ប្រទេសជប៉ុន ៖ យោងតាមការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយកាលព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមិថុនា បានឱ្យដឹងថា ជាងពាក់កណ្តាលនៃប្រជាជននៅក្នុងទីក្រុងតូក្យូ ចង់ឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ បន្តពន្យារពេលថែមទៀត ឬក៏លុបចោលតែម្តង ជាងប្រារព្ធឡើងនៅឆ្នាំក្រោយ។
ការស្ទង់មតិដែលធ្វើឡើងដោយស្ថាប័នព័ត៌មានជប៉ុនចំនួនពីរ បានកើតឡើងបន្ទាប់ពីអ្នកជំនាញផ្នែកសុខភាពបានព្រមានថា សូម្បីតែការពន្យាពេលមួយឆ្នាំ ក៏ប្រហែលជាមិនគ្រប់គ្រាន់ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ប្រកបដោយសុវត្ថិភាពបានដែរ។
ការស្ទង់មតិដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បានរកឃើញថា សំឡេងចំនួន ៥១,៧ភាគរយ សង្ឃឹមថាព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ នឹងបន្តពន្យាពេលថែមទៀត ឬក៏លុបចោលតែម្តង ខណៈដែលសំឡេង ៤៦,៣ភាគរយ ចង់ឃើញព្រឹត្តិការណ៍នេះ រៀបចំឡើងតាមការគ្រោងទុក (កាលបរិច្ឆេទថ្មី)។
ក្នុងចំណោមអ្នកដែលប្រឆាំងនឹងការរៀបចំកីឡាអូឡាំពិកឆ្នាំ២០២១ ក្នុងនោះមានចំនួន ២៧,៧ ភាគរយ បានលើកឡើងថា ពួកគេចង់ឱ្យលុបចោលព្រឹត្តិការណ៍មួយនេះតែម្តង ខណៈដែល២៤ភាគរយចង់មានការពន្យារពេលជាលើកទី២ ។
សូមជម្រាបជូនថា ការស្ទង់មតិនេះធ្វើតាមរយៈទូរស័ព្ទដៃ ដែលរៀបចំឡើងដោយសារព័ត៌មានជាតិ Kyodo និងទូរទស្សន៍ Tokyo MX នៅចន្លោះថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ដែលទទួលបានសំឡេងឆ្លើយតបសរុបចំនួន ១,០៣០សំឡេង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលគ្រោងធ្វើឡើងនៅថ្ងៃ២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានលើកទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ វិញ ដោយសារតែវិបត្តិដែលបណ្តាលមកពីវីរុសកូវីដ១៩ ៕ (ដកស្រង់ចេញពី៖ AFP)
ចែករំលែកព័តមាននេះ