រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់កើតទុក្ខមិនសុខចិត្តរឿងប្តីកាន់លុយ ហើយប្រើអំពើហិង្សាទៀត ក៏បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីខាងលើនេះមានឈ្មោះហៅថា ស្រេម អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តសៀមរាប ចំណែកប្តីឈ្មោះហៅថា សុផល អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ ។
តាមប្រភពពីស្ត្រីរងគ្រោះខាងលើបាននិយាយថា គាត់នឹងប្តីគាត់បានស្រលាញ់គ្នាជាង១០ឆ្នាំមកហើយ តែមិនបានរៀបអាពាហ៍ពិពាហ៍នោះទេ ហើយគាត់ទាំង២នាក់បង្កើតកូន២នាក់ ដោយកូនបងជាកូនប្រុសអាយុ១០ឆ្នាំ និងកូនស្រីមិនទាន់បានមួយខួបនៅឡើយ ។
ស្ត្រីខាងលើបន្តថា ពួកគាត់ទាំង២នាក់ប្តីប្រពន្ធស្រលាញ់គ្នាណាស់ និងបានចាកចេញពីស្រុកកំណើតមករស់នៅផ្ទះជួលជាមួយប្តី នឹងកូនប្រុសស្រីទាំង២នាក់ ។ ជារៀងរាល់ថ្ងៃ ប្តីរបស់គាត់ជាអ្នកកាន់លុយ ចំណែកគាត់ជាប្រពន្ធមិនមានលុយកាក់ចាយគ្រប់គ្រាន់ទេ ដោយក្នុងមួយថ្ងៃប្តីរបស់គាត់ឱ្យលុយសំរាប់ចាយវាយ និងទិញម្ហូបចំនួន៥ពាន់រៀល ឬទៅ១ម៉ឺនរៀលប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃប្តីរបស់គាត់ហូបបាយម្ហូបរបស់គាត់ដែលស្លឱ្យនេះ មិនដែលទាស់ចិត្តរឿងឆ្ងាញ់ ឬមិនឆ្ងាញ់នោះទេ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ប្តីរបស់គាត់តែងតែនិយាយគំរោះគំរើយ ហើយថែមទាំងនិយាយថា សម្លរបស់គាត់មិនឆ្ងាញ់ ចាញ់សម្លគេ រហូតឈ្លោះប្រកែកគ្នា រហូតដល់ប្តីបានយកបុ័ងតោកាប់ដៃរបស់គាត់ និងយកកូនប្រុសច្បងរត់គេចបាត់តែម្តង ។
ក្រោយពេលស្ត្រីរងគ្រោះខាងលើបានរៀបរាប់រួច នគរបាលប៉ុស្តិ៍ចោមចៅ ក៏បានសាកសួរក្មួយស្រីថ្លៃរបស់ស្ត្រីរងគ្រោះ បានប្រាប់ថា មិនមែនប្តីរបស់គាត់កាប់ទេ គឺគាត់ខឹងប្តីរបស់គាត់ ហើយកាប់ដោយខ្លួនឯង ។ ហើយក្មួយស្រីរូបនោះក៏បានបញ្ជាក់ប្រាប់ទៀតថា ស្ត្រីរងគ្រោះដែលជាម្តាយមីងថ្លៃរូបនេះ គឺមានសតិមិនសូវគ្រប់នោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សួរនាំបញ្ជាក់ថា ស្ត្រីរងគ្រោះប្តឹងប្តីរបស់គាត់ទេ បើប្តឹងសមត្ថកិច្ចនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ប៉ុន្តែចុងក្រោយស្ត្រីជាប្រពន្ធមិនចង់មានរឿងវែងឆ្ងាយក៏បានប្រាប់ថា មិនប្តឹងប្តល់នោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ