រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធជំងីឆ្លងរបស់ក្រសួងសុខាភិបាលកម្ពុជា បានកត់ត្រាពីចំនួនអ្នកពុលស្រានៅក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៥ មកថា មានអ្នកស្លាប់ចំនួន៥៦នាក់ ។ ចំនួននេះ គឺរាប់បញ្ចូលករណីពុលស្រាដែលកំពុងកើតមាននៅខេត្តបន្ទាយមានជ័យពេលនេះផងដែរ ។
បើតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC កាលពីឆ្នាំ២០១៥ មានករណីពុលស្រានៅច្រើនខេត្ត គឺខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ចំនួន២៨៤ ករណី ក្នុងនោះស្លាប់៣៣ នាក់ ។ នៅក្នុងឆ្នាំ២០១៦ ករណីពុលស្រាមានចំនួន ៩២ករណី ស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ។
លុះមកដល់ឆ្នាំ ២០១៧ ពលរដ្ឋពុលស្រាមាន ១៣ករណី នៅក្នុងខេត្តមណ្ឌគិរី ដែលបណ្តាលឲ្យពលរដ្ឋ ២នាក់ស្លាប់បាត់បង់ជីវិត ។
ចំណែកនៅឆ្នាំ ២០១៨ ចំនួនករណីពុលស្រាមានរហូតដល់២០៣ករណី ពលរដ្ឋស្លាប់៩នាក់ នៅខេត្តក្រចេះ និងខេត្តកំពត ។ ឆ្នាំ២០១៩មិនមានករណីពុលស្រាកត់ត្រាដោយក្រសួងសុខាភិបាលទេ តែនៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២០ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសចំនួន ២៧នាក់ ហើយរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ៦នាក់ ។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានបញ្ជាក់ថា ក្រសួងសុខាភិបាល បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យ និងកំពុងទទួលបានការយកចិត្តទុកព្យាបាលពីគ្រូពេទ្យជំនាញ ហើយបញ្ហានេះបានផ្តល់ពិគ្រោះបច្ចេកទេសជាមួយគ្រូពេទ្យជំនាញថ្នាក់ជាតិ ។
នាយកដ្ឋានជំនាញបានដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងការទិញស្រាមកទទួលទាន ត្រូវជាវស្រាវរកប្រភពស្រាច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ និងពិសាក្នុងកម្រិតតិចបំផុត ជាពិសេសក្នុងកំឡុងពេលកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
មន្ត្រីសុខាភិបាលបញ្ជាក់ថា ការទទួលស្រាមិនត្រឹមអាចបណ្តាលឲ្យពុលស្រាប៉ះពាល់សុខភាពនោះទេ ស្រាអាចឲ្យមនុស្សធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ទៀតផង ។ កន្លងមកក្រៅពីករណីពុលស្រានេះ ពលរដ្ឋកម្ពុជាបានស្លាប់បាត់បង់ជីវិតដោយសារអាហារជាច្រើនករណីផ្សេងទៀត ដូចជា ពុលនំបញ្ចុក ពុលត្រីក្រពត ពុលបន្លែ ពុលអាហារផ្អាប់ដូចផ្អក ម៉ាំល្ហុង មិនស្អាតជាដើម ។
ពលរដ្ឋសូមពរដល់អាជ្ញាធរពាក់ព័ន្ធរឹតបន្តឹងករណីចំណីអាហារនេះឲ្យហ្មត់ចត់ ដើម្បីការពារសុខមាភាពសាធារណៈ ៕
ចែករំលែកព័តមាននេះ