លោក Guido Fienga នាយកប្រតិបត្តិក្រុម Roma បានកោតសរសើរដល់ទឹកចិត្តដ៏អស្ចារ្យរបស់កីឡាករ និងអ្នកចាត់ការទូទៅរបស់ក្លិប បន្ទាប់ពីពួកគេបានស្ម័គ្រចិត្តមិនយកប្រាក់ខែ៤ខែ ដើម្បីជួយក្លិបអំឡុងពេលមានវិបត្តិបណ្តាលមកពីវីរុសកូវីដ១៩ ។
កីឡាករទាំងអស់ និងអ្នកចាត់ការលោក Paulo Fonseca និងក្រុមការងាររបស់លោកក៏បានចូលរួមសកម្មភាពដូចគ្នា ដើម្បីធានាថាបុគ្គលិកមិនមែនជាកីឡាករក្លិបទាំងអស់ ទទួលបានប្រាក់ខែពេញលេញ ។
លោក Guido Fienga បានមានប្រសាសន៍ថា «យើងតែងតែនិយាយអំពីការរួបរួមគ្នានៅក្នុងក្រុម Roma ។ ក្នុងការស្ម័គ្រចិត្តមិនទទួលយកប្រាក់ខែរបស់ពួកគេ សម្រាប់រដូវកាលនៅសល់កីឡាករ គ្រូបង្វឹក និងក្រុមការងាររបស់គេ បានបង្ហាញថា យើងពិតជានៅជាមួយគ្នា»។
«ប្រធានក្រុម Edin Dzeko ជាមួយកីឡាករទាំងអស់ និងលោក Paulo បានបង្ហាញថាពួកគេយល់ពីអ្វីដែលក្លិបកំពុងប្រឈម ហើយយើងក៏សូមអរគុណពួកគេផងដែរ ចំពោះកាយវិការដ៏អស្ចារ្យ ចំពោះបុគ្គលិកទាំងអស់នៅក្នុងក្លិបនេះ» ។
សូមរំលឹកថា ក្រុម Roma មិនបានធ្វើការប្រកួតចាប់តាំងពីថ្ងៃទី១ ខែមីនា ពោលប៉ុន្មានថ្ងៃមុនរដូវកាល Serie A ត្រូវបានផ្អាក ។
បច្ចុប្បន្នភាពនេះ ប្រទេសអុីតាលីមានចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ១៩សរុប២៣,៦៦០នាក់ និងអ្នកឆ្លងបន្តកើនឡើងជាង១៧៨,០០០ករណី ខណៈអ្នកជាសះស្បើយមានចំនួន៤៧,០៥៥នាក់ ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ