ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដើម្បី​ជំរុញ​ការ​រក​ការងារ​ធ្វើ ​ដល់​ពលករ​ខ្មែរ​ ដែលមក​ពី​ថៃ ក្រសួង​ការងារ ​បាន​ដំឡើង​ផ្ទាំងផ្សព្វផ្សាយរក​ការងារ​ធ្វើ​កាត់​ទទឹង​ផ្លូវ​ធំ​ៗ​ចំនួន ៧ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​យុទ្ធនាការ “​ខ្មែរ​ជួយ​រក​ការងារ…

រាជធានីភ្នំពេញ​ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​យុទ្ធនាការ “​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​” នៅ ៧​ទីតាំង ដើម្បី​សម្រួល​ដល់​ការ​រក​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ថៃ​ ។

ទីតាំង​ទាំង ៧ នោះ​រួម​មាន ផ្លូវជាតិ​លេខ ១ ខាង​មុខ​ភោជនីយដ្ឋាន​ប្រណិត​, ផ្លូវជាតិ​លេខ​២ ហួស​រូបសំណាក់​ស្ត្រី​បី​គួរ​ស្រូវ​, ផ្លូវជាតិ​លេខ​៤ នៅ​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្រុក​អង្គស្នួល​, ផ្លូវ​លេខ​២០១១ ផ្លូវ​ឧកញ៉ា ទ្រី ហេង ខាង​មុខ​ផ្សារ​ទំនើប ឡាក់​គី ឈូក​មាស​, ផ្លូវជាតិ​លេខ​៥ ខាង​មុខ​វត្ត​ទេព​ប្រណំ ជិត​ដល់​ចំណុច​ប្រសប់​ផ្លូវ​៥១, ផ្លូវជាតិ​លេខ​៥ ខេត្តពោធិ៍សាត់ ជិត​ដល់​ផ្លូវបំបែក​រូបសំណាក់​ផ្តិល និង​ផ្លូវជាតិ​លេខ​៦ ជិត​វត្ត​គៀន​ឃ្លាំង​ ។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ការ​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ទាំងនេះ គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ​ជា​សេនាធិការ និង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ថៃ​ក្នុង​ការ​រក​ការងារ​ធ្វើ ឬ​សិក្សា​ជំនាញ​បន្ថែម ​។

អ្នកនាំពាក្យ​រូប​នេះ គូសបញ្ជាក់​ថា​៖ “​ការ​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ការ​រក​ការងារ​ធ្វើ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​នោះ​ទេ តែ​វា​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​ធ្វើការ ឬ​ចុះ​ឈ្មោះ​រៀន​ជំនាញ ដោយ​គ្រាន់តែ​ស្កេ​ន​កូដ QR នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ទាំងនោះ ដើម្បី​ចុះ​ឈ្មោះ​ជា​ការ​ស្រេច​”​ ។

បន្ថែម​ពី​នេះ លោក ស៊ុន មេ​សា ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ចង់រក​ការងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧ ឬ​ស្កេ​ន​កូដ QR រក​ការងារ ដែល​អាច​រកបាន​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ក្រសួង​ការងារ និង NEA ដើម្បី​ចុះ​ឈ្មោះ​ចូល​ធ្វើការ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ជួយ​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​បាន​ដាក់​ចេញ​យុទ្ធនាការ​ជា​ច្រើន​ដូច​ជា ការ​ដាក់​មណ្ឌល​សំចត ឬ​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​និង​ថៃ​ចំនួន ៦​កន្លែង ការ​ធ្វើ​វេទិកា​ការងារ​តាម​ភូមិ​ស្រុក​ដោយ​នាំ​យក​រោងចក្រ​សហគ្រាស​ទៅ​ជាមួយ ការ​ធ្វើ​វេទិកា​ការងារ​ជា​ប្រចាំ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​ទីស្នាក់ការ​ប​.​ស​.​ស​.​ទូ​ទាំង​ប្រទេស និង​ការ​សម្របសម្រួល​ជាមួយ​រោងចក្រ​សហគ្រាស​សម្រាប់​ការ​ចូល​បំពេញការងារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។ បន្ថែម​ពី​នេះ ក្រសួង​ការងារ​បាន​រៀបចំ​ប្រព័ន្ធ hotline ១២៩៧ សម្រាប់​សម្រួល​ដល់​ការ​ស្វែងរក​ការងារ​ធ្វើ​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​ ៕ អត្ថបទសហការ