ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ចរាចរណ៍​៥​រូប ត្រូវ​ដក​តំណែង និង​ព្យួរការងារ​បន្ទាប់​ល្មើស​អនុវត្តន៍​ច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១​ខែ​នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​មាន​នគរបាល​៥​រូប ត្រូវ​បាន​ដក​តំណែង និង​ព្យួរការងារ ក្រោយ​ពួក​គាត់​ល្មើស​ទៅ​នឹង​ច្បាប់​ចរាចរណ៍ ។ នេះ​បើ​តាម​អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១​ខែ​នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​មាន​នគរបាល​៥​រូប ត្រូវ​បាន​ដក​តំណែង និង​ព្យួរការងារ ក្រោយ​ពួក​គាត់​ល្មើស​ទៅ​នឹង​ច្បាប់​ចរាចរណ៍ ។ នេះ​បើ​តាម​អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​លទ្ធ​នៃ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១ មិថុនា នៅ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ហ៊ឹ​ម យ៉ា​ន បាន​លើក​ថា ក្នុង​រយៈពេល​១​ខែ​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​៣១ ខែឧសភា ឆ្នាំ​២០២០ មាន​មន្ត្រី​នគរបាល​ចំនួន​៥​នាក់ ត្រូវ​បាន​ដក​ដំណែង និង​ព្យួរការងារ​របស់​ពួក​គាត់ ដោយសារ​តែ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ហ៊ឹ​ម យ៉ា​ន សង្កេត​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល​នគរបាល​មួយ​ចំនួន​នៅ​តែ​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ទាក់ទង​នឹង​ការ​អនុវត្ត​នូវ​ច្បាប់​ចរាចរណ៍​នេះ ហើយ​មន្ត្រី​នគរបាល​ខ្លះ​នៅ​តែ​បំពាន​នឹង​ច្បាប់ ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​ត្រូវ​បាន​លើកលែង​នោះ​ឡើយ ដោយ​អគ្គស្នងការ​នគរបាល​បាន​ដក​តំណែង និង​ព្យួ​ការងារ​ជា​បន្តបន្ទាប់ ។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​មក​ទល់​ពេល​នេះ​ក្នុង​ខែ​នេះ គឺ​យើង​បាន​ដាក់​វិន័យ​៥​នាក់​រួម​មាន

ទី​១ ប្រធាន​ការិយាល័យ នាយការិយាល័យ​ខេត្តកំពង់ធំ ត្រូវ​បាន​ដក​ហួត​មុខ​តំណែង​ព្យួរការងារ ទី​២ ព្យួ​ការងារ អធិការរង​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ហើយ​ទី​៣- ព្យួរការងារ មន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​បី​រូប​» ។

ជាមួយ​គ្នា​នោះ​ដែរ អគ្គស្នងការ​រង​នគរបាល​ជាតិ​លើក​ឡើង​ថា ទោះបីជា​មានការ​ធ្លាក់​ចុះ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​១​ខែ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏​រាជរដ្ឋាភិបាល នៅ​តែ​មានការ​ព្រួយបារម្ភ​ដដែល ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​មិន​គោរព​ច្បាប់ ជា​ពិសេស គឺ​ការ​មិន​ពាក់មួក​សុវត្ថិភាព​នេះ​តែ​ម្តង ។

អគ្គស្នងការ​បន្ថែម​ថា យ៉ាងណា​ក៏​ដោយ​ការ​រឹត​បន្តឹង​នូវ​ច្បាប់​ចរាចរណ៍​នេះ​នឹង​បន្ត​ទៅ​មុខ ជា​និច្ច ដោយ​គ្មាន​ការ​លើក​ឡើង​នោះ​ឡើយ ហើយ​ការ​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ តែ​ប៉ុណ្ណោះ​មិនមែន​ធ្វើ​ឡើង ដើម្បី​គាបសង្កត់​ប្រជាពលរដ្ឋ ដូច​ការ​លើក​ឡើង​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ឡើយ ។

សូម​ជម្រាប​ថា រយៈពេល​១​ខែ នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នគរបាល​ធ្វើការ​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ចំនួន​៤៤.៧៦៥​គ្រឿង និង​ផាកពិន័យ​បាន​ថវិកា​ជាង​៣​ពាន់​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ