ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប បានអំពាវនាវសុំឲ្យអាជ្ញាធរខេត្ត មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងរឿងជនជាតិវៀតណាមដុតបំផ្លាញដំណាំអំពៅអស់ចំនួន៣ហិកតា៥០អា និងឆេះដើមអាកាស្យាអស់១១០ដើម និងស្វាយចន្ទីរចំនួន១៣ដើមរយៈពេល១ឆ្នាំមក ហើយពុំទាន់ដោះស្រាយចប់ផង នៅថ្ងៃទី២៣ កុម្ភៈ ២០២០ ក៏មានភ្លើងឆេះអំពៅរបស់ពួកគាត់អស់ចំនួន៣ហិកតា៥០អាម្តងទៀត (ដែលជាលើកទីពីរ) ទើបធ្វើឱ្យប្រជាពលរដ្ឋអំពាវនាវសុំឲ្យអាជ្ញាធរខេត្តជួយរកយុត្តិធម៌ ។
បើតាមជនរងគ្រោះឈ្មោះសៅ យឿម ភេទប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះម៉ក់ សុភាជ មុខរបរធ្វើស្រែចំការ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាបបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០២០ មានករណីភ្លើងឆេះចំការអំពៅរបស់ក្រុមហ៊ុនសុផាត សំណាង ដែលមានជនជាតិវៀតណាម(ក្រុមហ៊ុនហ៊ីបផាតVN) មកកាប់ប្រមូលផលអំពៅ សង្ស័យដុតអំពៅចំការរបស់ក្រុមហ៊ុន
សុផាតសំណាង បណ្តាលឲ្យភ្លើងឆេះរាលឆ្លងមកឆេះចំការអំពៅរបស់ពួកគាត់ឆេះអស់ចំនួន៣ហិកតា៥០អាខូចខាតទាំងស្រុង។
ប្រភពដ៏ដែលបន្តទៀតថា កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ មានឈ្មោះវ៉ឹក ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះឡាយ ភី ភេទប្រុស កាន់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរលេខ០៩០០៤០៤៩០ ដើមកំណើតជាជនជាតិវៀតណាម មានប្រពន្ធខ្មែររស់នៅភូមិព្រៃតាធឹកឃុំគគីរសោម ស្រុកស្វាយទាប ជាមេការដាំអំពៅរបស់ក្រុមហ៊ុនហ៊ីផាតវៀតណាម សហការជាមួយក្រុមហ៊ុនសុផាត សំណាង ដាំអំពៅស្ករ នៅឃុំគគីរសោមស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនសង្ស័យទាំងពីរនាក់ខាងលើ បានដុតចំការអំពៅខ្មែរឆេះអស់ចនួន៣ហិកតា៥០អា នៅថ្ងៃទី២៧ មីនា២០១៩ ដុតដើមឈើឆេះអស់១២៣ដើមទៀត ប្រជាពលរដ្ឋរងគ្រោះបានចាប់បានជនសង្ស័យឈ្មោះវ៉ឹក ដែលកំពុងធ្វើសកម្មភាពដុតអំពៅប្រគល់ឲ្យសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោម ដោះស្រាយតាមច្បាប់ ក៏ប៉ុន្តែមន្ត្រីនគបាលរូបនោះ មិនទទួលបានប្រាប់ថា នេះជារឿងក្រុមហ៊ុនប៉ូលីសមិនលូកដៃទេ។
ប្រជាពលរដ្ឋទាំង៤គ្រួសារ បានប្តឹងអាជ្ញាធរឃុំស្រុករហូតមកដល់អាជ្ញាធរខេត្តស្វាយរៀងលោកអភិបាលខេត្តបានបញ្ជូនសំណុំរឿងទៅលោកស្នងការចាត់ការបន្ត គឺឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគបាលខេត្តចុះអង្កេតហៅមកសាកសួរឈ្មោះវ៉ឹក មិនបានចូលខ្លួនទេ រយៈពេល១ឆ្នាំប្រជាពលរដ្ឋពុំបានទទួលយុត្តិធម៌ផង មានមនុស្សដុតចំការអំពៅពួកគាត់ឆេះអស់ម្តងទៀត។
ទាក់ទិនករណីនេះដែរ លោកតន់ ឡេវ តំណាងក្រុមហ៊ុនសុផាតសំណាងបានមានប្រសាសន៍ ក្រុមហ៊ុនលោកក៏ជាអ្នករងគ្រោះដែរ នៅថ្ងៃទី២៣ កុម្ភៈ មានមនុស្សលួចដុតចំការអំពៅគាត់ឆេះអស់២៥ហិកតាហើយភ្លើងក៏ឆេះរាលឆ្លងទៅឆេះអំពៅរបស់ប្រជាពលរដ្ឋ៤គ្រួសារ អស់៣ហិកតា៥០អាទៀត។ ហើយប្រជាពលរដ្ឋបានប្តឹងឲ្យក្រុមហ៊ុនសុផាតសំណាង ទទួលខុសត្រូវសងសំណង។ ក្រុមហ៊ុនមិនទទួលខុសត្រូវទេ ហើយប្រជាពលរដ្ឋចោទប្រកាន់ទៅលើមនុស្ស២នាក់ មួយឈ្មោះឡាយ ភី និងឈ្មោះវ៉ឹកនោះ គឺជនទាំងពីនាក់នេះមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនសុផាតសំណាងទេ គឺជាមនុស្សរបស់ក្រុមហ៊ុនវៀតណាម ហើយក្រុមហ៊ុនហ៊ីបផាតវៀតណាម គឺគ្រាន់តែក្រុមហ៊ុនសហប្រតិបត្តិការ ។ ដូច្នេះលោកមិនទទួលខុសត្រូវទេឲ្យប្រជាពលរដ្ឋប្តឹងទៅអាជ្ញាធរដោះស្រាយទៅ។
ចែករំលែកព័តមាននេះ