ខេត្តក្រចេះ ៖ អណ្តាតភ្លើងក្រហមឆ្អិនឆ្អៅពេញផ្ទៃមេឃលាយឡំនឹងសំឡេងស៊ីរ៉ែនរបស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿងបានបន្លឺឡើងកងរំពងទាំងកណ្តាលរាត្រីពេញទីរួមខេត្តស្របពេលដែលសន្ធឹកនៃអណ្តាតភ្លើងកំពុងឆាបឆេះលេបត្របាក់ទាំងកំរោលទៅលើទីតាំងផ្សារធំជាងគេក្នុងក្រុងក្រចេះដែលគេសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ «ផ្សារក្រចេះត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង ខណៈមនុស្សម្នាកំពុងលង់លក់ »
គ្រោះអគ្គិភ័យដែលមិនធ្លាប់កើតមាននេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ២ មិថុនា និងមានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបណ្តាលឱ្យតូបអាជីវករ រួមទាំងសំភារ និងទំនិញក្នុងផ្សារទាំងមូលមានតម្លៃរាប់លានដុល្លារត្រូវបានវិនាសតែមួយប៉ប្រិចភ្នែក ធ្វើឱ្យអាជីវករជាម្ចាស់តូបលក់ទំនិញស្រែកទ្រហោយំដូចអកដោយសារតែមានការសោកស្តាយទៅនឹងការបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនក្នុងគ្រោះអគ្គីភ័យនេះ។ ជាមួយគ្នានេះអ្នកខ្លះម្នីម្នាគាស់ទ្វារអូសទាញយកសំភារបោះមកក្រៅបានខ្លះទាំងភ័យស្លន់ស្លោនូវចំហាយក្តៅខណៈភ្លើងមិនទាន់ឆេះរាលដាលមកដល់។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទាំងក្រុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
តាមរបាយការណ៍របស់អាជ្ញាធរខេត្តបានឱ្យដឹងជាជំហានដំបូងថា ផ្សារក្រចេះមានតូបចំនួន៥២១តូប ត្រូវបានអណ្តាតភ្លើងលេបត្របាក់ស្ទើរទាំងស្រុង គឺនៅសេសសល់តូបមានចំនួនតិចតួច ដែលធ្វើអំពីថ្មសង់ជុំវិញផ្សារប៉ុណ្ណោះ។ សំរាប់គ្រោះមហន្តរាយដោយអគ្គីភ័យនេះ មិនទាន់មានប្រភពព័ត៌មានណាមួយបានបញ្ជាក់អំពីតួលេខចំនួនទឹកប្រាក់ដែលត្រូវបានខូចខាតថា អស់ចំនួនប៉ុន្មាននោះដែរ ។ ប៉ុន្តែគេដឹងថា មានអាជីវករមួយចំនួនបានជំលៀសយកបានសំភារចេញមកក្រៅទាន់ពេលវេលាខ្លះដែរ ខណៈពេលដែលភ្លើងកំពុងឆេះពីជ្រុងម្ខាង និងកំពុងរាលដាលឆ្ពោះទៅជ្រុងមួយទៀត។
មហន្តរាយដ៏សាហាវនេះគេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋតែ២គ្រឿងប៉ុណ្ណោះបានមកជួយអន្តរាគមន៍យ៉ាងរហ័សរហួន។ រថយន្តពន្លត់អគ្គិភ័យទាំង២គ្រឿងនេះ ក្រោយពេលបាញ់ទឹកអស់ មិនអាចស្វែងរកទឹកមកជួយពន្លត់បានទៀតទេ ប៉ុន្តែមានរថយន្តស៊ីទែនតូចៗរបស់ឯកជន បានជួយផ្តល់ទឹកបន្ថែមឱ្យរថយន្តរដ្ឋ ជួយបាញ់កំដរភ្លើងទាល់តែឆេះអស់ល្មម។ សកម្មភាពព្យាយាមពន្លត់ព្រះអគ្គីដែលហួសពីសមត្ថភាពពន្លត់បាននោះ មានរយៈពេលជិត៣ម៉ោងទើបអាចធ្វើឱ្យអណ្តាតភ្លើងស្ងប់ខ្លះ ហើយក៏មានការបាញ់ទឹកបន្តរហូតដល់ព្រឹក តែមិនមានន័យថា ឈ្នះភ្លើងនោះទេ គឺសំណង់ផ្សារបានក្លាយជាចំណីអគ្គីទៅហើយ។
ក្នុងហេតុការណ៍ភ្លើងឆេះផ្សារកក្រើកក្រុងក្រចេះនេះគេសង្កេតឃើញមានវត្តមានរបស់លោកខាំ ភឿន អភិបាលខេត្ត បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តបានចុះធ្វើការអន្តរាគមន៍បញ្ជាផ្ទាល់ ទៅលើសកម្មភាពបាញ់ពន្លត់ រួមទាំងកំលាំងនគរបាល និងកំលាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀតបានចុះជួយដឹកជញ្ជូនសំភារ អីវ៉ាន់ និងសំរួលចរាចរណ៍កុំឱ្យមានការកកស្ទះ។
តាមប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលមានអគ្គិភ័យនេះសន្តិសុខយាមផ្សារបានធុំក្លិនឈ្ងៀមដែរ តែដើររកមិនឃើញ។ លុះមួយស្របក់ក៏មានអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោ ចេញពីតូបលក់ចានឆ្នាំងដែលមានទីតាំងនៅជ្រុងខាងត្បូងឆៀងខាងកើតផ្សារ ហើយត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ទោះបីជាបែបណា អាជីវករបានសន្និដ្ឋានផ្ទុយពីនេះថា ប្រហែលជាបង្កឡើងដោយអ្នកមានចេតនាដុត។ មន្ត្រីប៉ូលិសខ្លះបានឱ្យដឹងស្របគ្នាដែរថា ទោះបីជាការបាញ់ពន្លត់របស់រថយន្តពន្លត់អគ្គិភ័យអស់ប៉ុន្មានក៏ដោយ ក៏មិនអាចគ្រប់គ្រងសភាពការណ៍បានដែរ ដោយសារអណ្តាតភ្លើងឆេះខ្លាំងពេក។ ម្យ៉ាងទៀតពេលរថយន្តអស់ទឹកត្រូវការទឹកបន្ថែម បែរជាបណ្តាញរដ្ឋាករទឹកពេលយប់ត្រូវគេបិទទៀត ម្ល៉ោះហើយធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការបូមទឹកពន្លត់នៅពេលដំបូង ហើយអណ្តាតភ្លើងក៏ឆេះរាលដាលកាន់តែខ្លាំងឡើងចាប់ពីចំហៀងផ្សារខាងត្បូងរហូតបន្តមកឆេះចំកណ្តាលផ្សារធំ ក៏នៅតែគ្មានទឹកសំរាប់រថយន្តពន្លត់អគ្គិភ័យដែរ។
ស្ត្រីជាអាជីវករម្នាក់មានអាយុ៣៦ឆ្នាំ មានមុខរបរជាអ្នលក់ចានឆ្នាំងនៅក្នុងផ្សារក្រចេះ ហើយត្រូវអគ្គិភ័យឆេះទាំងស្រុងនេះបាននិយាយថា សំភាររបស់គាត់តែម្នាក់ឯង ដែលខូចខាតគិតជាប្រាក់ប្រហែលជាង១ម៉ឺនដុល្លារហើយសំណាងដែរ ព្រោះសំភាររបស់គាត់មួយចំនួនត្រូវបានយកទៅទុកនៅផ្ទះ។ គាត់សន្និដ្ឋានថា អាជីវករដែលរងគ្រោះមានមុខរបរដូចគាត់ គឺម្នាក់ៗខូចខាតចាប់ពី១ម៉ឺនដុល្លារឡើងទៅ។ ក្រុមអាជីវករមួយចំនួនធំ ក៏បានគិតពីវាសនាអនាគតសំរាប់មុខរបររបស់ខ្លួនផងដែរ ដោយបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយឱ្យមានការសាងសង់តូបដែលមានទំហំដដែល នៅលើកន្លែងចាស់រៀងខ្លួន និងស្នើសុំកុំឱ្យមានអ្នកម៉ៅការភាស៊ី មកពីខេត្តក្រៅដូចសព្វថ្ងៃនេះ។
ក្រុមអាជីវករមួយចំនួនបានបញ្ចេញនូវប្រតិកម្ម ទៅលើប្រភពព័ត៌មានដែលអះអាងថា មូលហេតុភ្លើងឆេះនេះ បង្កដោយសារទុស្សេចរន្តអគ្គិសនី ដោយពួកគាត់បានបញ្ជាក់ថា សព្វថ្ងៃរាល់វេលាម៉ោង៦ល្ងាច អ្នកយាមផ្សារមិនឱ្យអាជីវករចេញចូលផ្សារនោះទេ ហើយចរន្តអគ្គិសនីក៏ត្រូវកាត់ផ្តាច់គ្រប់បណ្តាតូបដែរ។ អាជីវករពួកគាត់សង្ស័យថា ប្រហែលជាមានអ្នកមានចេតនាបង្កអគ្គីភ័យច្រើនជាង ព្រោះកន្លងមកមានបណ្តុំតូបមួយចំនួនបានប្រឈមមុខជាមួយអ្នកម៉ៅការភាស៊ីផ្សារ និងមិនទាន់ដោះស្រាយដាច់ស្រេច។
លោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ បានមានប្រសាសន៍ថា ចំពោះមូលហេតុដែលបង្កត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនីច្រើនជាង។ តែទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមូលហេតុនេះឱ្យបានច្បាស់លាស់មុនធ្វើការចោទប្រកាន់។
អាជីវករប្រមាណ៥០នាក់តំណាងឱ្យអាជីវករចំនួន៥២១តូប នៅផ្សារធំខេត្តក្រចេះ ដែលរងគ្រោះដោយសារអគ្គិភ័យ បាននាំគ្នាជិះរថយន្តមកកាន់ភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្បែរវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២ មិថុនា ឆ្នាំ២០១១ ដើម្បីសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោជួយសាងសង់ផ្សារនៅលើទីតាំងចាស់ដូចផ្សារខេត្តពោធិ៍សាត់និងខេត្តព្រះសីហនុ។
អាជីវករមួយរូបនិយាយថា បងប្អូនអាជីវករដែលនាំគ្នាមកភូមិគ្រឹះសម្តេចតេជោហ៊ុន សែន នេះ គឺគោលបំណងសុំកិច្ចអន្តរាគមន៍ពី សម្តេចតេជោមេត្តាឱ្យលក់ដូរនៅលើទីតាំងចាស់ និងសុំសម្តេចតេជោផ្តល់ថវិកាក្នុងការសាងសង់ផ្សារផងដែរ ហើយការឆេះផ្សារនេះធ្វើឱ្យអាជីវករទាំងអស់ខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ។ កន្លងមក ឃើញសម្តេចតេជោតែងតែយកចិត្តទុកដាក់ដល់អាជីវករលក់ដូរតាមផ្សារដែលជួបអគ្គិភ័យ ព្រមទាំងផ្តល់ថវិកាក្នុងការសាងសង់ផ្សារឡើងវិញ ទៀតផង ក្នុងនោះមាននៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ ដោយមើលឃើញពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននេះហើយ ទើបបងប្អូនអាជីវករនៅផ្សារធំខេត្តក្រចេះនាំគ្នាមកភូមិគ្រឹះសម្តេចតេជោ ដើម្បីសុំសម្តេចតេជោមេត្តាសន្តោសប្រណីដល់អាជីវករផ្សារធំក្រចេះ បានលក់ដូរនៅលើទីតាំងចាស់ជាបន្តទៀត និងសង្ឃឹមថា សម្តេចតេជោ នឹងផ្តល់ថវិកាជួយសាងសង់ផ្សារនោះមិនខានឡើយ។
នៅក្នុងឱកាសនោះដែរ គេឃើញលោកលឹម លាងសែ នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ហើយប្រាប់ថានឹងធ្វើទំនាក់ទំនងជាមួយអាជ្ញាធរខេត្តក្រចេះដើម្បីឱ្យខេត្តធ្វើរបាយការណ៍ស្តីពីការខូចខាត និងមូលហេតុបណ្តាលឱ្យឆេះផ្សារ។ នៅល្ងាចថ្ងៃដដែល លោកអភិបាលក្រុងក្រចេះបានមកជួបជាមួយអាជីវករផ្សារធំក្រចេះ និងសុំឱ្យត្រឡប់ទៅខេត្តវិញនាល្ងាចថ្ងៃដដែល ហើយបងប្អូនអាជីវករក៏យល់ព្រម ។ ការសង្គ្រោះនេះមានតែសម្តេចតេជោប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ