ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បង្គារស្រស់ជិត200គីឡូក្រាមដែលមានសារធាតុគីមី ត្រូវបានមន្ត្រីគយនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សហការជាមួយនគរបាលត្រួតពិនិត្យច្រកទ្វារព្រំដែន និងមន្ត្រីស្នាក់ការសាលាខេត្ត ចាប់បានកាលពីម៉ោង10និង30នាទីយប់ ថ្ងៃទី6 ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកទ្វារតែម្ដង។
សេចក្តីរាយការណ៍បន្តថា លុះនៅព្រឹកថ្ងៃទី7 ខែមិថុនា នេះ បង្គារស្រស់មានសារធាតុគីមីខាងលើ ដែលចាប់បានពីពួកឈ្មួញនេះ ត្រូវសមត្ថកិច្ចយកទៅដុតបំផ្លាញចោល នៅខាងកើតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
បើតាមលោក រស់ សាត អនុប្រធានការរិយាល័យគយ និងរដ្ឋាកព្រែកចាក បាននិយាយប្រាប់ឱ្យដឹងថា បង្គារដែលចាប់ខាងលើនេះ គឺចាប់បានពីអ្នករកស៊ីដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វារនេះ មានចំនួន12កេស ស្មើនឹង192គីឡូគាម។
លោកអនុប្រធានការិយាល័យគយព្រែកចាក បានបន្តថា បង្គារដែលត្រូវបានចាប់នោះ គឺយើងបានធ្វើការពិនិត្យឃើញថា មានសារធាតុគីមីនៅក្នុងបង្គារ ទើបប្រធានសាខាគយខេត្តកំពត ឱ្យចាប់ ហើយត្រូវយកទៅដុតចោលនៅមុខមហាជន ដើម្បីកុំឱ្យពួកគាត់ជាអ្នករលស៊ីនោះ ឈប់ដឹកជញ្ជូនទៀត។
លោករស់ សាត មិនបានបញ្ជាក់ប្រាប់ថា បង្គារនេះ គេនាំទៅកាន់ទីណានោះទេ តែបើធ្លាប់ដឹងជាទូទៅបង្គារនេះត្រូវបានដឹកពីប្រទេសវៀតណាមដឹកឆ្ពោះទៅភ្នំពេញ។ ហើយកន្លងមក បង្គារដែលមានសារធាតុជាតិគីមីនេះ មន្ត្រីឯទៀតៗក៏ធ្លាប់បានចាប់ ហើយធ្វើការដុតចោលជាច្រើនដងផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ