ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ ប្រកាស​ផ្ដល់​អាហារូបករណ៍ដល់​សិស្សានុសិស្ស​ទើប​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុងស្រុក​កំពង់សៀម​ ឱ្យ​សិក្សា​នៅ​តាមគ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ទាំងអស់​ក្នុងស្រុក​កំពង់សៀម​ដែល​ទើបបាន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២៤–២០២៥…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ទាំងអស់​ក្នុងស្រុក​កំពង់សៀម​ដែល​ទើបបាន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២៤–២០២៥ ឱ្យ​សិក្សា​នៅ​ក្នុង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី ​១ ខែតុលា ឆ្នាំ​ ២០២៥ នៅ​ខណៈ​ពេល​ដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចូលរួម​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ក្នុងស្រុក​កំពង់សៀម ដែល​បាន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ។ ពិធី​សំណេះសំណាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​រដ្ឋបាល​ខេត្តកំពង់ចាម ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​, នាយក នាយិកា​សាលា និង​លោកគ្រូ អ្នកគ្រូ សរុប​ជិត ១ ០០០​នាក់​ ។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្ដម ហេង សួរ បាន​ចូលរួម​អបអរសាទរ​ដល់​ជ័យ​លា​ភី​ទាំងអស់ ហើយ​បាន​បញ្ជាក់​ថា លទ្ធផល​ប្រឡង​បាក់​ឌុ​ប​នៅ​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម វិ​វត្ត​កាន់តែ​ប្រសើរ​ជា​បន្ដបន្ទាប់ ដោយ​កើនឡើង​ពី ៦៥ ភាគរយ ក្នុង​ឆ្នាំ​២០២១ ដល់ ៨១ ភាគរយ ក្នុង​ឆ្នាំ​ ២០២៥ ដែល​នេះ​មាន​ន័យ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ ការ​ប្រឡង​បាក់​ឌុ​បទ​ទួល​បាន​លទ្ធផល​ល្អ​កើនឡើង ១៦​ភាគរយ​ ។

ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ ២០២៥​នេះ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​សាកលវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​នានា​បាន​ផ្ដល់​អាហារូបករណ៍​ជា​ច្រើន​ពាន់​កន្លែង​សម្រាប់​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុ​ប​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ប្រកាស​ថា ចំពោះ​សិស្សានុសិស្ស​ក្នុងស្រុក​កំពង់សៀម ដែល​មិន​ទទួល​បាន​អាហារូបករណ៍​ទាំងនោះ ឯកឧត្តម​នឹង​ផ្ដល់​អាហារូបករណ៍​ជូន​ពួក​គេ​គ្រប់​ៗ​គ្នា ដើម្បី​បន្ត​ការ​សិក្សា​នៅ​ក្នុង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង ទោះបីជា​ពួក​គេ​ប្រឡង​ជាប់ ឬ​ធ្លាក់​ក៏​ដោយ​។

សូម​បញ្ជាក់​ថា នៅ​ស្រុក​កំពង់សៀម មាន​សិស្សានុសិស្ស​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ចំនួន ៤៨៥​នាក់ ដែល​ស្មើនឹង​៨០.៩៧​ភាគរយ នៃ​ចំនួន​សិស្សានុសិស្ស​មានឈ្មោះ​ប្រឡង​នៅ​ក្នុងស្រុក​កំពង់សៀម​ទាំងអស់​។ ក្នុង​នោះ សិស្សានុសិស្ស​ប្រឡង​បាន​និទ្ទេស A ចំនួន ៩​នាក់ និទ្ទេស B ចំនួន ៥០​នាក់​, និទ្ទេស C ចំនួន ១១៣​នាក់​, និទ្ទេស D ចំនួន ១៨១​នាក់ និង​និទ្ទេស E ចំនួន ១៣២​នាក់​ ៕ អត្ថបទសហការ