ក្លិបបាល់ទាត់ Bayern Munich នឹងវិលត្រឡប់មកកាន់ការហ្វឹកហាត់របស់ខ្លួនវិញ នៅថ្ងៃច័ន្ទនេះ (កាលបរិច្ឆេទនៅប្រទេសអាល្លឺម៉ង់) ជាលើកដំបូងចាប់តាំងពីត្រូវបានផ្អាក ដោយសារតែការផ្ទុះនៃវីរុស Covid-19 បន្ទាប់ពីក្លិបបានបញ្ជាក់ថា ក្រុមឈុតធំរបស់ Hansi Flick នឹងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ស្តីពីការប្រុងប្រយ័ត្នចំពោះវីរុសនេះ ។
ក្របខ័ណ្ឌ Bundesliga ត្រូវបានផ្អាកកាលជាច្រើនលើកច្រើនសារ ខណៈដែលការសម្រេចចិត្តចុងក្រោយគឺត្រូវពន្យារពេលដល់ថ្ងៃទី ៣០ ខែ មេសា ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិប Bayern Munich កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា អ្នកគាំទ្រ និងអ្នកកាសែតមិនត្រូវបានអនុញ្ញាតឱ្យមកកន្លែងហ្វឹកហាត់ ខណៈដែលកីឡាករវិលត្រឡប់វិញនៅឡើយ ។
«ក្រុមឈុតធំរបស់ FC Bayern Munich នឹងត្រលប់មកកាន់ការហ្វឹកហាត់វិញនៅ Sabener Strasse ដោយត្រូវចែកជាក្រុមតូចៗ ចាប់ពីថ្ងៃច័ន្ទទី ៦ ខែ មេសា ។ វានឹងត្រូវបានធ្វើនៅក្នុងការសម្របសម្រួលជាមួយគោលនយោបាយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។ ក្នុងនោះបទបញ្ជាអនាម័យទាំងអស់ នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត» ។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា «ការហ្វឹកហាត់នេះ នឹងធ្វើឡើងដោយគ្មាន សាធារណៈជនខាងក្រៅណាមួយ ត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ» ។
«ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសឆ្លងនេះ អោយកាន់តែទាបថែមទៀតនោះក្លិប FC Bayern Munich សូមស្នើឱ្យអ្នកគាំទ្រទាំងអស់ បន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដូច្នេះសូមកុំមកកន្លែងហ្វឹកហាត់របស់ពួកយើង» ៕ (ប្រភពពី fcbayern)
ចែករំលែកព័តមាននេះ