ខេត្តសៀមរាប៖ ម្ចាស់ភោជនីយដ្ឋានទី២ហើយ ដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានមួយខ្នង គឺអតីតភោជនីយដ្ឋាន«ភ្នំស្រី»បច្ចុប្បន្នឈ្មោះ«ផ្ទះបាយតានីខ្មែរអង្គរ»ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៩ មករា ឆ្នាំ២០២០ ។
ក្នុងនោះដែរ ម្ចាស់ទីតាំង អ្នកស្រីមុត រតនា បានជួលទៅឱ្យលោក ជ្រុន គឹមសេង ធ្វេីអាជីវកម្មនោះ ឱ្យដឹងថា គាត់បានបើកភោជនីយដ្ឋាននេះជាង២០ឆ្នាំមកហើយ អនុស្សាវរីយ៍ក៏ច្រើន ហើយទីនេះ ក៏ជាប្រភពចំណូលនិងភាពមានបានរបស់អ្នកស្រីមកដល់សព្វថ្ងៃ រស់នៅបានសុខសាន្តជាមួយកូនចៅដែរ ។ ប៉ុន្តែគាត់រីករាយប្រគល់ដីនេះ ជូនអាជ្ញាធរជាតិអប្សរាតាមសំណូមពរ ដើម្បីអភិវឌ្ឍន៍ទីនេះឱ្យកាន់តែល្អប្រសើរ ព្រោះនេះជាកម្មសិទ្ធិរបស់រដ្ឋ និងបានតាំងចិត្តតាំងពីដើមមកថា នឹងប្រគល់ជូនរដ្ឋពេលរដ្ឋត្រូវការ ។
ចំណែកលោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំងពីអ្នកស្រីខាងលើនេះ ជិត៣ឆ្នាំមកហើយក៏បានលើកឡើងដែរថា ការប៉ះពាល់ដល់អង្គរ គឺមិនមែនជាផលប៉ះពាល់តែឆ្នាំងបាយរបស់ខ្ញុំទេ តែជាឆ្នាំងបាយជាតិទាំងមូល និងពិភពលោកដែរ ដូច្នេះការចូលរួមរបស់ខ្ញុំនេះជាចំណែកតូចណាស់ក្នុងការថែរក្សាអង្គរ ក្នុងនាមជាអ្នកទទួលបានផលពីអង្គរ។
លោកបន្តថា ខ្ញុំស្ម័គ្រចិត្ត សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលក្នុងការរុះរើសំណង់ ភោជនីយដ្ឋាននេះតាមសំណូមពរដោយមិនមាន ការបង្ខិតបង្ខំទេ ព្រោះកើតចេញពីការជជែករកដំណោះស្រាយមួយដ៏ល្អបំផុត សម្រាប់ជាតិយើងទាំងអស់គ្នា ដើម្បីរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត តាមតម្រូវការ វិស័យទេសចរណ៍ទាំងនៅទីនេះ ទូទាំងប្រទេស និងពិភពលោក។
លោកយិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺស្ថិតនៅចំទីតាំងគម្រោងដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងប្រែក្លាយទីនេះ ឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត មានគម្រោងរៀបចំទីលានបដិសណ្ឋារកិច្ច គម្រោងជួសជុលផ្លូវមុខអង្គរវត្ត គម្រោងដាំឈើ និងវាលស្មៅឱ្យមានភាពបៃតង ។
ដូច្នេះ ដើម្បីសម្រេចគម្រោង អាជ្ញាធរជាតិអប្សរាចាំបាច់មានការសម្របសម្រួលជាមួយអាជីវករ សុំឱ្យមានការយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាសាងសង់និងរៀបចំហេដ្ឋារចនាសម្ពន្ធនៅទីនេះបានរលូននិងដំណើរការទាន់ ពេលវេលាដែលគ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០ នេះ ដេីម្បីផលប្រយោជន៍រួមរបស់ប្រជាជន ខ្មែរ និងប្រទេសជាតិទាំងមូល។
ចែករំលែកព័តមាននេះ