ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ដែកថែប​សន្យា​អ្វីខ្លះ​ចំពោះ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​លោក​ Wang Wentian កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​ចម្បង​នៃ​ការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វី​ដ ១៩ ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ចិន​នឹង​ជួយ​កម្ពុជា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន…

រាជធានី​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​លោក​ Wang Wentian កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​ចម្បង​នៃ​ការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វី​ដ ១៩ ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ចិន​នឹង​ជួយ​កម្ពុជា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ចំពោះ​មុខ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ឧបត្ថម្ភ «​វិ​ថី​សូត្រ​គ្រួសារ​តែ​មួយ​» ជូន​ចំពោះ​កម្ពុជា​ក្នុង​សកម្មភាព​រួម​គ្នា​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វី​ឌ​-១៩​ក្នុង​សង្គម​ប្រជាជន​កម្ពុជា ថា «​ក្នុង​នាម​ជា​មិត្ត​ដែកថែប ភាគី​ចិន​នឹង​ផ្តល់​ជំនួយ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វី​ឌ​-១៩​ជូន​ភាគី​កម្ពុជា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។ នា​ពេល​បន្ទាប់ រដ្ឋាភិបាល​ចិន​នឹង​បន្ត​រៀបចំ​ផែនការ​កម្លាំង​រួម​គ្នា​សម្រាប់​ស្ថាប័នរដ្ឋ និង​សង្គម​ស៊ី​វិល ដើម្បី​ផ្តល់​ការ​គាំទ្រ និង​ការ​ជួយ​ដ៏​ចាំបាច់​ជូន​ដល់​ភាគី​កម្ពុជា​» ។

លោក​ Wang Wentian បាន​បន្ត​ថា ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​វីរុស​កូ​វី​ឌ​-១៩​ក្នុង​ប្រទេស​ចិន ស្ថិត​ក្រោម​ការ​ដឹកនាំ និង​ចាត់ចែង​ការងារ​ពី​ឯកឧត្តម​ប្រធានាធិបតី​ចិន Xi Jinping រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​ទប់ស្កាត់​យ៉ាង​តឹង​រឹង​បំផុត និង​គ្រប់​ជ្រុងជ្រោយ​បំផុត បាន​យក​សកម្មភាព​ជាក់ស្តែង​មក​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​មហាអំណាច​ដែល​ប្រកបដោយ​ការ​បើកចំហ តម្លាភាព និង​ការ​ទទួលខុសត្រូវ ក៏​បាន​បង្ហាញ​ទៅ​កាន់​បណ្តា​ប្រទេស​លើ​សកលលោក​ឲ្យ​ឃើញ​ពី​ជំនឿ​ចិត្ត និង​កម្លាំងកាយ​ក្នុង​ការ​យក​ជម្នះ​លើ​ជំងឺ​វីរុស​លើក​នេះ​។

បច្ចុប្បន្ន​នេះ ប្រទេស​ចិន​ឆ្លងកាត់​ការ​ពិសោធន៍​នៃ​ជំងឺ​វីរុស ស្ថានភាព​នៃ​ការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​បាន​ប្រែ​មក​ជា​ភាពល្អ​ប្រសើរ សណ្តាប់ធ្នាប់​នៃ​សង្វា​ក់​ផលិតកម្ម​ជីវភាព​បាន​ចាប់ផ្តើម​បើក​ដំណើរការ​យ៉ាង​ឆាប់រហ័ស​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ឆ្លើយ​តប​ថា ចាប់តាំងពី​ជំងឺ​វីរុស​មានការ​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​មក ភាគី​ចិន​បាន​ឈរ​ជាមួយ​ភាគី​កម្ពុជា មាន​អារម្មណ៍​ដូច​គ្នា​ជាមួយនឹង​កម្ពុជា ក៏​បាន​ចាត់​ប​ញ្ជូ​ល​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន និង​ផ្តល់​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ​មក​កាន់​ប្រទេស​កម្ពុជា​យ៉ាង​ទាន់​ពេលវេលា នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​បងប្អូន​ដែល​តែង​យកអាសា​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​។ ភាគី​កម្ពុជា​នឹង​ចង​ចាំ​ក្នុង​ក្រអៅបេះដូង​ជា​រៀង​រហូត​។ ហើយ​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ភាគី​ចិន និង​ពួតដៃគ្នា​យក​ជម្នះ​លើ​ជំងឺ​វីរុស​ឲ្យ​បាន​។

សូម​រម្លឹក​ថា​ចិន​បា​នប​ញ្ជួ​ន​អ្នក​ជំនាញការ​និង​គ្រូពេទ្យ​ចិន​ជំនាញ​ខាង​កូ​វី​ដ ១៩ ចំនួន ៧ រូប​មក​កម្ពុជា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន​ដែល​ចិន​បាន​ជួយ ។ បន្ត​មក​ទៀត មូលនិធិ​ចិន​ដើម្បី​សន្តិភាព ការ​អភិវឌ្ឍ ថ្មី​ៗ​នេះ​ក៏​បាន​ផ្តល់​ម៉ាស​វេជ្ជសាស្ត្រ​ចំនួន​២​សែន​ម៉ាស សម្លៀក​បំពាក់​ការពារ​ចំនួន​៨០០០​កំ​ផ្លេ និង​ឱសថ​ចិន​មួយ​ចំនួន​ទៀត ជូន​ចំពោះ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ