ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២​ដុល្លារ​បន្ថែម​ គឺ​សមរម្យ ទទួលយក​បាន និង​សង្ឃឹមថា​ មានការងារ​កាន់តែ​ច្រើន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រុម​កម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២​ដុល្លារ​បន្ថែម សម្រាប់​ឆ្នាំ ២០២៦ ក្នុង​ស្ថានភាព​លំបាក​ដូច​បច្ចុប្បន្ន​គឺជា​ការ​ដំឡើង​សមរម្យ និង​អាច​ទទួលយក​បាន​។…

រាជធានីភ្នំពេញ​ ៖ ក្រុម​កម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២​ដុល្លារ​បន្ថែម សម្រាប់​ឆ្នាំ ២០២៦ ក្នុង​ស្ថានភាព​លំបាក​ដូច​បច្ចុប្បន្ន​គឺជា​ការ​ដំឡើង​សមរម្យ និង​អាច​ទទួលយក​បាន​។ ម្យ៉ាងទៀត ពួក​គាត់​សង្ឃឹមថា ការ​ដំឡើង ២​ដុល្លារ​នេះ នឹង​អាច​ឱ្យ​អ្នក​វិនិយោគ​មក​បង្កើត​រោងចក្រ សហគ្រាស​បន្ថែម​ទៀត ដោយ​នឹង​បង្កើត​ការងារ​កាន់តែ​ច្រើន​។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​របស់​ខ្លួន នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញា​នេះ ដើម្បី​ពិនិត្យ​សម្រេច​លើ​លទ្ធផល នៃ​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​-​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់ ឆ្នាំ​២០២៦​។

ជា​លទ្ធផល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​សម្រេច​បន្ថែម ២​ដុល្លារ លើ​តួលេខ ២០៨​ដុល្លារ ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​-​និយោជិត​ផ្នែក វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៦ មាន​ចំនួន ២១០​ដុល្លារ ក្នុង​មួយ​ខែ​។

អ្នកស្រី ជួន ស៊ីនួន កម្មការិនី​មក​ពី​ខេត្តតាកែវ ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នកស្រី ទទួល​ប្រាក់​ឈ្នួល​គោល​ចំនួន ២០៨​ដុល្លារ បូក​រួម​និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត អាច​ទទួល​បាន​ចំណូល​ប្រមាណ ៣០០​ដុល្លារ​។ ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល ២​ដុល្លារ សម្រាប់​ឆ្នាំ ២០២៦ អ្នកស្រី​បញ្ជាក់​ថា អាច​ទទួលយក​បាន និង​បង្ហាញ​ការ​រីករាយ​ជាមួយ​បងប្អូន​កម្មករ​-​និយោជិត ដែល​បាន​ទទួល​ការ​ដំឡើង​ប្រាក់​ឈ្នួល​ទាំងអស់​គ្នា​។ អ្នកស្រី ប្រាប់​បន្ត​ថា អ្នកស្រី ចង់ឱ្យ​មានការ​បង្កើត​ការងារ​ឱ្យ​បាន​កាន់​ច្រើន​ឡើង សម្រាប់​ប្រជាពលរដ្ឋ និង​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​។ អ្នកស្រី និយាយ​បែប​នេះ​ថា «​ចង់ឱ្យ​បង្កើត​ការងារ​ច្រើន ចង់ឱ្យ​ពួក​គាត់​នៅ​ខាង​ស្រុក​គេ​ហ្នឹង មក​ខាង​ខ្មែរ​យើង​ច្រើន ព្រោះ​អី​ខ្មែរ​យើង​ក៏​មានការ​ងារ​ធ្វើ​ដែរ​»​។

ចំណែក​អ្នកស្រី សួន ស្រី​គា កម្មការិនី​មក​ពី​ខេត្តតាកែវ បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​បន្ថែម ២​ដុល្លារ សម្រាប់​ឆ្នាំ ២០២៦​នោះ អ្នកស្រី គិត​ថា ជា​ការ​ដំឡើង​សមរម្យ និង​អាច​ទទួលយក​បាន ហើយ​ក៏​អាច​ជួយ​សម្រួល​ជីវភាព​របស់​អ្នកស្រី និង​បងប្អូន​កម្មករ​-​និយោជិត​ទាំងអស់ បាន​មួយ​ចំណែក​ដែរ​។ អ្នកស្រី លើក​ឡើង​ដែរ​ថា ប្រសិនបើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ ២០២៦ ចំនួន ២​ដុល្លារ​បន្ថែម​នេះ អាច​ជួយ​បង្កើត​ការងារ​ឱ្យ​បាន​កាន់តែ​ច្រើន​នោះ អ្នកស្រី​ពិតជា​រីករាយ​ខ្លាំង​ណាស់​។ អ្នកស្រី បន្ថែម​បែប​នេះ​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ ខ្ញុំ​ពិតជា​សប្បាយ រំភើប​អត់​មានអី​ប្រៀប​បាន ព្រោះ​អី​ថា ខ្មែរ​យើង​កាន់តែ​សម្បូរ​ការងារ​ធ្វើ​»​។

សម្រាប់​អ្នកស្រី សុក ស្រី​ពៅ កម្មការិនី​មក​ពី​ខេត្តស្វាយរៀង បាន​ដែរ​ប្រាប់​ថា អ្នកស្រី បាន​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​រយៈពេល ១១​ឆ្នាំ​មក​ហើយ ដោយ​ប្រាក់​ឈ្នួល​របស់​អ្នកស្រី និង​បងប្អូន​កម្មករ​-​និយោជិត​ដទៃ​ទៀត ត្រូវ​បាន​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុប្បន្ន​អ្នកស្រី ទទួល​បាន​ប្រាក់​ឈ្នួល​គោល​ចំនួន ២០៨​ដុល្លារ បូក​រួម​និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​។

ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល ២​ដុល្លារ​បន្ថែម សម្រាប់​ឆ្នាំ ២០២៦​ខាង​មុខ អ្នកស្រី សុក ស្រី​ពៅ បាន​និយាយ​ថា ជា​ការ​ដំឡើង​សមរម្យ ហើយ​អាច​ទទួលយក​បាន​។ កម្មការិនី​រូប​នេះ ប្រាប់​បែប​នេះ​ថា «​អាច​ទទួលយក​បាន ព្រោះ​រៀង​ច្រើន​ដែរ និង​សប្បាយចិត្ត​»​។ បន្ថែម​លើ​នេះ អ្នកស្រី សុក ស្រី​ពៅ បាន​បង្ហាញ​ក្ដី​សង្ឃឹមថា វិនិយោគិន​នឹង​បន្ត​វិនិយោគ​បង្កើត​រោងចក្រ នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដែល​អាច​បង្កើត​ការងារ​ឱ្យ​បាន​កាន់តែ​ច្រើន ​៕ អត្ថបទសហការ