ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា និង ADB បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​លើ​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​កសិផល និង​ឧស្សាហកម្ម​យានយន្ត​អគ្គិសនី ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព

18 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី ការ​ត្រៀមកម្លាំង​ពលកម្ម​កម្ពុជា​សម្រាប់​អន្តរកាល​បៃតង​ ៖ ជំនាញ​សម្រាប់​ឧស្សាហកម្ម​យានយន្ត​អគ្គិសនី និង​កែ​ច្នៃ​កសិផល​ដែល​កំពុង​មាន​សក្តានុពល នា​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែសីហា ឆ្នាំ ​២០២៦ នៅ​សណ្ឋាគារ Rosewood Phnom Penh​ ។ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​លើ​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​កសិផល និង​ឧស្សាហកម្ម​យានយន្ត​អគ្គិសនី​ដែល​ជា​វិស័យ​អាទិភាព​សម្រាប់​អនាគត​នៅ​កម្ពុជា ព្រមទាំង​ប្រមូល​ធាតុ​ចូល​ក្នុង​ទិស​ដៅ​រៀបចំ​កម្លាំង​ពលកម្ម​កម្ពុជា​ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​ឧស្សាហកម្ម និង​ទីផ្សារ​ការងារ​សម្រាប់​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​ ។

ថ្លែង​ទៅ​កាន់​អង្គ​សិក្ខាសាលា​ដែល​មានការ​ចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល អ្នកដឹកនាំ​ក្នុង​វិស័យ​ឧស្សាហកម្ម គ្រឹះស្ថាន​បណ្តុះបណ្តាល ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​អនុវត្ត​ការ​សិក្សា​ដ៏​សំខាន់​នេះ និង​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ហើយ​ការ​រៀបចំ​សិក្ខាសាលា​នេះ​គឺ​ពិតជា​ចំ​ពេលវេលា ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​កសាង​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​បត់បែន មាន​សមត្ថភាព និង​ត្រៀមខ្លួន​សម្រាប់​អនាគត ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​កែ​ច្នៃ​កសិផល​កម្រិត​ខ្ពស់ និង​វិស័យ​យានយន្ត​អគ្គិសនី ​។ លើស​ពី​នេះ គំនិត​ផ្តួចផ្តើម​នេះ​ក៏​ស៊ីចង្វាក់​ជាមួយ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ជាតិ ខណៈ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​កំពុង​កើនឡើង​ដែល​បញ្ជាក់​ពី​តម្រូវការ​បន្ទាន់​ក្នុង​ការ​បំពាក់​កម្លាំង​ពលកម្ម​នូវ​ជំនាញ​បច្ចេកទេស​កម្រិត​ខ្ពស់ ដើម្បី​គាំទ្រ ផ្តល់​សេវា និង​ធានា​និរន្តរភាព​ដល់ទី​ផ្សារ​ដែល​កំពុង​ផ្លាស់​ប្តូរ ​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ ​២០៥០ កម្ពុជា​មិន​អាច​ពឹងផ្អែក​តែ​លើ​កត្តា​ជំរុញ​កំណើន​បែប​ប្រពៃណី​នេះ​ទេ គឺ​ត្រូវធ្វើ​ពិពិធ​កម្ម ទំនើប​កម្ម និង​ឈាន​ឡើង​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​សកល​ ។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ថាមពលបៃតង កម្ពុជា​ក៏​កំពុង​ដឹកនាំ​បដិវត្តន៍​ឧស្សាហកម្ម​កសិកម្ម​ដ៏​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។ ដូចដែល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​កសាង​សមត្ថភាព​កែ​ច្នៃ​ក្នុងស្រុក​ដ៏​រឹង​មាំ មិនមែន​គ្រាន់តែ​ជា​គោលដៅ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​យុទ្ធសាស្ត្រ​មួយ​។ នេះ​គឺជា​ស្ពាន​ភ្ជាប់​មរតក​កសិកម្ម​ទៅ​នឹង​សមត្ថភាព​ឧស្សាហកម្ម​ទំនើប ដោយ​ផ្តល់​អំណាច​ដល់​សហគ្រិន​ក្នុងស្រុក និង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំ​ចេញ​ទំនិញ​មាន​តម្លៃបន្ថែម​ខ្ពស់​ដែល​ពិភពលោក​អាច​ទុកចិត្ត​បាន ​។

ឯកឧត្តម​គូសបញ្ជាក់​ថា ការ​ប្រែក្លាយ​យុវជន​ទៅ​ជា​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់ និង​ត្រៀមខ្លួន​សម្រាប់​អនាគត ជា​ពិសេស​ក្នុង​វិស័យ​យានយន្ត​អគ្គិសនី និង​វិស័យ​កែ​ច្នៃ​កសិផល ជា​អាទិភាព​ដ៏​សំខាន់​បំផុត​សម្រាប់​ចក្ខុវិស័យ​សេដ្ឋកិច្ចជាតិ​ ។ ហេតុនេះ កម្ពុជា​កំពុង​ព​ន្លឿ​ន​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ TVET បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្ម និង​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា ដើម្បី​ជួយ​បិទ​គម្លាត​រវាង​ការ​អប់រំ និង​ការងារ ពង្រឹងគុណភាព​ស្ថាប័ន TVET និង​ផ្តល់​ជំនាញ​ត្រៀម​សម្រាប់​អនាគត​ដល់​យុវជន​ ។

ឯកឧត្តម​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​កិច្ចសហការ​រវាង​រដ្ឋាភិបាល ស្ថាប័ន TVET និង​វិស័យ​ឯកជន កម្ពុជា​អាច​កសាង​ប្រព័ន្ធ TVET ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្លាំង​ពលកម្ម និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព អព្យាក្រឹត​កាបូន និង​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០​ ។ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​អង្គ​សិក្ខាសាលា​ពិភាក្សា​ប្រកបដោយ​ស្ថាបនា និង​ផុសផុល​លើ​ប្រធានបទ​នេះ ដើម្បី​បំប្លែង​អនុសាសន៍​យុទ្ធសាស្ត្រ​ទាំងនេះ​ទៅ​ជា​លទ្ធផល​ជាក់ស្តែង និង​អាច​អនុវត្ត​បាន​ ។

នា​ឱកាស​នោះ លោកស្រី យ៉ា​ស្មី​ន ស៊ី​ឌី​គី (Yasmin Siddiqi) នាយិកា ADB ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា វិស័យ​យានយន្ត និង​វិស័យ​កែ​ច្នៃ​កសិផល​ផ្តល់​ឱកាស​ដ៏​សំខាន់​ដល់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ផលិត​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ប៉ុន្តែ​ការ​សម្រេច​បាន​នូវ​គោលដៅ​នេះ តម្រូវ​ឱ្យ​ពង្រឹង​ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស ឌី​ជី​ថ​ល ស្តង់ដា​គុណភាព ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការ​អនុវត្ត​ផលិតកម្ម​ប្រកបដោយ​ចីរភាព​ ។ លោកស្រី​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ADB ក្នុង​ការ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ជំនាញ និង​ការ​បំពាក់បំប៉ន​កម្លាំង​ពលកម្ម​នូវ​ជំនាញ​ចាំបាច់​នានា សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង ភាព​ប្រកួតប្រជែង និង​មាន​ភាព​ធន់​ជាង​មុន​ ៕ អត្ថបទសហការ