ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគមន៍​ខ្មែរ​រស់នៅ​ ប្រទេស​ជប៉ុន​ ប្រមាណ ១ ០០០​នាក់ រៀបចំ​កម្មវិធី​កាន់បិណ្ឌ​ឧទ្ទិស​កុសល​ជូន​ដល់​វីរ​កងទ័ព​ខ្មែរ

2 ថ្ងៃ មុន

ប្រទេស​ជប៉ុន​ ៖ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​បងប្អូន​សហគមន៍​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន បាន​សហការ​រៀបចំ​កម្មវិធី​កាន់បិណ្ឌ​វេន​ទី​៧…

ប្រទេស​ជប៉ុន​ ៖ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​បងប្អូន​សហគមន៍​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន បាន​សហការ​រៀបចំ​កម្មវិធី​កាន់បិណ្ឌ​វេន​ទី​៧ ចំនួន ៤​ទីតាំង​នៅ​ប្រទេស​ជប៉ុន រួម​មាននៅ​ខេត្ត​ស៊ី​ហ្គា ខេត្ត​ហ្វូ​គូ​អូ​កា ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ខេត្ត​កា​ណា​ហ្គា​វ៉ា ដោយ​មានការ​ចូលរួម​ពី​បងប្អូន​សហគមន៍ និស្សិត និង​ពលករ​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ប្រមាណ​ជិត ១ ០០០​នាក់​ ។

កម្មវិធី​នេះ​មាន​រៀបចំ​ពិធីសូត្រមន្ត ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​លាចាក​លោក​នេះ ទៅ​កាន់​លោក​ខាង​មុខ និង​កម្មវិធី​អាហារ​សាមគ្គី​ប្រកបដោយ​បរិយាកាស​កក់ក្តៅ និង​សប្បាយ​រីករាយ​បំផុត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ នៅ​ទីតាំង​ទាំង ៤ ក៏​មាន​រៀបចំ​កម្មវិធី​ឧទ្ទិស​កុសល​ជូន​ដល់ វីរ​កងទ័ព​ខ្មែរ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ បូរណភាព​ទឹកដី​ខ្មែរ ក្នុង​អំឡុង​ការ​ប៉ះទង្គិច​រវាង​កម្ពុជា​និង​ថៃ​ផង​ដែរ​ ។

ក្រៅពី​ទីតាំង​ទាំង ៤​ខាងលើ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុមការងារ ESEA ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​បងប្អូន​សហគមន៍​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន គ្រោង​រៀបចំ​កម្មវិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ចំនួន ៣​ទីតាំង​បន្ថែម​ទៀត ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្រៅប្រទេស ដោយ​តែងតែ​រៀបចំ​ឱ្យ​មានកម្ម​វិធី​ជួបជុំ និង​កម្មវិធី​ប្រពៃណី​ផ្សេង​ៗ​សម្រាប់​បងប្អូន ដែល​រស់នៅ​ក្រៅប្រទេស អាច​ចូលរួម​សប្បាយ​រីករាយ​ដូច​នៅ​ក្នុង​ប្រទេស​ដែរ​។ ការ​ចូលរួម​ដ៏​ច្រើន​កុះករ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ជនជាតិ​ខ្មែរ​ទៅ​ដល់​ទីណា​ក៏​នៅ​តែ​ជា​ខ្មែរ ទោះជា​យ៉ាងណា​ក្ដី ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី វប្បធម៌​ដើម​កំណើត​របស់​ខ្លួន​ឡើយ​ ៕ អត្ថបទសហការ