ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មូលនិធិជនពិការបានធ្វើពិធីប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤មx៦ម៉ែត្រ សង់អំពីថ្មប្រក់ស័ង្កសី ដោយមានបំពាក់ភ្លើងអគ្គិសនីពន្លឺព្រះអាទឹត្យជូនលោក ខ្វាន់ សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនពិការជើងទាំងពីរដែលមានប្រពន្ធ កូន និងចៅ មានជីវភាពក្រីក្រគ្មានផ្ទះ រស់នៅមានតែខ្ទមតូចទ្រុឌទ្រោម នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប។
ពិធីនេះ មានការអញ្ជើញជាគណៈអធិបតីពីលោក សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ លោកនាយកមូលនិធិជនពិការ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត ព្រមទាំងក្រុមប្រឹក្សាស្រុក ឃុំ និងមន្ត្រីរាជការជាច្រើនកុះករ។
លោក សៅ ឡែន ប្រធានក្រុមប្រិក្សាមូលនិធិជនពិការ បានបញ្ជាក់ថា ផ្ទះ១ខ្នងនេះចំណាយអស់ថវិកា ១៦,០០៨,០០០រៀល បានមកពីអំណោយសប្បុរសធម៌ដែលសប្បុរសជននានា បានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។
លោកបន្តទៀតថា ហិបនេះ បានដាក់នៅតាមវត្តអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ។ល។ ហើយកន្លងមកមូលនិធិជនពិការ បានប្រគល់ផ្ទះជូនទៅជនពិការក្រីក្រនៅខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តសៀមរាប នេះជាផ្ទះទី៤ហើយ មូលនិធិជនពិការ និងផ្តល់ជូនបន្តទៀតនៅខេត្តផ្សេងៗទៀត ដែលខេត្តខ្លះសាងសង់រួច៩០%និងខេត្តខ្លះបានសង់រួចជាស្ថាពរ។
ការផ្តល់ផ្ទះមូលនិធិបានប្រជុំ ពិនិត្យវាយតម្លៃ កំណត់លក្ខណៈសម្បត្តិ ជនពិការក្រីក្រតាមសហគមន៍។ កន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចជាច្រើនសំដៅលើការលើកកម្ពស់សុខមាលភាពជនពិការ តាមរយៈការផ្តល់សេវា ស្តាលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាពជូនជនពិការក្រីក្រ បណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឲ្យមានការងារធ្វើ ការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម។
ថ្មីៗនេះ ក្រសួងក៏បាននាំយកសម្ភារៈអនាម័យ សម្រាប់ការពារជំងឺកូវីដ-១៩ ដែលឧបត្ថម្ភៈដោយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជូនដល់អង្គភាពដែលបម្រើសេវាកម្មដល់ជនពិការ។
ក្នុងពិធីនេះដែរ លោក ជូ រតនៈ នាយកមូលនិធិជនពិការ បាននាំអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនដល់គ្រួសារលោក ខ្វាន់ សារឿន រួមមាន៖ថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស។
ក្នុងនោះដែរ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និយុវនីតិសម្បទាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជួយឧបត្ថម្ភគ្រួសារលោក ខ្វាន់ សារឿន បន្ថែម និងប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១និងថវិកាមួយចំនួនពីមូលនិធិជនពិការផងដែរ៕
ចែករំលែកព័តមាននេះ