ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួងការងារ ការ​តវ៉ា​នៅ​ក្រុមហ៊ុន​បូ​វ​ឃើ​រ បាន​ឈានដល់​ការ​សះជា​ចប់​សព្វគ្រប់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​តវ៉ា​នៅ​ក្រុមហ៊ុន​បូ​វ​ឃើ​រ បាន​ឈាន​ដល់​ការ​សះជា​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី ​១ ខែតុលា ឆ្នាំ ​២០២៥…

រាជធានីភ្នំពេញ​ ៖ ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​តវ៉ា​នៅ​ក្រុមហ៊ុន​បូ​វ​ឃើ​រ បាន​ឈាន​ដល់​ការ​សះជា​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី ​១ ខែតុលា ឆ្នាំ ​២០២៥ ​នេះ​ដោយ​ភាគី​កម្មករ​ចំនួន ៦៨​នាក់ បាន​យល់ព្រម​ទទួល​សំណង​ចំនួន ៤ ​ចំណុច​ដើម្បី​បញ្ចប់​កិច្ចសន្យាការងារ កម្មករនិយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣​នាក់​ចូល​ធ្វើការ​វិញ​នៅ​ផ្នែក​ប៉ាក់​ដដែល ហើយ​កម្មករ ២​នាក់​លំហែ​មាតុភាព ខណៈ​ដែល​កម្មករ​ចំនួន ២​នាក់​ទៀត​អវត្តមាន​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ​៖ “​នេះ​ជា​លទ្ធផល​សះជា​ដែល​គូភាគី​ទាំង​ពីរ​បាន​យោគយល់​គ្នា​ឈរ​លើ​ជំហរ​ឈ្នះ​ៗ​ទាំង​សងខាង​ក្រោម​ការ​ចុះ​អន្តរាគមន៍​របស់​ក្រសួង​ការងារ​យ៉ាង​លឿន​រហ័ស និង​យកចិត្តទុកដាក់​បំផុត​ពី​ក្រសួង​ក្នុង​នាម​ជា​អាណាព្យាបាល​សម្របសម្រួល​ដោយ​ឈរ​លើ​ប្រយោជន៍​រួម​ទាំងអស់​គ្នា​” ​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា តាម​រយៈ​ដំណោះស្រាយ​ជា​បន្តបន្ទាប់​របស់​ក្រសួង​ដែល​លឿន​រហ័ស​ដូច​ក្នុង​ករណី​នេះ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល អាណត្តិ​ទី​ ៧ មិន​ដែល​បណ្ដែតបណ្ដោយ ព្រងើយកន្តើយ​ចំពោះ​បញ្ហា​របស់​បងប្អូន​កម្មករ​កម្មការិនី ក៏​ដូច​ជា​និយោជក​នោះ​ឡើយ ​។

សូម​បញ្ជាក់​ថា បងប្អូន​កម្មករ​ចំនួន ​៧៥​នាក់ កាលពី​ថ្ងៃ​ទី​ ២៨ ខែកញ្ញា បាន​ចេញ​ឈរ​នៅ​ខាង​មុខ​ក្រុមហ៊ុន​តវ៉ា​មិន​សុខចិត្ត​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​កម្មករ​ចំនួន ៧៥​នាក់​នេះ​ពី​ផ្នែក​ប៉ាក់​មក​ផ្នែក​ដេរ​វិញ​ដោយសារ​ផ្នែក​ប៉ាក់​មិន​មានការ​ងារ​ច្រើន​ដូច​មុន ​។ ដើម្បី​សម្របសម្រួល​លើ​បញ្ហា​នេះ ឯកឧត្តម ទុ​យ ស៊ី​ផា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​កម្រិត​ខ្ពស់​របស់​ក្រសួង ដោយ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះស្រាយ និង​សម្របសម្រួល​បញ្ចប់​បញ្ហា​នេះ​ចប់​សព្វគ្រប់​កាលពី​ថ្ងៃ​ទី​ ១ ខែតុលា ឆ្នាំ ​២០២៥ ​។

ជាមួយនឹង​ករណី​សះ​លើក​នេះ និង​ករណី​ផ្សេង​ៗ​ទៀត​ជា​បន្តបន្ទាប់​លើ​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ​ក្នុង​នាម​ជា​អាណាព្យាបាល​សម្រាប់​វិស័យ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ​កម្មការិនី និង​សាធារណជន​ទាំងអស់​សូម​បន្ត​ជឿជាក់ និង​ទុកចិត្ត​មក​លើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ដែល​បាន ​និង​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​ ចំពោះ​សុខទុក្ខ​របស់​បងប្អូន ​៕ អត្ថបទសហការ