រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ១ក្រុមបានចុះទៅធ្វើការត្រួតពិនិត្យទំនិញនៅក្នុងផ្សារទំនើបមួយកន្លែង ប៉ុន្តែពុំដឹងថាទំនិញនោះគឺជាទំនិញគេចពន្ធឬក៏ជាទំនិញមានការពាក់ព័ន្ធនឹងបទល្មើស ឬការហាមឃាត់អ្វីខ្លះនោះទេ ព្រោះតែសកម្មភាពនៃការត្រួតពិនិត្យនោះគឺធ្វើឡើងដោយបិទទ្វារជិតតែម្ដង ហើយចំណែកក្រុមអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មាន ឬទទួលបានការបញ្ជាក់ណាមួយពីក្រុមសមត្ថកិច្ចទាំងនោះឡើយ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ នៅក្នុងផ្សារទំនើប«ឈិន យ៉ាង» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចមួយក្រុមនោះពុំដឹងថានៅអង្គភាពណានោះទេ ដោយគ្រាន់តែដឹងថាមានការចូលរួមដោយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ អាជ្ញាធរសង្កាត់ ព្រមទាំងមេភូមិផងដែរ ហើយបានចុះធ្វើការត្រួតពិនិត្យទំនិញ២ទីតាំង ដោយទីតាំងទី១នៅម្ដុំជិតសួនការណាឌីយ៉ា នៅវេលាម៉ោងជា៨ព្រឹកថ្ងៃដដែលប៉ុន្តែពុំដឹងថារកឃើញទំនិញល្មើសច្បាប់អ្វីខ្លះហើយបានរឹបអូសឬត្រឹមផាកពិន័យបែបណានោះឡើយ។
លុះក្រោយមកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលកម្លាំងសមត្ថកិច្ចនគរបាល១ក្រុមដដែលនេះបានចុះទៅកាន់ផ្សារទំនើប ឈិន យ៉ាង ខាងលើនោះទៀត ហើយបានចូលទៅក្នុងផ្សាររួចបិទទ្វារជិតទើបពិនិត្យដែលមើលពីខាងក្រៅពុំដឹងថាសកម្មភាពពិនិត្យនោះរកឃើញអ្វីខ្លះនោះទេ។
តាមប្រភពព័ត៌មានបានបន្តថា ផ្សារទំនើបខាងលើមានដាក់លក់ទំនិញជាច្រើនមុខ ហើយពុំដឹងថាកម្លាំងនគរបាល១ក្រុមនេះស៊ើបអង្កេតនិងស្រាវជ្រាវរកឃើញឬសង្ស័យទៅលើមុខទំនិញណាមួយមិនប្រក្រតីទេទើបឈានដល់ការចុះទៅពិនិត្យបែបនេះ ។ ចំណែកក្រុមអ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅថតរូបយកព័ត៌មាននោះឡើយ ហើយក៏មានទទួលការបញ្ជាក់ឲ្យដឹងពីក្រុមនគរបាលទាំងនោះដែរ ចំណែកការបិទទ្វារត្រួតពិនិត្យយ៉ាងស្ងៀមស្ងាត់នោះក៏មិនត្រូវបានគេបង្ហើបឲ្យដឹងពីមូលហេតុដែរ។
លោកមេភូមិត្រពាំងថ្លឹង១បាននិយាយថា លោកមិនបានដឹងថា សមត្ថកិច្ចខាងលើនៅអង្គភាពណាទេ ប៉ុន្តែនៅវេលាព្រឹកនោះលោកចៅសង្កាត់ចោមចៅទី១បានទូរស័ព្ទប្រាប់ឲ្យលោកទៅចូលរួម ហើយលោកទើបមកដល់ក្រោយគេទេ ប៉ុន្តែពេលចុះទៅពិនិត្យផ្សារមួយនៅម្ដុំជិតសួនកាណាឌីយ៉ា រកឃើញទំនិញបារីអត់បិទឡូហ្គោផ្សព្វផ្សាយឬស្ទីកឃ័រក្រុមហ៊ុន និងស្រាហួសសុពលភាពជាដើម។
ដោយឡែស្ត្រីម្នាក់ដែលជាតំណាងផ្សារឈិន យ៉ាង បាននិយាយថា គាត់មិនបានដឹងថាផ្សាររបស់គាត់ខុសអ្វីទេ ហើយអីវាន់ដែលមាននៅក្នុងផ្សារមានដូចជាស្រានិងបារីជាដើម កំពុងត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ