ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ខណៈពេលជនរងគ្រោះតខ្សែភ្លើងចូលក្នុងអណ្ដូងទឹកដើម្បីបូមទឹកដាក់ប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន ស្រាប់តែត្រូវខ្សែភ្លើងឆក់ ។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចគុម្ពស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនរងគ្រោះម្នាក់ដែលបាត់បង់ជីវិតខាងលើឈ្មោះគាត ហេង ភេទប្រុស អាយុ៤៩ឆ្នាំ ពីមុនរស់នៅខេត្តព្រះសីហនុ ហើយទើបតែមកទិញដីរស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានត្រឹមតែមួយរយៈប៉ុណ្ណោះ ។
តាមប្រភពដដែលបានបន្តថា អណ្ដូងទឹកដែលជនរងគ្រោះបូមទឹកនោះគឺជាអណ្ដូងរួមស្ថិតនៅជាប់នឹងផ្ទះរបស់ជនរងគ្រោះ ។ មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនទៅអណ្ដូងទឹកដើម្បីបូមទឹកប្រើប្រាស់ ប៉ុន្តែជាអកុសលមិនទាន់ទាំងបានបូមទឹកផងក៏ត្រូវខ្សែភ្លើងឆក់នៅកន្លែងឌុយដោត បណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងតែម្ដង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួច ជនរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ