រាជធានីភ្នំពេញ៖ ប្រសិនបើអ្នកនិងអនាគតភរិយាកំពុងបម្រើការងារនៅស្ថាប័នក្រុមហ៊ុនណាមួយ ឬក៏កំពុងតែមានមុខជំនួញនៅក្នុងដៃ វាជារឿងប្រពៃបំផុតដែលលោកអ្នកគួរលើកទឹកចិត្តសុភាពនារីយើងឲ្យបន្តការងាររបស់គាត់ក្រោយពីការរៀបចំអាពាហ៍ពិពាហ៍ជាមួយគ្នារួចនោះ ព្រោះធ្វើដូច្នេះនឹងជួយលោកអ្នកជៀសផុតពីហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ ឬអាចនិយាយបានថានឹងជៀសផុតពីភាពក្រីក្រ ។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូបនៅកម្ពុជា ។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចលេចធ្លោមួយរូបនៅកម្ពុជានិងជាអ្នកជំនាញខាងវិស័យអចលទ្រព្យបានលើកឡើងថា ដៃគូរដែលមានការងាររៀងៗខ្លួនក្រោយពេលរៀបការ ក្លាយជាប្តីប្រពន្ធ មិនគួរភរិយាលាឈប់ពីការងារមកធ្វើជាស្ត្រីមេផ្ទះនោះទេ ។
លោក ង៉ែត ជូ ដែលតែងតែលើកឡើងពីគុណសម្បត្តិភរិយារបស់លោកដែលបានជួយលោកឲ្យដើរទៅមុខជាប្រចាំនោះបានពោលថា «ជាទូទៅ ប្តីប្រពន្ធពេលរៀបការហើយគួរចេញរកប្រាក់ទាំងពីរនាក់ មិនគួរចេញរកប្រាក់តែម្នាក់នោះទេ ។ ព្រោះថាជីវិតមនុស្សយើងមិនទៀងទាត់នោះទេ វាអាចជួបហានិភ័យគ្រប់ពេល ។ ឧទាហរណ៍បើអ្នកដែលចេញរកប្រាក់សំរាប់ផ្គត់ផ្គង់គ្រួសារជួបហានិភ័យដោយប្រការណាមួយ នោះគ្រួសារនិងសមាជិកគ្រួសារទាំងមូលនឹងជួបហានិភ័យដោយបាត់បង់ប្រាក់ចំណូលចូលផ្គត់ផ្គង់គ្រួសារទាំងមូល។
លោកបានបន្តថាយើងបានសង្កេតឃើញនៅករណីច្រើននៅសង្គមខ្មែរយើង នៅពេលរៀបអាពាហ៍ពិពាហ៍ហើយបុរសជាប្តី តាំងខ្លួនជាបុរសទ្រូង៥ ហត្ថ ចិញ្ចឹមគ្រួសារហើយឲ្យភរិយាលាឈប់ពីការងារ ឬការរកស៊ីណាមួយ ឲ្យប្រពន្ធនៅផ្ទះ ។ បើនិយាយតាមវេជ្ជសាស្ត្រស្ត្រីជាភរិយាគឺគាត់ពិបាកមែនព្រោះក្រោយរៀបការអាចត្រូវពរពោះ ឆ្លងទន្លេ ជាដើម ក៏ប៉ុន្តែ បុរសជាស្វាមីតោងយល់ថាយើងអត់អាចដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយបានទេ ។
បានន័យថាពងមាន់ទាំងអស់ដាក់ក្នុងកន្ត្រកតែបានទេ ដូច្នេះវាមានន័យថាយើងមិនអាចពឹងតែលើស្វាមីខ្លួនឯងតែម្នាក់បានទេ ព្រោះវាអាចមានករណីចៃដន្យគាត់គ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ខ្លួនពិសារដោយសារតែជំងឺអ្វីមួយដែលធ្វឲ្យបន្ទុកធ្លាក់លើភរិយាដែលជាស្ត្រីមេផ្ទះអត់មានចំណូល ។ ម្យ៉ាងណាវាក៏អាចមានករណីលែងលះអី ស្ត្រីនៅតែមានលំនឹងឬឯករាជ្យភាពសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ