គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រំពឹងថា ខ្លួននឹងត្រូវចំណាយថវិការហូតដល់ទៅ ៨០០លានដុល្លារអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានពន្យារពេល ដោយលើកទៅធ្វើនៅឆ្នាំក្រោយ ។
សូមរំលឹកថា កាលពីខែមីនា IOC និងរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តពន្យាពេលការប្រកួតព្រឹត្តិការណ៍កីឡានេះ រយៈពេលមួយឆ្នាំដោយសារតែការរាតត្បាតពីវីរុសកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន និងក៏ដូចជាទូទាំងពិភពលោកផងដែរ ។
លោក Thomas Bach បានថ្លែងនៅក្នុងសន្និសីទមួយ ក្រោយបញ្ចប់ការប្រជុំក្រុមប្រឹក្សាប្រតិបត្តិថា «យើងរំពឹងថាយើងនឹងត្រូវចំណាយរហូតដល់ទៅ ៨០០លានដុល្លារ សម្រាប់ផ្នែកមួយចំនួន និងការទទួលខុសត្រូវរបស់យើងក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិក ដែលត្រូវបានពន្យារពេល» ។
បុរសជនជាតិអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ទឹកប្រាក់ចំនួន ៦៥០ លានដុល្លារអាមេរិកនឹងត្រូវចំណាយ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានៅឆ្នាំក្រោយ និង ១៥០លានដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់សហព័ន្ធអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិក ។
តួលេខដែលបានប្រកាសដោយលោក Thomas Bach មិនរាប់បញ្ចូលថ្លៃដើម ដែលអ្នករៀបចំព្រឹត្តិការណ៍កីឡាទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុន ដែលទទួលរងប៉ះពាល់ដោយសារការពន្យារពេល ១២ ខែនៃព្រឹត្តិការណ៍នេះទេ ។
ជាមួយគ្នានេះផងដែរ លោកបានបដិសេធមិនធ្វើការប៉ាន់ស្មាន អំពីការពន្យារពេលថ្មីដែលអាចកើតមាន ប្រសិនបើវីរុសកូវីដ-១៩ នៅតែជាក្តីបារម្ភដ៏ធំមួយនៅឆ្នាំក្រោយ ។
សូមបញ្ជាក់ថា វីរុសកូវីដ-១៩ មានចម្លងលើមនុស្សប្រមាណជាង ៤,៥ លាននាក់ ហើយជាង ៣០ម៉ឺននាក់បានស្លាប់ដោយសារវីរុសនេះនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ