ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកគំនិត​លេងល្បិច​បន្លំ​យក​អីវ៉ាន់​ក្នុង​កន្លែងធ្វើការ​ខ្លួនឯង ចប់​ត្រឹម​កាមេរ៉ា

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ស្រុក​ពញាឮ ក្រោម​ការ​ដឹក​នាំ​ពី​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​​ដែល​បាន​លួច​ស្ពាន់​ក្នុង​រោងចក្រ​ ចុងក្រោយ​បែក​ធ្លាយ​ត្រឹម​ជនរងគ្រោះ​បើក​កាមេរ៉ា​សុវត្ថិ​ភាព​ឃើញ​ពីសកម្ម​ភាព​ទាំង​អស់​។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ស្រុក​ពញាឮ ក្រោម​ការ​ដឹក​នាំ​ពី​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​​ដែល​បាន​លួច​ស្ពាន់​ក្នុង​រោងចក្រ​ ចុងក្រោយ​បែក​ធ្លាយ​ត្រឹម​ជនរងគ្រោះ​បើក​កាមេរ៉ា​សុវត្ថិ​ភាព​ឃើញ​ពីសកម្ម​ភាព​ទាំង​អស់​។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​សិប្បកម្ម​ដំឡើង​ទូ​ភ្លើង ស្ថិត​ក្នុងភូមិ​តា​គោ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ផល រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ផ្សា​ដែក មាន​ទីលំនៅ​ភូមិ​ជ្រៃ​លាស់ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ដែល​បាន​ធ្វើ​សកម្មភាព​លួច​ស្ពាន់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សេង លី​ហៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រដ្ឋបាល​នៃ​សិប្បកម្ម​តំឡើង​ទូ​ភ្លើង និង​គ្រឿង​ដែក​មាន​ទីលំនៅ​ភូមិ​តា​គោ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ។

នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ធ្វើការ​នៅ​សិប្បកម្ម​ដំឡើង​ទូ​ភ្លើង​របស់​ជន​រង​គ្រោះ ដែល​ស្ថិត​នៅ​ភូមិ​តា​គោ​ដូច​សព្វដង លុះ​នៅ​ពេល​នោះ​កើតហេតុ ជនសង្ស័យ​បាន​លួច​យក​ស្ពាន់​ដែល​បាន​កែ​ច្នៃ​រួច​ជា​បន្ទះ​ខ្លី​ៗ​ដែល​ទុក​នៅ​ក្នុង​សិប្បកម្ម​ដំឡើង​ទូ​ភ្លើង បន្ទាប់​មក​ក៏​យក​ទៅ​ដាក់​ក្នុង​ធុង​ទឹកកក​តូច ពណ៌​ក្រហម ក្រោយមក​ជនសង្ស័យ​រូប​នេះ ក៏​យក​ស្ពាន់​ដែល​លួច​បាន​នោះ​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន រួច​ហើយ​ក៏​ត្រឡប់​មក​កន្លែងធ្វើការ​វិញ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​៥​ល្ងាច ជនសង្ស័យ​ក៏​បាន​ចេញពី​ធ្វើការ រួច​ជិះ​ម៉ូតូ​ទៅ​ផ្ទះ ហើយ​ក៏​យក​ស្ពាន់​ដែល​លួច​នោះ​ដាក់​ក្នុង​បេ​ពណ៌​ខៀវ រួច​យក​ទៅ​លក់​នៅ​កន្លែង​ទិញ​អេ​ត​ចាយ​មួយ​កន្លែង​នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ។ ដោយ​ថ្លឹង​ស្ពាន់​នោះ​បាន​ទំងន់​១១​គីឡូក្រាម លក់​ក្នុង​តម្លៃ​១​គីឡូក្រាម​ចំនួន​១៧,០០០​រៀល សរុប​បាន​លុយ​ទាំងអស់​១៨៧,០០០​រៀល​។ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​រួច ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន​វិញ​។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ជនសង្ស័យ​បាន​ទៅ​ធ្វើការ​តាម​ធម្មតា​ដូច​រាល់ដង រហូត​ដល់​ម៉ោង​២​និង​៣៥​នាទី ជន​រង​គ្រោះ​ដែល​មាន​តួរ​នាទី​ជា​រដ្ឋបាល​នៃ​សិប្បកម្ម​ដំឡើង​ទូ​ភ្លើង និង​គ្រឿង​ដែក រួម​ទាំង​អ្នកធ្វើការ​ងារ​ជាមួយ​បាន​បើក​មើល​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​ពី​សកម្មភាព​របស់​ជនសង្ស័យ​ដែល​លួច​យក​ស្ពាន់​បន្ទះ​ខ្លី​ៗ​ដែល​កែ​ច្នៃ​រួច​នៅ​ក្នុង​សិប្បកម្ម​ដាក់​ក្នុង​ធុង​ទឹកកក ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​ហេតុការណ៍​ដូច្នេះ ជន​រង​គ្រោះ​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ជ្រៃ​លាស់ ភ្លាម​ៗ​នោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​តែ​ម្ដង​។

តាម​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ស្ពាន់​បន្ទះ​ខ្លី​ៗ​កែ​ច្នៃ​រួច​នៅ​ក្នុង​សិប្បកម្ម​ដំឡើង​ទូ​ភ្លើង និង​គ្រឿង​ដែក​ខាងលើ​បាន​ចំនួន​២​លើក ដោយ​លើក​ទី​១-​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ពុំ​ចាំ​ថ្ងៃ អំឡុង​ខែមេសា ខ្លួន​បាន​លួច​យក​ស្ពាន់​ខាងលើ​រួច​ហើយ​យក​ស្ពាន់​នោះ​ទៅ​ថ្លឹង​លក់​បាន​ទំងន់​៦​គីឡូក្រាម ដោយ​ក្នុង​១​គីឡូក្រាម​តម្លៃ ១៧,០០០​រៀល សរុប​បាន​លុយ​ចំនួន ១០២,០០០ រៀល​។ និង​លើក​ទី​២-​ជនសង្ស័យ​បាន​សារភាព​ដូច​រឿងហេតុ​ខាងលើ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ