គំនូរប្លែកភ្នែក អប្សរាគ្មានមុខ ! កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជន បានតាំងបង្ហាញនៅ Plantation រយៈពេលពីរខែ ចាប់ពីថ្ងៃនេះតទៅ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ មកនេះ គំនូរអប្សរាគ្មានមុខដ៏ប្លែក និងទាក់ទាញជាច្រើនផ្ទាំង…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ មកនេះ គំនូរអប្សរាគ្មានមុខដ៏ប្លែក និងទាក់ទាញជាច្រើនផ្ទាំង…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ មកនេះ គំនូរអប្សរាគ្មានមុខដ៏ប្លែក និងទាក់ទាញជាច្រើនផ្ទាំង ត្រូវបានដាក់តាំងបង្ហាញនៅ Plantation Urban Resort & Spa (រមណីយដ្ឋាន និងស្ប៉ា) ដែលមានរយៈពេល ២ខែ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ ។

ក្នុងអំឡុងពេលបើកពិព័រណ៍តាំងបង្ហាញ DinArt នេះក៏មានការបង្ហាញពីរបាំអប្សរា ដោយកូនសិស្សមកពីសាលារបាំអប្សរា ដែលរៀបចំដោយ ព្រះអង្គម្ចាស់ តេសូ ស៊ីសុវត្ថិ (His Royal Highness Prince Tesso Sisowath) ផងដែរ ។

ពិព័រណ៍ DinArt ដោយវិចិត្រករ ទាង បូរិន (Teang Borin) ដែលជាវិចិត្រករកម្ពុជាមួយរូប រៀនគូរដោយខ្លួនឯង ហើយគំនូររបស់លោក គឺបង្ហាញពីការបំផុសគំនិតពីបេតិកភណ្ឌវប្បធម៌ និងសាសនារបស់ប្រទេស ។ គំនូររបស់លោកបានរំលឹក ដល់ប្រពៃណី និងនិមិត្តសញ្ញាព្រះពុទ្ធសាសនា ដូចជារបាំអប្សរាជាដើម ។

វិចិត្រករ ទាង បូរិន បានបង្ហាញអារម្មណ៍រំភើបនៅថ្ងៃបើកការតាំងពិព័រណ៍ DinArt ដូចនេះថា វាជាលើកទី ១ នៅ Plantation ហើយការតាំងពិព័រណ៍នេះ បង្ហាញស្នាដៃជាបន្តបន្ទាប់ដែលឆ្លុះបញ្ចាំង ពីចំណាប់អារម្មណ៍អរូបីនៃទេសភាពខាងវិញ្ញាណ និងវប្បធម៌របស់ប្រទេសកម្ពុជា ។ តាមរយៈកាយវិការ និងសមាសភាព វិចិត្រករអញ្ជើញអ្នកទស្សនាឱ្យចូលរួមជាមួយលំនាំដែលធ្លាប់ស្គាល់តាមរបៀបផ្ទាល់ខ្លួន និងបកស្រាយ ។

វិចិត្រករ រូបនេះបន្តថា ៖ «តាមរយៈការងាររបស់ខ្ញុំ ខ្ញុំព្យាយាមចាប់យកថាមពល និងស្មារតីរបស់ប្រទេសកម្ពុជា មិនមែនជារូបភាពថេរនោះទេ ប៉ុន្តែជាអ្វីមួយដែលមានជីវិត និងវិវត្តន៍ ។ វាជាមធ្យោបាយមួយសម្រាប់ខ្ញុំ ដើម្បីភ្ជាប់ប្រពៃណីជាមួយ បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ។ មូលហេតុដែលរូបអប្សរារបស់ខ្ញុំគ្មានមុខ ដោយសារខ្ញុំគិតថា ដាក់មុខទៅមើលទៅឆាប់ធុញ ដូចនេះខ្ញុំទុកឱ្យភ្ញៀវគាត់ស្រមៃមុខអប្សរាដោយខ្លួនឯង» ។

វិចិត្រករ ទាង បូរិន ក៏បានលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយ ឱ្យក្លាហានចាប់យកក្តីស្រមៃ និងរៀនពីរៀមច្បង លោកថា ជួនកាលក្មេងៗពូកែ តែគាត់មិនហ៊ានបង្ហាញស្នាដៃខ្លួន ។ យុវវ័យគួរចូលរួមកម្មវិធីសង្គមឱ្យបានច្រើន ជាពិសេសកម្មវិធីពិព័រណ៍ផ្សេងៗ ដែលបង្ហាញពីស្នាដៃរបស់រៀមច្បង វាអាចជម្រុញឱ្យពួកគាត់មានក្តីសង្ឃឹម និងក្លាហ៊ានបង្ហាញទេពកោសល្យរបស់គាត់ ។

ជាមួយគ្នានេះផងដែរ លោក Alexander Scheible អ្នកគ្រប់គ្រងទូទៅនៅ Plantation Urban Resort & Spa បានឱ្យដឹងថា ៖ «កន្លែងរបស់យើង (Plantation) មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ តែវាជាការទទួលស្វាគមន៍សិល្បករគ្រប់រូប តួរយ៉ាងនៅថ្ងៃនេះគឺ DinArt បានអនុញ្ញាតឱ្យយើងបង្កើតកន្លែងមួយ ដែលអាចឱ្យភ្ញៀវភ្ជាប់ទំនាក់ទំនង ជាមួយវប្បធម៌របស់ប្រទេសកម្ពុជា តាមរបៀបផ្ទាល់និងប្រយោល ។ ការងាររបស់ DinArt នាំមកនូវអារម្មណ៍ នៃអត្តសញ្ញាណដ៏រឹងមាំចូលទៅក្នុងបរិស្ថានយើង ។ បន្ទាប់ពីទទួលស្វាគមន៍សិល្បករអន្តរជាតិ មកផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ពេលនេះគឺជាយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញទេពកោសល្យសហសម័យដ៏គួរឱ្យកត់សម្គាល់មួយរបស់វិចិត្រករ ទាង បូរិន (Teang Borin)» ។

សូមជម្រាបជូនផងដែរថា Plantation Urban Resort & Spa គឺជារីស៊តដែលបានឈ្នះពានរង្វាន់ និងមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ដោយគិតគូរជាពិសេសទៅលើបរិស្ថានបៃតង ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមរយៈ ហ្វេសប៊ុកផេករបស់ Plantation Urban Resort & Spa៖ https://www.facebook.com/plantationurbanresortspa ឬ ហ្វេសប៊ុករបស់សិល្បករ ៖ https://www.facebook.com/dinartcambodia/ ៕ អត្ថបទសហការ









ចែករំលែកព័តមាននេះ