រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យអាណិតអាសូរចំពោះបុរសម្នាក់ខ្លាំងណាស់ ពេលដែលដឹងថា គាត់ជួបទុក្ខព្រួយយ៉ាងខ្លាំងដោយសារតែប្រពន្ធ និងកូនស្រីជាទីស្រឡាញ់របស់គាត់ ស្រាប់តែបាត់ខ្លួនមិនដឹងទៅណាបាត់ដំណឹង៣ខែមកហើយ មិនឃើញត្រឡប់ទៅផ្ទះវិញសោះ ។ បន្ទាប់ពីជួបរឿងបែបនេះគាត់បានទន្ទឹងយ៉ាងអន្ទះសារផង និងតាមស្វែងរកគ្រប់ច្រកល្ហកផង ប៉ុន្តែមិនឃើញសោះរហូតដល់វេលារសៀល ថ្ងៃទី៣១ ខែមករានេះ ។
ដោយថ្ងៃនេះទើបគាត់កាន់រូបថតប្រពន្ធ និងកូនស្រីខាងលើធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំឲ្យនគរបាលជួយអន្តរាគមន៍ដល់រឿងនេះផង ។ បុរសអភ័ព្វរូបនោះឈ្មោះ សៀង ខាំភុយ អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្រីលើ ឃុំគួយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកប្រពន្ធរបស់គាត់ដែលបាត់ខ្លួនឈ្មោះ សេង សុភ័ក្ត្រ អាយុ ៣៥ឆ្នាំ មុខរបលក់ម្ជូរ ចង្រឹត និងកន្ទះឡង់បំពង នៅតាមកម្មវិធីផ្សេងៗ និងមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ។ ព្រមទាំងកូនស្រីឈ្មោះ សៀង សុវិន អាយុ៨ឆ្នាំ ក៏បានបាត់ខ្លួន ទៅជាមួយប្រពន្ធដែរ ។
គាត់បានប្រាប់ឲ្យនគរបាលដឹងថា គាត់ និងប្រពន្ធបានចាប់យកមុខរបរនេះជាច្រើនឆ្នាំកន្លងមកហើយដោយបានដើរលក់គ្រប់ទីកន្លែង នៅតាមកម្មវិធីបុណ្យទៀនផ្សេងៗ ហើយក្រោយមកបានចាកចេញពីស្រុកកំណើតមកស្នាក់នៅរកស៊ីមុខរបរនេះ នៅក្នុងខេត្តកណ្តាល ។ បន្ទាប់ពីមកស្នាក់នៅរកស៊ីនៅទីនោះមួយរយៈប្រពន្ធរបស់គាត់បានមានទំនាក់ទំនងជាមួយស្ត្រីម្នាក់ទៀត ដែលជាអ្នកលក់ដូរដូចគ្នា ហើយតែងបានទាក់ទងគ្នាតាមទូរស័ព្ទក្នុងភាពស្និទ្ធស្នាល ប៉ុន្តែគាត់មិនបានដឹងថា ស្ត្រីម្នាក់នោះបញ្ចុះបញ្ចូលប្រពន្ធរបស់គាត់បែបណាខ្លះទេ ។
បុរសនេះបាននិយាយបន្តថា រហូតមកដល់ខែតុលា ឆ្នាំ២០១៩ ប្រពន្ធ និងកូនស្រីគាត់បានយកចង្រឹត កន្ទះឡង់ និងម្ជូរទៅលក់នៅម្តុំផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយខណៈនោះរូបគាត់មិនបានទៅជាមួយទេ ដោយគាត់ទៅលក់កន្លែងផ្សេង ។ ចាប់តាំងពីពេលនោះមក ក៏ស្រាប់តែបាត់ខ្លួនអ្នកទាំង២ឈឹង មិនឃើញត្រឡប់មកផ្ទះវិញរហូតតែម្ដង ដោយមិនដឹងថា ប្រពន្ធ និងកូនស្រីគាត់មានរឿងអ្វីកើតឡើងបានសុខ ឬទុក្ខបែបណាទេ ។
គាត់មានការព្រួយបារម្ភខ្លាំងណាស់ ចំពោះរឿងនេះ និងបានស្វែងរកគ្រប់ច្រកល្ហក ប៉ុន្តែមិនបានឃើញសោះទើបពេលនេះធ្វើដំណើរមកកាន់ប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្វែងរកការអន្តរាគមន៍ ។ មិនតែប៉ុណ្ណោះនៅក្នុងពេលនេះគាត់ក៏មិនបានខឹង ឬ ស្តីបន្ទោសអ្វីឡើយទៅលើប្រពន្ធរបស់គាត់ ប៉ុន្តែគាត់សុំត្រឹមឲ្យប្រពន្ធ និងកូនស្រីរបស់គាត់វិលត្រឡប់មកវិញ ដើម្បីជួបជុំគ្រួសាររស់នៅជាមួយគ្នាតទៅមុខទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ