ខេត្តឧត្តរមានជ័យ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ សេង ជ្រ ហៅម៉ាប់ អាយុ២៤ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានរងរបួសធ្ងន់ ដោយសារត្រូវចោរកាប់ប្លន់យកម៉ូតូ ហើយត្រូវបាននាំយកទៅសង្គ្រោះនៅប្រទេសថៃកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ឧសភា កន្លងទៅ ។
ក្រុមសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះទើបតែសន្សំប្រាក់ទិញបានម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ មួយគ្រឿង កាលពីកន្លះខែមុន ហើយនៅពេលទំនេរពីការងារក៏ទៅរត់ម៉ូតូឌុប ។ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ឧសភា មានបុរស២នាក់បានមកហៅបុរសឈ្មោះ សេង ជ្រ ឱ្យឌុបពួកគេទៅភូមិ១០៥ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង លុះពេលទៅដល់ពាក់កណ្តាលផ្លូវកន្លែងស្ងាត់ ស្រាប់តែក្រុមជននោះបានធ្វើសកម្មភាពប្លន់ដោយកាប់៣ពូថៅរបួសធ្ងន់សន្លប់ស្តូកស្តឹង ហើយយកម៉ូតូទៅបាត់ ។
ប្រភពដដែលបន្តទៀតថា ក្រោយមកមានអ្នកភូមិដើរមកជួបទើបមានការភ្ញាក់ផ្អើលហើយលេចឮដល់សាច់ញាតិក៏មានការសង្ស័យនាំគ្នាទៅមើលឃើញជនរងគ្រោះសន្លប់នៅក្នុងថ្លុកឈាម ក៏នាំយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រួចនាំបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសថៃទៀត ៕
ចែករំលែកព័តមាននេះ