រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ស្រី្តសញ្ជាតិខ្មែរអាយុ៣៩ឆ្នាំម្នាក់បានឆ្លងជំងឺកូវីដ19 មកពីសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្នាក់នៅព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ក្រសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី២៣ ឧសភាថា ករណីវិជ្ជមានវីរុសកូវីដ-១៩ មាន០១នាក់ គិតត្រឹមថ្ងៃទី២២ ខែឧសភា ទទួលលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វេលាម៉ោង០៩:៣០នាទីយប់ ។
ក្រសួងសុខាភិបាលបានបង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ ជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា សហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ។
តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅកាលពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន ។ នៅពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ ។
បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយដែរ ។ សូមជម្រាបថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺឆ្លង២នាក់ជាថ្មី ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានព្យាបាលជាចំនួន១២២នាក់ នៅទូទាំងប្រទេសកាលពីកន្លងមកថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ