ខេត្តកំពត ៖ យុវនារីម្នាក់បានត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈពេលកាន់មីក្រូហ្វូនបម្រុងច្រៀងខារ៉ាអូខេលេងនៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៥ មិថុនា នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ។
លោកអ៊ា ស៊ីថា អាយុ៥៤ឆ្នាំ ជាឪពុកឱ្យដឹងថា កូនស្រីគាត់ដែលស្លាប់នេះឈ្មោះអ៊ា ឌីណា អាយុ២៤ឆ្នាំ នៅព្រឹកកើតហេតុ រូបគាត់បានដឹកគោទៅចងនៅក្រោយផ្ទះ រីឯកូនស្រីនៅរៀបចំផ្ទះ លុះគាត់ចងគោហើយមកដល់ផ្ទះវិញ ស្រាប់តែឃើញកូនដេកនៅមុខទូរទស្សន៍ និងឧបករណ៍សម្រាក់ចាក់ខារ៉ាអូខេ ដោយដៃកាន់មីក្រូហ្វូន តែគ្មានកម្រើកសោះ ទើបគាត់ដឹងថា កូនគាត់ពិតជាត្រូវចរន្តអគ្គិសនីឆក់ហើយ ។ ខណៈនោះ គាត់ក៏រត់ទៅយកទំពក់ប្ញស្សីមកទាញ មីក្រូហ្វូនចេញពីដៃកូន រួចយកកូនទៅប្រមៀលជាមួយភក់ ដើម្បីឱ្យធាតុដីជួយស្រូបក្រែងកូនគាត់អាចនៅមានជីវិតរស់បាន តែជាអកុសលកូនគាត់បានស្លាប់ទៅហើយ ។
ជុំវិញហេតុការណ៍ខាងលើ ភ្នាក់ងារកោះសន្តិភាពពុំអាចទាក់ទងទៅលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទងខាងជើងដើម្បីបំភ្លឺបានទេ ដោយរកលេខទូរស័ព្ទទំនាក់ទំនងពុំបាន ។ តាមព័ត៌មានឱ្យដឹងទៀតថា គ្រួសារនេះមិនមែនមានតែឪពុកនិងកូន២នាក់នេះទេ តែពេលកើតហេតុក្នុងផ្ទះនោះម្តាយនាងទៅផ្សារ ឯប្អូន៤នាក់ទៀតទៅធ្វើការនិងទៅរៀន ៕
ចែករំលែកព័តមាននេះ