រាជធានីភ្នំពេញ ៖ យុវជន២ក្រុម ដោយភាគីម្ខាងមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិក ចំណែកភាគីម្ខាងទៀតមានគ្នា៣នាក់ជិះម៉ូតូម៉ាក HONDA MOOVE ហើយភាគីសងខាងបានជិះម៉ូតូជួបគ្នាតាមផ្លូវ និងមានការឌឺដងដាក់គ្នា រួចយកដុំថ្មគប់គ្នាទៅវិញទៅមករហូតដល់បន្ទប់ជួល បន្ទាប់មកភាគីខាងម៉ូតូម៉ាកនិករត់ចូលក្នុងបន្ទប់បិទទ្វារដោយទុកម៉ូតូនៅខាងក្រៅ ត្រូវបានភាគីខាងម៉ូតូម៉ាក HONDA MOOVE ខឹងខ្លាំងពេកក៏វាយម៉ូតូនោះបណ្ដាលឲ្យរងការខូចខាតខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះជួលភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភាគីម្ខាងមានគ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូមួយគ្រឿងម៉ាកនិក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ត្បូងឃ្មុំ ១F-២៥៦០ ។ ចំណែកភាគីម្ខាងទៀតមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA MOOVE ពណ៌ខ្មៅលាយខៀវត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ១HS-០៩៩៧ ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូមួយគ្រឿងម៉ាកនិកបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងគោលបំណងទៅលេងបងប្អូននៅផ្ទះជួល ខណៈកំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតជិះគ្នា៣នាក់ ម៉ាក HONDA MOOVE បានឌឺដងដាក់ពួកគាត់ បន្ទាប់មកក៏យកដបទឹកអំពៅគប់មកលើពួកគាត់ទៀត ដោយទ្រាំមិនបាន ពួកគាត់ក៏នាំគ្នាឈប់ចុះរើសដុំថ្មគប់ទៅលើភាគីខាងម៉ូតូម៉ាក HONDA MOOVEវិញ ខណៈនោះក៏មានការគប់គ្នាទៅវិញទៅមក។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកពួកគាត់ក៏បាននាំគ្នាជិះម៉ូតូគេចចូលមកក្នុងបន្ទប់ជួល តែត្រូវបានភាគីខាងម៉ូតូHONDA MOOVE នាំគ្នាដេញតាមរហូតមកដល់បន្ទប់ជួលដែរ ភ្លាមៗនោះពួកគាត់ភ័យពេកក៏បាននាំគ្នាចូលក្នុងបន្ទប់ហើយចាក់គន្លឹះទ្វារ តែត្រូវបានភាគីខាងម៉ូតូម៉ាក HONDA MOOVE ធាក់ទ្វារមិនរបើក ក៏វាយម៉ូតូរបស់ពួកគាត់ដែលទុកនៅខាងក្រៅបន្ទប់ បណ្ដាលអោយរងការខូចខាតខាតខ្ទេចផ្នែកខាងមុខទាំងស្រុង ចំណែកខាងម៉ូតូជនបង្កវិញរងការខូចខាតបន្តិចបន្តួចផ្នែកខាងមុខ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុបាននាំភាគីទាំងសងខាងមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣។
ទាក់ទិននឹងករណីខាងលើនេះ បន្ទាប់ពីកើតហេតុភ្លាមៗ មិនទាន់មានការបំភ្លឺពីភាគីខាងម៉ូតូម៉ាក HONDA MOOVE ឡើយ ។
ក្រោយពេលកើតហេតុ ដោយភាគីទាំងសងខាងមិនបានប្ដឹងប្ដល់គ្នាអ្វីទាំងអស់ ទើបសមត្ថកិច្ចបានធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាផ្ដិតមេដៃ រួចឱ្យខាងអាណាព្យាបាលមកទទួលត្រឡប់យកទៅវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ