្នុង​ការ​ជួយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​មក​កាន់​ទឹកដី​កំណើត​វិញ ពី​រដ្ឋធានី​ញ៉ូ​ដេ​លី ប្រទេស​ឥណ្ឌា និង​ដឹក​ប្រជាជន​ហ្វី​លី​ពី​ន ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់ រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ