ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចូលរួមចំណែករបស់ស្រ្តី​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅតែ​មានសក្តានុពលច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​ប្រធានបទ​ស្ដី​ពី «​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​» ពិតជា​មាន​សារៈសំខាន់ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​ៗ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ជា​ពិសេស នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ទន្ទឹម​នឹង​នេះ ការ​លើកកម្ពស់​តួនាទី​ស្ត្រី គឺជា ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ (SDG 2030) ។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ទៀត​ថា ក្នុង​បរិការណ៍​បច្ចុប្បន្ន ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន លើ​ស្ត្រី​ច្រើន​ជាង​បុរស ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ជា​ពិសេស​ស្ត្រី នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ស្ត្រី​ភាគច្រើន មានការ​ងារ​នៅ​ក្នុង​វិស័យ​សេវាកម្ម និង វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​អាច​មិន​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​គាំពារ​សង្គម ដែល​ជា​ធម្មតា​គ្របដណ្ដប់​លើ​កម្មករ​-​និយោជិត សម្រាប់​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។

ទោះ​យ៉ាងណា​ក៏​ដោយ​, ការ​លើកកម្ពស់​តួនាទី​របស់​ស្ត្រី នៅ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល (Digital Information) ត្រូវ​បាន​ចាត់ ទុក​ថា​ជា​កាលានុវត្តភាព និង កាតាលីករ​ថ្មី​មួយ សម្រាប់​ព​ន្លឿ​ន​ការ​សម្រេច​បាន​នូវ​សមភាព​យេ​ន​ឌ័​រ និង ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​បរិ​យា​ប័ន្ន​។ ជាក់ស្តែង​, ការ​ចូលរួម​ចំណែក​របស់​ស្ត្រ​ក្នុង​ការ​- ជំរុញ​កំណើនសេដ្ឋកិច្ច គឺ​នៅ​មាន​សក្តានុពល​ច្រើន​។

ហេតុនេះ រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន និង ភាគី​ពាក់ព័ន្ធ​, ជា​ពិសេស វិស័យ​ឯកជន​, ត្រូវ​រួម​គ្នា​បង្កើត​បរិយាកាស​មួយ អំណោយផល​ដែល​អាច​ឱ្យ​ស្ត្រី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​យក​កាលានុវត្តភាព និង​សក្តានុពល​ថ្មី​ទាំងនេះ​។ ក្នុង​ន័យ​នេះ​, យើង​គួរ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ដោយ​ផ្តោត​លើ​ការងារ​ដូច​ខាងក្រោម​៖

ទី​១-បង្កើន​ការ​ផ្តល់​សេវា និង លើកកម្ពស់​ការ​ទទួល​បាន​សេវា​របស់​ស្ត្រី និង​កុមារី ក្នុង​ការ​ប្រើប្រាស់ សេវា ICT តាម​រយៈ ៖ ការ​ផ្តល់​សេវា និង ទីកន្លែង ដែល​ស្ត្រី​អាច​ប្រើប្រាស់​សេវា ICT ដោយ​ងាយស្រួល និង​មាន​សុវត្ថិភាព និង​ការ​វិនិយោគ និង​ការ​រៀបចំ​គោលនយោបាយ ប្រកប ដោយ​បរិ​យា​ប័ន្ន សំដៅ​ផ្តល់​សេវា ICT ក្នុង​ថ្លៃ​សមរម្យ (affordable ICT service)​។

ទី​២-ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​អប់រំ​ផ្នែក STEAM ដែល​អាច​ឱ្យ​ស្ត្រី និង កុមារី​ទទួល​បាន ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង ICT ។

ទី​៣-បន្ត​លើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​ការ​បង្កើន​ការ​- យល់​ដឹង​អំពី​ការ​អភិវឌ្ឍ​អាជីវកម្ម​សំខាន់​ៗ ជា​ពិសេស សម្រាប់​សហគ្រាស​ធុន​តូច និង មធ្យម និង វិស័យ ICT, ពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​, និង រៀបចំ​ដាក់​វិធានការ​លើក​ស្ទួយ​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ទៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។

ទី​៤-រៀបចំ​ប្រព័ន្ធ​បរិស្ថាន (Ecosystem) មួយ​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សហគ្រាស​កម្រិត តូច​និង មធ្យម និង​សហគ្រិន​ជា​ស្ត្រី ដោយ​យកចិត្តទុកដាក់​ដល់​ការ​បញ្ជ្រាប​ច្ចេក​វិទ្យា ឌី​ជី​ថ​ល​, ការ​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​, ការ​បណ្ដុះបណ្ដាល និង​ការ​កសាង​សមត្ថភាព ។​ល​។ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មី​ៗ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​។

ទី​៥-ពង្រឹង​ជំនាញ ដូច​ជា អក្ខរកម្ម​ឌី​ជី​ថ​ល (Digital literacy) និង ការ​ការពារ​អត្តសញ្ញាណ ដើម្បី ឱ្យ​ស្ត្រី​អាច​ទទួល​បាន​ប្រយោជន៍​ពេញលេញ និង ប្រកបដោយ​សុវត្ថិភាព ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។

ទី​៦-លើកកម្ពស់​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ និង​ឧត្ត​មា​នុ​វត្ត​ន៍​នានា (Best practice) ពាក់ព័ន្ធ​នឹង​ការ​លើក​- ស្ទួយ​តួនាទី​ស្ត្រី​លើ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ព្រមទាំង​ចែករំលែក និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ