ភាគច្រើនពោលសរសើរ ខ្លះក៏បង្អាប់ បន្ទាប់ពីអ្នកនេសាទម្នាក់សម្រេចចិត្តព្រលែងក្តាមសេះមានពងចូលក្នុងសមុទ្រវិញ ក្រោមហេតុផលមួយនេះ ។
ប្រាកដណាស់ កន្លងមក ធ្លាប់តែឃើញនៅបរទេស ពេលនេះមាននៅកម្ពុជាហើយ បន្ទាប់ពីបុរសអ្នកនេសាទម្នាក់ធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការកើតសរសើរដែលលោកសម្រេចចិត្តព្រលែងក្តាមសេះមានពងចូលសមុទ្រ។

ជាការពិត បងប្អូនមួយចំនួននិយមទទួលទានក្តាមមានពងពេញៗ ព្រោះយល់ថា មានឱជារសឆ្ងាញ់ពិសារ តែយ៉ាងណាមិញ បើជាក្តាមចិញ្ចឹមបែបវារីប្បកម្មមិនជាបញ្ហាចោទឡើយ តែសម្រាប់ក្តាមសេះសមុទ្រធម្មជាតិដែលនេសាទបានពីក្នុងសមុទ្រមក គួរតែគិតគូរសម្រាប់អនាគតវែងឆ្ងាយ ។
តួយ៉ាងបងប្អូនអ្នកនេសាទគួរយកគំរូតាមបុរសរូបនេះ ក្រោយលោកនេសាទបានក្តាមសេះញីដែលពងពេញពោះ តែលោកបានសម្រេចចិត្តបោះចូលទឹកសមុទ្រវិញ ។ នេះបើយោងតាមរយៈគណនីហ្វេកប៊ុករបស់បុរសរូបនេះមានឈ្មោះថា ណាក់ សំណាង ដោយលើកបង្ហោះផ្សារភ្ជាប់ជាមួយរូបប្រលែងក្តាមសេះពងចូលក្នុងទឹកសមុទ្រថា « ធីមប្រលែងក្ដាមពងក្រៅភាគ៤ ថ្ងៃទី២០ ខែ៥ ឆ្នាំ២០២៤ សូមបងប្អូននាក់នេសាទទាំងអស់គ្នាចូលរួមលែងក្ដាមដើម្បីអោយកើតកូនកើតចៅតទៀត »។

គួរបញ្ជាក់ដែរថា ការប្រលែងក្តាមសេះពងនាពេលនេះ អាចថា ជាគំរូមួយសម្រាប់បងប្អូនអ្នកនេសាទដែលនេសាទបានក្តាមសេះពង ដើម្បីទុកជាសារប្រយោជន៍អោយវាកើតកូនកើតចៅតមុខទៀត។ ពោលបើអ្នកនេសាទគ្រប់រូបនេះមានផ្នត់គំនិត ប្រកាន់គោលជំឈរបែបនេះ អាចថាទៅថ្ងៃមុខមិនខ្វះឡើយក្តាមសេះ និងបន្តនេសាទបានរហូតនោះ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក ណាក់ សំណាង អ្នកនេសាទនៅសមុទ្រកោះកុងក្រៅ ឆ្នេរកោះរ៉ុងសន្លឹម បាននិយាយថា លោកប្រកបរបនេសាទនេះតាំងពីតូចមកម្ល៉េះ ពោលលោកដឹងក្តីមកជាមួយរបមួយនេះ។ លោក ណាក់ សំណាង អ្នកនេសាទលើផ្ទៃសមុទ្របន្តថា ក្តាមសេះនាពេលបច្ចុប្បន្ន លោករកមិនសូវបាននោះឡើយ ដោយមូលហេតុថា កាលពីមុនៗគេនិយមបរិភោគក្តាមសេះដែលពងច្រើន ជាពិសេសនៅរដូវនេះតែម្តង ដូចលោកថា ពេលនេះវាពាយស្ទើតែរកពុំបាននោះ ដូចនេះក្នុងនាមលោកដែលធ្វើការតែលើកសមុទ្រនោះ លោកត្រូវតែការពារធន់ធានដែលមាន ជាពិសេសក្តាមសេះដែលពងតែម្តង ដោយវាបានចិញ្ចឹមលោកនិងគ្រួសាររបស់លោកយ៉ាងបរិបូរនោះ។

លោកថា កន្លែងដែលលោកនេសាទផ្ទាល់ ក្នុងចំណោម ១០០ទូក មានតែ៣ ទៅ៤ទូកប៉ុណ្ណោះដែលបានលែងក្តាមសេះដែលពងនេះ ដូច្នេះការលែងក្តាមសេះនេះ លោកសង្ឃឹមថា ប្អូនអ្នកនេសាទនឹងបន្តទុកវា អោយវាកើតកូនកើតចៅដើម្បីបន្តនេសាទទៅថ្ងៃមុខទៀត។ លោក សំណាងបន្តថា ចំពោះការលែងក្តាមពងក្រៅនេះសូមខាងសមាគមជលផល ជួយទប់ស្កាល់ចំពោះអ្នកនេសាទដែលយកក្តាមសេះដែលមានពងក្រៅ ដោយខាងពងក្រៅនេះ វានឹងញាស់ក្នុងរយៈចន្លោះពី ៥ថ្ងៃ ទៅ១០ថ្ងៃនាពេលខាងមុខ ដោយចំនួនកូនរាប់ម៉ឺនដ៏ច្រើនលើសលុបនោះ។

អ្នកនេសាទឈ្មោះ សំណាងដែលគិតគូរដល់ពូជក្តាមនៅកម្ពុជាបន្តថា ក្តាមចាប់ផ្តើមពងចន្លោះពីខែ កុម្ភៈដល់ខែតុលា ហើយក្នុងអំឡុងពេលដែលវាពងញាស់កូនរួច ក្តាមសេះសំបូរបំផុតក្នុងមិថុនា និងកក្កដា។ ចំពោះការនេសាទនេះផងដែរ លោកសំណាងថា មួយថ្ងៃលោកអាចនេសាទបាទ ២០គីឡូក្រាម ហើយក្នុងនោះអាចមានក្តាមពង ៣គីឡូទៅ ៥គីឡូ ហើយបើចំពោះខែក្តាមសំបូរនោះ លោថា នេសាទបានចន្លោពី ៥០ទៅ៦០គីឡូក្រាម។ គួរជម្រាប់ដែរថា លោកសំណាងអ្នកនេសាទលើដែនសមុទ្រ ដែលលោករស់នៅក្រុងព្រះសីហនុ ហើយលើមករកក្តាមនៅកោះរ៉ុងសន្លឹមក្រៅ និងក្នុង រយៈពេល១០ម្តងទើបឡើងដីគោកម្តង៕
ចែករំលែកព័តមាននេះ