រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នារសៀលថ្ងៃទី៥ ខែតុលានេះបានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងបំភ្លៃខុសពីការពិត លើការតវ៉ារបស់បងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយបំភ្លៃ ខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់ បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែង ការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ គឺជាការចោទប្រកាន់ ដោយអគតិ គ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ដែលនេះបានបង្ហាញយ៉ាងច្បាស់ ពីចេតនារញុះញង់និងរុញឱ្យបងប្អូនកម្មករធ្វើខុសច្បាប់ ព្រំទាំងបំផ្លាញទំនាក់ទំនងល្អ រវាងថៅកែរោងចក្រនិងកម្មករ» ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការពិតនៃបញ្ហារបស់បងប្អូននៅ ក្រុមហ៊ុន តារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ គឺពួកគាត់បានចូលធ្វើការជាធម្មតាវិញតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីភាគីទាំងពីរ បានឈានដល់ការព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ លឿនរហ័ស ទាន់ពេលវេលា របស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក ក្រោយការតវ៉ានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។
បើតាម លោក ស៊ុន មេសា ការបំភ្លៃខុសពីការពិតពីសំណាក់ក្រុមប្រឆាំងក្រៅស្រុក មិនមែនទើបតែធ្វើពេលនេះទេ ពោលគឺ ជារឿយៗ ពួកនេះតែងតែចិញ្ចឹមចិត្ត ប៉ុនប៉ងស៊កសៀតចាក់រុកបង្កបញ្ហា បង្កើតភាពវឹកវរ ការបែកបាក់សង្គម នៅពេលមានហេតុការណ៍ណាមួយកើតឡើង ហើយការបំភ្លៃនោះទៀតសោត គឺពួកគេមានបំណង ដើម្បីបំផ្លាញភាពជឿជាក់របស់ប្រជាជនលើរាជរដ្ឋាភិបាល កេងចំណេញផលប្រយោជន៍នយោបាយ ដើម្បីប្រយោជន៍ក្រុមខ្លួន និងបក្ខពួកប៉ុណ្ណោះ មិនមែនជាការផ្តល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋនោះទេ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ