ខេត្តបន្ទាយមានជ័យ ៖ ក្រោយភាគីថៃបិទព្រំដែន ម្យ៉ាងក្នុងប្រទេសកម្ពុជាក៏បានបិទសាលារៀនទាំងរដ្ឋនិងឯកជន ដោយសារផ្ទុះជំងឺកូវីដ១៩នោះ ស្របពេលទំនេរពីការងារបង្រៀន គ្រូបង្រៀនសាលាឯកជន២នាក់ដែលជាមិត្តភក្តិនឹងគ្នា និងមានព្រំដីជាប់គ្នាសរុប១៦ម៉ែត្រគុណនឹង២០ម៉ែត្រ បាននាំគ្នាបង្កើតកសិដ្ឋានដាំបន្លែជាលក្ខណៈគ្រួសារ ដោយដាំដុះបន្លែបង្ការសម្រាប់ទទួលទានផង និងលក់ផង ដែលមើលទៅគួរឱ្យកោតសរសើរ។
បន្លែក្នុងកសិដ្ឋានរបស់លោកគ្រូទាំង២នាក់ខាងលើ គេឃើញមានដាំដូចជា ននោង, ស្អំ, ល្ហុង, ត្រប់, ដើមអង្គាដី និងបន្លែរួមផ្សំមួយចំនួនទៀត ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺផ្លែននោងដែលពួកគាត់ដាំមានរាងទ្រវែងៗមើលទៅគួរឱ្យគយគន់ និងចង់បេះយកទៅធ្វើម្ហូបដើម្បីទទួលទាន ហើយទ្រើងនីមួយៗអាចដើរខាងក្រោម ឬចងអង្រឹងអង្គុយលេងទាំងថ្ងៃទាំងយប់បានថែមទៀត។
ក្រៅពីដាំដំណាំជាលក្ខណៈគ្រួសា លោកគ្រូទាំង២នាក់ក៏បានបង្កើតថ្នាលបណ្តុះកូនឈើដូចជា ដើមគ្រញូង, បេង, ធ្នង់, ឈើទាល, សុក្រំ, ជ្រេស, ត្រាច, ស្តៅ, នាងនួន, ស្លា, ផ្កាស្បៃរឿង និងដើមព្រិច ដើម្បីលក់ទៀតផង។
លោកគ្រូសុធា សេរី ហៅគ្រូចយចៃឌី ជាគ្រូបង្រៀននៅសាលាឯកជន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងជាម្ចាស់កសិដ្ឋានដាំបន្លែខាងលើបានប្រាប់ឱ្យដឹងថា មុនផ្ទុះជំងឺកូវីដ១៩ ដីរបស់គាត់និងមិត្តភក្តិម្នាក់ទៀតមានព្រំជាប់គ្នា ក្នុងម្នាក់ៗមានដីទំហំ៨ម៉ែត្រគុណ២០ម៉ែត្រ នៅទំនេរ សូម្បីរបងក៏គ្មានផង លុះជំងឺកូវីដ១៩ផ្ទុះឡើងធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ ម្យ៉ាងទៀតខណៈរាជរដ្ឋាភិបាលប្រកាសបិទសាលាទូទាំងប្រទេសទាំងស្រុង ដើម្បីទប់ស្កាត់ការឆ្លងមេរោគប្រភេទនេះ គាត់និងមិត្តភក្តិម្នាក់ទៀតក៏បាននាំគ្នាបង្កើតកសិដ្ឋានដាំបន្លែនេះឡើង។
លោកគ្រូខាងលើបន្តថា សម្រាប់កូនឈើដែលបណ្តុះដើម្បីលក់ចម្រុះទាំងអស់មានជិត៣០០០ដើម ហើយលក់ចេញក្នុង១ដើមតម្លៃ១ដុល្លារ ពេលនេះមានអ្នកកុំម្ម៉ង់ទុកខ្លះៗហើយដែរ។
លោកគ្រូខាងលើបានបន្តទៀតថា ដើម្បីឲ្យដំណាំទាំងនេះទទួលបានផ្លែផ្កានិងផលល្អ លោកគ្រូទាំង២ក៏បានបង្កើតជីកំប៉ុស្ត និងជីសាំងយោគរស្មីព្រះអាទិត្យដោយខ្លួនឯង មិនប្រើជីគីមីឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់កំពុងធ្វើទ្រើងបន្លែដើម្បីដាំបន្ថែមទៀតឲ្យពេញដី និងកំពុងធ្វើទ្រុងដើម្បីចិញ្ចឹមមាន់ទៀតផង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ