រាជធានីភ្នំពេញ ៖ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល មានភូមិមួយឈ្មោះ«ភូមិដំបូកមានលក្ខណ៍» និងវត្តមួយឈ្មោះ«វត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍» ។ ឈ្មោះភូមិ និងវត្តនេះ ទាក់ទិននឹងរឿង«តាដុង យាយជ័យ» ។
រឿងតាដុង យាយជ័យ ឬប្រវត្តិក្រុងឧដុង្គ និទានពីនាងត្រចើលដោះក្រាល ជាកូនស្រីរបស់តាដុង យាយជ័យ រត់គេចខ្លួនចេញពីការដេញតាមប្រលោមសុំស្នេហ៍ពីព្រះរាជា ដែលគង់នៅរាជធានីលង្វែក ខណៈដែលព្រះអង្គចេញក្រសាលព្រៃ បានជួបនាងកំពុងធ្វើដំណើរម្នាក់ឯងតាមផ្លូវក្នុងព្រៃមួយ ។ ដោយឃើញនាងមានរូបឆោមលោមពណ៌ស្រស់ស្អាតដូវទេពធីតា ព្រះរាជាក៏បានដេញតាមនាងតាំងពីតំបន់ព្រៃភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញសព្វថ្ងៃ រហូតដល់ចំណុចវត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍ ស្ថិតនៅក្នុងភូមិដំបូកមានលក្ខណ៍ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាលនេះ ។
នាងត្រចើលដោះក្រាល បានរត់រហូតអស់កម្លាំង និងបានទៅដល់ដំបូក១នៅក្នុងព្រៃ ដោយរត់តទៅទៀតលែងរួច នាងក៏អធិដ្ឋាន រួចបានរត់ចូលពួនក្នុងដំបូកនោះ ហើយក៏លាក់ខ្លួនបាត់ ។ រីឯព្រះរាជារកពុំឃើញឡើយ ទើបមនុស្សជំនាន់នោះបានបង្កើតវត្ត និងភូមិនៅចំណុចដំបូកនោះ ហើយដាក់ឈ្មោះថា «ដំបូកមានលក្ខ័ណ» រហូតមក ។
ិនតែប៉ុណ្ណោះក្រៅពីភូមិ និងវត្តខាងលើ ក្រោយៗមកក៏មានការកសាងសាលារៀនមួយដាក់ឈ្មោះថា «សាលាបឋមសិក្សាវត្តដំបូកមានលក្ខណ៍» ដែលស្ថិតនៅប៉ែកខាងជើងជាប់របងវត្ត និងស្ថិតនៅខាងកើតភូមិខាងលើនេះ។ ជាងនេះទៀតអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ វីរជនស្នេហាជាតិដ៏ល្បីល្បាញ១រូបគឺ «លោកអារ្យហែម ចៀវ» ក៏ជាអតីតពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងបានធ្លាប់គង់នៅពេលដែលលោកបួសជាសង្ឃ និងបានកសាងសមិទ្ធផលសម្រាប់វត្តមួយនេះដែរ ព្រោះលោកមានស្រុកកំណើតនៅក្នុងភូមិមួយ ស្ថិតជិតវត្តនេះតែម្ដង ។
យោងតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៥ បានតំណាលថា សម័យថ្ងៃមួយព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍យាងចូលព្រៃដោយមានសេនា៤នាក់ ដង្ហែព្រះអង្គទៅផង ។ លុះចូលដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះឃើញនាងត្រចើលដោះក្រាល (កូនស្រីរបស់តាដុង យាយជ័យ )បានដើរត្រាច់តែម្នាក់ឯងទៅលេងផ្ទះនាងទែន ដែលជាម្ដាយមីងនៅឯខេត្តតាកែវ ។ ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា ព្រៃប្រទះនាង ដែលក្រោយមកគេហៅក្លាយមកថា ប្រទះឡាងទៅវិញ ហើយទីនោះសព្វថ្ងៃគឺ «ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ» ។
ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងមពណ៌ល្អដូចនាងទេពធីតា ទ្រង់ក៏លោតចុះពីលីខ្នងសេះ យាងសម្ដៅទៅរកនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ ពេលនោះនាងត្រចើលដោះក្រាល មានសេចក្ដីភិតភ័យណាស់ នាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាវិញទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។ចំណែកព្រះរាជា និងសេនា៤នាក់ ក៏រត់ដេញតាមនាង ។ ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយព្រះរាជាដេញប្រកិតជិតណាស់មកផង នាងបានឃើញដំបូក១ នៅក្នុងព្រៃពីមុខនាង ក៏លើកដៃបួងសួងថា «បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វិងស៊ុង សូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់»។
បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជា និងសេនា៤នាក់ ក៏ទតមើលពីចម្ងាយមកឃើញនាងរត់ចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងពុំឃើញទៅវិញ បានជាពាក្យហៅទីនោះថា «ដំបូកមានលក្ខណ៍»។ កន្លែងនេះក្រោយមក អ្នកស្រុកបានសាងវត្ត ហៅវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នេះគេហៅថា «ត្រពោកមានលក្ខ័ណ» ។
ពេលនោះព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះជាមួយសេនា សេនា៤នាក់ទូលតបវិញថា «ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ បានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង ប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន» ហើយសេនាទូលថែមទៀតថា «បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាង សូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ» ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា «ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង ?» ។ សេនាក្រាបបង្គំទូលថា «បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គ នឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន»។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង៤ នាក់សព្វគ្រប់ហើយ ទ្រង់យាងចូលព្រះពន្លាវិញទៅ ។ ចំណែកឯនាងត្រចើលដោះក្រាល ក៏បានរួចខ្លួន និងបានរត់ទៅផ្ទះយករឿងរ៉ាវដែលកើតមានប្រាប់ដល់តាដុង យាយជ័យ ដែលជាឪពុកម្ដាយសព្វគ្រប់ប្រការ ព្រមទាំងប្រាប់ពីទំហំនៃសេចក្ដីស្នេហារបស់នាងចំពោះចៅប្រមាញ់វិញស៊ុង ដែលជាកូនព្រានវិង ដល់ឪពុកម្ដាយនាងផងដែរ ។ (នៅមានត)
ចែករំលែកព័តមាននេះ