រាជធានីភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជាចំនួន២រូបសុទ្ធតែមានជំនឿចិត្តរៀងខ្លួនក្នុងការយកឈ្នះអ្នកប្រដាល់ថៃដណ្ដើមប្រាក់លានពីក្រុមហ៊ុនខារ៉ាបាវក្នុងជំនួបនៅលើសង្វៀនស៊ីអិនស៊ីនាថ្ងៃសៅរ៍ទី១៥ កុម្ភៈ ក្នុងសប្ដាហ៍នេះ។កីឡាករ ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យត្រូវជួបប្រកួតជាមួយកីឡាករថៃ យុគខេម រ៉ាត វីនឧប៊ុន និងកីឡាករ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយកីឡាករថៃ ប្រាប់ផៃរី ផ្សារណនយីម។
បើនិយាយពីអ្នកប្រដាល់ទម្ងន់ស្រាលកម្ពុជា សព្វថ្ងៃអត់មានអ្នកណាប្រៀបផ្ទឹមជាមួយហ៊ឹម សេរី បានឡើយ ។ ជាក់ស្ដែង ស្នៀតកណ្ដាប់ដៃរបស់គេអាចធ្វើការវាយចេញបានរហ័សថែមទាំងមានទម្ងន់ធ្ងន់ទៀតផង ។ ទោះជាយ៉ាងណាសម្រាប់ការមកប៉ះជាមួយកីឡាករថៃដែលមិនធ្លាប់ជួបគ្នាសោះគេពិបាកទស្សន៍ទាយលទ្ធផលទុកមុនខ្លាំងណាស់ ទោះបីហ៊ឹម សេរី មានជំនឿចិត្តច្រើនដើម្បីក្លាយជាម្ចាស់ប្រាក់លានក្ដី ។
ចំណែក ឈុត សេរីវ៉ាន់ថង ក៏មានជំនឿចិត្តក្នុងការក្លាយជាម្ចាស់ប្រាក់លានដូចហុឹម សេរី ដែរ ក្នុងជំនួបជាមួយកីឡាករថៃលើកនេះ ។ ប៉ុន្តែកីឡាករថៃម្នាក់នេះមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេពីមុនមក ។ ដូច្នេះទោះបីជាកីឡាករកម្ពុជាមានចំនឿចិត្តក្នុងការយកឈ្នះយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រមួយចំនួនបានបង្ហាញនូវក្ដីបារម្ភដូចគ្នា ។ បើតាមការអះអាងពីអ្នករៀបចំការប្រកួតវិញ កីឡាករកីឡាករប្រាប់ផៃរី ផ្សារណនយីម គឺជាអ្នកប្រដាល់ជើងខ្លាំងប្រចាំប្រទេសថៃមួយរូបធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់ជាច្រើនលើកទៀតផង ។ ដូច្នេះលើកនេះឈុត សេរីវ៉ាន់ថង មិនអាចធ្វេសប្រហែសបានឡើយ។
ដោយឡែកគូប្រកួតមិត្តភាពនៅក្នុងសប្ដាហ៍នេះមាន កីឡាករ សេក គឹមអាន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបប្រកួតជាមួយកីឡាករ សារឿន ទិត្យ មកពីក្លិបជ្រៃសែនជ័យ ។
កីឡាករ ឡុង សុឃា មកពីក្លិបសាលវ័ន្តកីឡាជួបប្រកួតជាមួយកីឡាករ ពេជ្រ បណ្ឌិត មកពីក្លិបចលនាយុវជន១៥៧ និងគូប្រកួតបើកឆាកកីឡាករ ពុទ្ធ សម្ផស្ស មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ប្រកួតជាមួយកីឡាករ អូយ ឌៀប មកពីក្លិបពន្លឺវិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ