ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​អបអរសាទរ​ចំពោះ​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​កម្មករនិយោជិត ២១០​ដុល្លារ ក្នុង​ឆ្នាំ​២០២៦ ខណៈ​ដែល​ម្នាក់​ៗ​ទទួល​បាន​ប្រាក់ខែ​ជា​មធ្យមជិត ​៣០០​ដុល្លារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​បាន​សម្តែង​ក្តី​រីករាយ​អបអរសាទ ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ២១០​ដុល្លារ​សហរដ្ឋ​អាម៉េរិក សម្រាប់​ឆ្នាំ…

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​បាន​សម្តែង​ក្តី​រីករាយ​អបអរសាទ ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ២១០​ដុល្លារ​សហរដ្ឋ​អាម៉េរិក សម្រាប់​ឆ្នាំ ​២០២៦ ខណៈ​ដែល​ម្នាក់​ៗ​ទទួល​បាន​ប្រាក់ខែ​ជា​មធ្យម​ជិត ៣០០​ដុល្លារ​ ។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បានឱ្យ​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ឆ្នាំ​ ២០២៦ ជា​ដំណឹង​ល្អ និង​ជា​កាដូ​មុន​ភ្ជុំបិណ្ឌ ដែល​ជា​ទូទៅ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករនិយោជិត សូ​ម្បី​តែ​ក្នុងអំឡុងពេល​ប្រទេស​ជួប​បញ្ហា​កូ​វី​ដ​១៩ នា​ពេល​កន្លង​ទៅ​ក៏​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ​ ។ ជាមួយ​ការ​អបអរសាទរ លោក សំណាង បាន​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា ២១០​ដុល្លារ​ក៏​ពិតមែន ប៉ុន្តែ​ការ​ទទួល​បាន​ជាក់ស្តែង​បងប្អូន​កម្មករនិយោជិត​មាន​រហូត​ដល់​ប្រមាណ​ជិត ៣០០​ដុល្លារ បើ​បូក​រួម​ជាមួយ​អត្ថប្រយោជន៍​ផ្សេង​ៗ រួម​មាន ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ ប្រាក់​អតីតភាព​ការងារ ថ្លៃ​បាយ និង​ប្រាក់​ថែម​ម៉ោង​ជាដើម ​។

លោក​ថ្លែង​ថា ​៖ «​ប្រាក់ខែ​ជា​គោល​យើង​ទទួល​បាន ២១០​ដុល្លារ ហើយ​នៅ​មាន​ប្រាក់​ឧបត្ថម្ភ ប្រាក់​ជំនាញ ថ្លៃ​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​ជាដើម ជា​ពិសេស គឺ​ប្រាក់​ថែម​ម៉ោង​ខ្លះ​ទៀត បើ​តាម​គិត​ទៅ​ខ្ទង់​២១០​នេះ វា​ចូល​ជិត ៣០០​ដុល្លារ​ដែរ ហើយ​បើ​បងប្អូន​យើង​មាន​ជំនាញ​អាច​បាន ៤០០​ជាង ខ្លះ​៥០០​ដុល្លារ រហូត​ដល់ ៨០០​ដុល្លារ អាស្រ័យ​លើ​ជំនាញ​របស់​គាត់​» ​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ឆ្នាំ ​២០២៦ ជូន​ដល់​កម្មករនិយោជិត​ ។ ទន្ទឹម​នឹង​ការ​សាទរ​លោក ហ្វា សាលី ថា ការ​ដំឡើង​ជូន ​២​ដុល្លារ ឬ​ក៏​មិន​បាន​ដំឡើង​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​ពេល​នេះ​កម្មករនិយោជិត​នៅ​កម្ពុជា​បាន​យល់​ដឹង​ពី​បញ្ហា​លំបាក​ជា​ច្រើន ដែល​ប្រទេស​ជាតិ​កំពុង​ជួប គឺ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា ថៃ ភាព​មិន​ប្រាកដប្រជា​នៃ​បញ្ហា​ពន្ធ​បដិកា​គយ​សហរដ្ឋអាមេរិក ១៩% ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​មួយ​ចំនួន​ផង​ដែរ ​។

លោក​ថ្លែង​ថា ​៖«២​ដុល្លារ​នេះ គឺ​បងប្អូន​កម្មករនិយោជិត ទូ​ទាំង​ប្រទេស​សាទរ សប្បាយ​រីករាយ នូវ​អ្វី​ដែល​ជា​ការ​សម្រេច​របស់​សម្តេច​មហា​បវរ​ធិ​បតី ហើយ​បងប្អូន​ទទួលយក​ទាំងអស់​គ្នា ពីព្រោះ​បងប្អូន​កម្មករនិយោជិត​ដឹង​ច្បាស់​ពី​បញ្ហា​បច្ចុប្បន្ន​នេះ​។ ដូច​ច្នេះ​យើង​ត្រូវ​មានការ​ងារ​ស្មើភាព​គ្នា ហើយ​បងប្អូន​កម្មករ​គាត់​យល់​ណាស់ ធ្វើ​យ៉ាងណា​រក្សា​ចាស់​បង្កើត​ថ្មី [​ការ​វិនិយោគ​]​ ។

ទន្ទឹម​នេះ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ យល់​ឃើញ​ថា ទោះបីជា​តួលេខ​នេះ​មិន​ខ្ពស់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ក្នុង​នាម​តំណាង​កម្មករនិយោជិត លោក​មានការ​សាទរ​ចំពោះ​រាជរដ្ឋាភិបាល ដែល​នៅ​តែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​ប្រាក់​ឈ្នួល​បន្ថែម ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​តែ​មាន​សង្គ្រាម​ជាមួយ​ថៃ កា​វិល​ត្រឡប់​របស់​បងប្អូន​ពលករ​មក​ពី​ថៃ ជា​ពិសេស ពន្ធ​បដិកា​របស់​សហរដ្ឋអាមេរិក ដែល​ជា​បញ្ហា​ប្រឈម​ត្រូវ​បន្ត​ដោះស្រាយ​បន្ត​ទៀត ​។ លោក​ថ្លែង​ថា ​៖ «​ខ្ញុំ​យល់​ថា យ៉ាងណា​កម្ពុជា​យើង​នៅ​តែ​មាន យន្តការ​មួយ​ដែល​ជា​ផ្នែក​មួយ​ក្នុ្ង​ការ​ដំឡើង​ប្រាក់​ឈ្នួល ដែល​យើង​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដូច​ច្នេះ តិច​ឬ​ក៏​ច្រើន ប៉ុន្តែ​វា​តែងតែមាន​ផលបូក ឬ​ក៏​គេ​ហៅ​ថា​វិជ្ជមាន​រហូត សម្រាប់​បងប្អូន​កម្មករ​យើង ចំពោះ​ខ្ញុំ ខ្ញុំ​មានការ​សាទរ​» ​។

គួរ​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​បាន​បើ​កិច្ចប្រជុំ​របស់​ខ្លួន​សរុប ២៣​លើក ដើម្បី​កំណត់​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ ឆ្នាំ​ ២០២៦ ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​បញ្ហា​ជាក់ស្តែង​កំពុង​កើត​មាន​ឡើង ភាគី​តំណាង​កម្មករនិយោជិត និង​និយោជក មិន​កំណត់​តួលេខ​ណាមួយ​ឡើយ ដោយ​ទុក​លទ្ធភាព​ជូន​រដ្ឋាភិបាល​ ។ ទីបំផុត សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បន្ថែម ២​ដុល្លារ​អាម៉េរិក លើ​តួលេខ ២០៨ ដុល្លារ​អាម៉េរិក ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត សម្រាប់​ឆ្នាំ​ ២០២៦ មាន​ចំនួន ២១០ ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ១ ខែមករា ឆ្នាំ​ ២០២៦ តទៅ ​៕ អត្ថបទសហការ