សមាគមកីឡាបាល់ទាត់ប្រទេសចិន (CFA) បានស្នើឲ្យក្លិបក្នុងប្រទេសកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ និងគ្រូបង្វឹកយ៉ាងតិច៣០% ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុអំឡុងពេលជួបវិបត្តិដោយសារកូវីដ១៩ ។
យោងតាមសារព័ត៌មានរដ្ឋចិន The People’s Daily បានឲ្យដឹងថា ពេលនេះ CFA កំពុងរង់ចាំការឆ្លើយតបពីក្លិបក្នុងលីគកំពូលចិន (CSL) និងលីគលំដាប់ក្រោមចំនួន២ទៀត ។
រដូវកាល CSL ដែលត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែ កុម្ភៈ ប៉ុន្តែត្រូវបានពន្យារពេលដោយគ្មានកំណត់ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស ដែលបានលេចចេញនៅកណ្តាលប្រទេសចិន ក្នុងទីក្រុង Wuhan ខេត្ត Hubei កាលពីខែធ្នូ ដែលគេហៅថាវីរុសកូរ៉ូណា មុនពេលរីករាលដាលពាសពេញពិភពលោក ។
កាសែតគ្រប់គ្រងដោយរដ្ឋខាងលើបានចុះផ្សាយថា «បន្ទាប់ពីមតិត្រូវបានប្រមូល និងកែលម្អ CFA នឹងរាយការណ៍ទៅ FIFA និងនាយកដ្ឋានពាក់ព័ន្ធដទៃទៀតអំពីបញ្ហានេះ» ។
«វាត្រូវបានគេយល់ថាគោលដៅរបស់ CFA ក្នុងការកាត់បន្ថយប្រាក់ឈ្នួល មិនរាប់បញ្ចូលកីឡាករយុវជន និងបុគ្គលិកធម្មតាដែលមានប្រាក់ខែទាបនោះទេ» ។
បញ្ហាទាំងនេះ ត្រូវបានមើលឃើញលើគ្រូបង្វឹក និងកីឡាករបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមកប្រកបអាជីពក្នុងប្រទេសចិន និងទទួលបានប្រាក់ខែយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
សូមបញ្ជាក់ថា នៅមិនទាន់មានការប្រកាសពីកាលបរិច្ឆេទចាប់ផ្តើមសម្រាប់ CSL នៅឡើយទេ ប៉ុន្តែមានការអះអាងថា វាអាចនឹងចាប់ផ្តើមនៅចុងខែមិថុនា ឬដើមខែកក្កដា ៕
ចែករំលែកព័តមាននេះ